​កិច្ចប្រជុំ​ពិនិត្យ​ត្រៀម​រៀបចំ​ប្រារព្ធ​ពី​ធី​ប្រកាស​ជ័យលាភី បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល សម្រាប់​ខេត្ត​ព្រះសីហនុ​

​នា​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ត្រៀម​រៀបចំ​ប្រារព្ធ​ពី​ធី​ប្រកាស​ជ័យលាភី បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ODF ដោយ​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង ស្រុក និង​ប្រធាន​មន្ទីរ អង្គភាព​ពាកព័ន្ធ​។​

​លោក ប្រាក់ សុវណ្ណ ប្រធាន​មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​របាយការណ៍​សង្ខេប ស្តីពី​លទ្ធផល​ផ្ទៀងផ្ទាត់​ស្ថានភាព នៃ​ការបញ្ចប់​បន្ទោបង់​ពាសវាល​ពាសកាល ODF ពី​ក្រុម​ការងារ​បច្ចេកទេសរ​បស់​ក្រសួង ដែល​បាន​ចុះមក​ធ្វើ​ការអង្កេត​ជាក់ស្តែង នៅ​លើ​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក​ទាំង​៥ នៃ​ខេត្ត​ព្រះសីហនុ ដែល​បាន​ប្រើប្រាស់​បង្គន់​អនាម័យ និង​តាម​ទីសាធារណៈ និង​មន្ទីរ អង្គភាព​ក្នុង​ខេត្ត​ព្រះសីហនុ​។ ដោយ​ក្រុម​ការងារ​បច្ចេកទេស​បាន​ពិនិត្យឃើញថា ខេត្ត​ព្រះសីហនុ មិន​មាន​ការ​បន្ទោបង់​ពាសវាល​ពាសកាល ODF និង​ត្រៀម​រៀបចំ​ប្រគល់ពាន ជា​ខេត្ត​ទទួលពាន ODF នៅពេល​ខាងមុខ ហើយ​ការទទួលបាន​នៅពេល​ខាងមុខ​នេះ គឺជា​ការយកចិត្តទុកដាក់​ពី ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ ដែល​មាន​ទស្សនៈវិស័យ​ខ្ពស់ អំពី​សេវា​អនាម័យ និង​ផ្គត់ផ្គង់​ទឹកស្អាត ពិសេស​ដោយ​មាន​ការដឹក​នាំ​យ៉ាង​ស្វាហាប់ ចាត់តាំង​ច្បាស់លាស់ និង​បញ្ចុះបញ្ចូល​វិនិយោគគិន ចូលរួម​វិនិយោគ​លើ​វិស័យ​អនាម័យ​សាធារណៈ​តាម​តំបន់ឆ្នេរ​កម្សាន្តរ​បស់​ខេត្ត​ផងដែរ​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​មន្ទីរ​អភិវឌ្ឍ​ជនបទ ដែល​បាន​ផ្សព្វផ្សាយ និង​ជម្រុញ​អនាម័យ សុខភាព​នៅ​តាម​ជនបទ​ដែល​ទទួលបាន​លទ្ធផល​ល្អ​ដើម្បី ឈាន​ទទួលបាន​ពាន​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ODF សម្រាប់​ខេត្ត​ព្រះសីហនុ ហើយ​កម្មវិធី​រៀបចំ​ពិធី​បិទ​បញ្ចប់ និង​ការទទួលពាន ODF យើង​គ្រោង​រៀបចំ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៤​ខាងមុខ​។ ដូច្នេះ​គ្រប់​ក្រុង ស្រុក មន្ទីរ អង្គភាព​ចូលរួម​សហការ​បង្ហាញ​ថា ខេត្ត​ព្រះសីហនុ​ទទួលបាន​ជ័យលាភី​ពាន ODF ជា​ខេត្ត​មិន​មាន​ការ​បន្ទោបង់​ពាសវាល​ពាសកាល យើង​ត្រូវ​រៀបចំ​ផែនការ បែងចែក​មន្ទីរ អង្គភាព ដើម្បី​ឱ្យ​ការរៀបចំ​កម្មវិធី​ប្រកាស ដើម្បី​ផលប្រយោជន៍​សុខភាព​សាធារណៈ និង​បន្ត​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​លើកទឹកចិត្ត​ដល់​អ្នក​ចូលរួម​អនុវត្ត ODF ឱ្យ​កាន់តែ​ប្រសើរឡើង ស្តីពី​សុខភាព​សាធារណៈ​នៅ​ខេត្ត​ព្រះសីហនុ ប្រជាពលរដ្ឋ​ម្នាក់ៗ​ត្រូវធ្វើ​ជា​ភ្នែក​ច្រមុះ ក្នុង​ស្មារតី​រួម​ចូល​រួមការ​បន្ទោបង់​ពាសវាល​ពាសកាល​នៅតាម​ទីសាធារណ ដើម្បី​ឈាន​ទៅ​កម្ពុជា ទទួលបាន ODF នៅតាម​បណ្តា​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​របស់​យើង​កាន់តែ​ល្អ​ទាំងអស់​គ្នា​នៅពេល​ខាងមុខ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *