សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ចូលរួម​សំណេះសំណាល​ជាមួយ​សិល្បករ សិល្បការិនី ក្នុង​ពិធី “​អ្នក​ស្នង​មរតក​” ក្រោម​ទិស​ស្លោក “​រក្សា​ចាស់ បង្កើត និង​អភិវឌ្ឍន៍​ថ្មី​” ដែល​រៀបចំ​ដោយ សមាគម​សិល្បករ​ខ្មែរ​

​រាជធានី​ភ្នំពេញ ៖ ល្ងាច​ថ្ងៃ​សុក្រ ទី​៣១ ឧសភា ២០២៤ ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិល្បករ សិល្បការិនី ក្នុង​ពិធី “​អ្នក​ស្នង​មរតក​” ក្រោម​ទិស​ស្លោក “​រក្សា​ចាស់ បង្កើត និង​អភិវឌ្ឍន៍​ថ្មី​” ដែល​រៀបចំ​ដោយ សមាគម​សិល្បករ​ខ្មែរ​។​

«​អ្នក​ស្នង​មរតក​» គឺ​ជា​កម្មវិធី​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​រំលឹក​ដល់​គុណូបការៈ និង​គឺជា​ការចងចាំ និង​ដឹង​គុណ​ដល់​គ្រប់​ស្ថាបនិក​សមាគម និង​សិល្បករ​រៀមច្បង​គ្រប់​ជំនាន់ ហើយក៏​ជា​សក្ខីភាព​នៃ​ការចាប់ផ្តើម​នូវ​ការកសាង​ធនធាន​សិល្បករ​ជំនាន់​ថ្មី ពី​ព្រឹទ្ធ​សិល្បករ​ដែលជា​រៀមច្បង ក្នុង​ក្តី​រំពឹងថា សិល្បៈ​វប្បធម៌​ខ្មែរ នឹង​បន្ត​អត្ថិភាព​ជានិច្ច​និរន្ត​ន៍​។​

​ប្រទេស​ជាតិ​កម្ពុជា បាន​ឆ្លងកាត់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ដែល​មិន​ត្រឹមតែ​មិន​មាន ឱកាស​កសាង​ធនធាន​សិល្បករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​បាន​បាត់បង់​សិល្បករ​ល្បីៗ អ្នកនិពន្ធ អ្នក​សម្ដែង និង អ្នកចម្រៀង ដែល​អ្នក​ទាំងនោះ​ត្រូវ​ផ្ទេរ​ចំណេះ ជំនាញ និង​ទេពកោសល្យ ដល់​សិល្បករ​ជំនាន់​ក្រោយ​។ កម្មវិធី​អ្នក​ស្នង មរតក​នេះ គឺជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការគិតគូរ ដោយ​ផ្តោត​លើ​ការរក្សា​ចាស់ បង្កើត​ថ្មី និង អភិវឌ្ឍន៍​ថ្មី​។​

​ព្រឹត្តិការណ៍​នេះ​ជា​ផ្នែក​មួយ​នៃ​ការបន្ត​គោលនយោបាយ សម្រាប់​កិច្ច​ការពារ ថែរក្សា និង​អភិវឌ្ឍន៍ វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ជា​ឱកាស​ថ្លែងអំណរគុណ​ពី​សំណាក់​រាជរដ្ឋាភិបាល ចំពោះ​មរតក​មនុស្ស​រស់ ព្រឹទ្ធាចារ្យ​សិល្បៈ វីរ​:​សិល្បករ សិល្បករ សិល្បការិនី​គ្រប់​ទម្រង់ ដែល​បាន​ចូល​រួមចំណែក​ការពារ និង​លើកស្ទួយ​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ ឱ្យបាន​រីកចម្រើន​គង់វង្ស​រហូត​មក​។​

​គ្រប់​សិល្បករ សិល្បការិនី​គ្រប់​ទម្រង់ គឺជា​ដែល​ផ្តល់​នូវ​គំរូ​នៃ​ការប្រតិបត្តិ​ប្រពៃណី ថែរក្សា​វប្បធម៌​ដ៏​ផូផង់ ជា​អ្នក​ផ្តល់​ការបណ្តុះបណ្តាល ផ្តល់​ខ្លឹ​សារ​អប់រំ ជួយ​ពង្រីក​សកម្មភាព​វិជ្ជមាន បង្កើន​ការយល់ដឹង ហើយ​រួមគ្នា​ក្នុងការ​ផ្សាយ​អំពី​កម្ពុជា​របស់​យើង​៕

Leave a Reply

Your email address will not be published. Required fields are marked *