ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ បានអញ្ជើញចូលរួមជា អធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការប្រមូលធាតុចូលសម្រាប់កែលម្អបញ្ជីសំណួរអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥……..

សូមគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី មេត្តាជ្រាបថា:
នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥
ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ បានអញ្ជើញចូលរួមជា អធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការប្រមូលធាតុចូលសម្រាប់កែលម្អបញ្ជីសំណួរអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥” នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានគោលបំណងដើម្បីពិភាក្សាផ្តល់យោបល់ និងធាតុចូល សម្រាប់កែលម្អបញ្ជីសំណួរអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ក្នុងការប្រមូលពត៌មានអោយបានគ្រប់ជ្រុងជ្រោយ ពេញលេញក្នុងការរៀបចំគោលនយោបាយជាតិស្តីពីទេសន្តប្រវេសន៍ការងារសម្រាប់កម្ពុជា គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ និងច្បាប់ស្តីពីប្រាក់ឈ្នួល របស់ក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ពិសេសជាងនេះទៅទៀត ឆ្លើយតបទៅនឹងបម្រែបម្រួលនៃបរិការណ៍សេដ្ឋកិច្ចសង្គមបច្ចុប្បន្ន។
នាឱកាសនោះ ឯកឧត្តម រិន វីរៈ បានជម្រាបជូនអង្គសិក្ខាសាលាថា អង្កេតកម្លាំងពលកម្មកម្ពុជា បានចាប់ផ្តើមអនុវត្ដលើកទី១ នៅក្នុងឆ្នាំ ២០០០ លើកទី ២ ក្នុងឆ្នាំ២០០១ លើកទី៣ ក្នុងឆ្នាំ២០១២ លើកទី ៤ ក្នុងឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២៥នេះ គឺជាអង្កេតលើកទី៥ ហើយវិទ្យាស្ថានជាតិស្ថិតិនឹងអនុវត្តអង្កេតដ៏មានសារសំខាន់នេះជារៀងរាល់ឆ្នាំបន្តបន្ទាប់ទៀត ដោយយោងទៅតាមច្បាប់ស្តីពីស្ថិតិ អនុក្រឹតស្ថិតិផ្លូវការដែលបានចាត់តាំង និងផែនការយុទ្ធសាស្រ្តជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិរបស់វិទ្យស្ថានជាតិស្ថិតិ ។ កម្ពុជាបានអាក់ខានធ្វើអង្កេតនេះ ចាប់ពីឆ្នាំ ២០២០ រហូតមកដល់ឆ្នាំ២០២៤ ដោយមូលហេតុពុំមានថវិកាគ្រប់គ្រាន់សម្រាប់ការធ្វើអង្កេតនេះ រួមផ្សំនឹងការផ្ទុះឡើងនៃការរាតត្បាតជំងឺកូវីដ១៩ ផង។
ឯកឧត្តម បានជម្រាបជូនបន្ថែមទៀតថា អង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥ នឹងផ្ដល់នូវទិន្នន័យស្ថិតិសូចនាករចម្បងៗមួយចំនួន អំពីស្ថានភាពមានការងារធ្វើ គ្មានការងារធ្វើ ទេសន្តរប្រវេសន៍ និងជំនាញដែលស្ថិតក្នុងកម្លាំងពលកម្មរបស់ប្រជាជនកម្ពុជា និងគ្របដណ្ដប់ការងារទៅលើវិស័យជាច្រើនមានដូចជាវិស័យអប់រំនិងជំនាញ វិស័យសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ សេវាកម្ម កមន្តសាល ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។ លើសពីនេះ លទ្ធផលទទួលបានពីការធ្វើអង្កេតនេះ គឺជាទិន្នន័យស្ថិតិសម្រាប់វាស់វែងដើម្បីតាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១(PS1) ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពកម្ពុជា និងសកល (CSDGs, SDGs) ។
បន្ថែមលើនេះ ឯកឧត្តមបានមានប្រសាសន៍ថា សេចក្តីព្រាងលើកទី១ នៃបញ្ជីសំណួរអង្កតដែលកំពុងដាក់ជូនពិភាក្សាក្នុងសិក្ខាសាលាថ្ងៃនេះ គឺត្រូវបានធ្វើបច្ចុប្បន្នភាពចេញពីបញ្ជីសំណួរអង្កេតកាលពីឆ្នាំ២០១៩ និងស្របទៅតាមស្តង់ដារចុងក្រោយបំផុត និងការបញ្ចប់ការប្រើប្រាស់សំណួរជាក្រដាស (PAPI) ឱ្យទៅជាការប្រើប្រាស់កម្រងសំណួរជាទម្រង់ឌីជីថល (CAPI) ជាមួយ Survey Solutions ឱ្យស្របទៅតាមការធ្វើបរិវត្តកម្មនៃសម័យកាលឌីជីថល។
ឆ្លងតាមកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា អង្គសិក្ខាសាលាទាំងអស់ នឹងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា និងផ្តល់ធាតុបន្ថែមដើម្បីកែលម្អរ លើតារាងសំណួរអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥ អាចឆ្លុះបញ្ជាំងបានគ្រប់ទិដ្ឋភាពសេដ្ឋកិច្ចនិងសង្គម និងគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យអង្កេតនេះទទួលបានលទ្ធផល្អ មានគុណភាព និងមានបរិយាបន្ន ជាពិសេសអាចឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់។

Leave a Reply

Your email address will not be published. Required fields are marked *