​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្រេច​បង្កើត​មូលនិធិ​ផ្ទាល់ខ្លួន ដោយ​មាន​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជា​ប្រធាន ដើម្បី​អភិរក្ស ជំរុញ លើកទឹកចិត្ត និង​ផ្តល់​លទ្ធភាព​ឱ្យ​ទម្រង់​សិល្បៈ​ដែល​រង​ហា​នី​ភ័យ បាន​ឋិតថេរ​គង់វង្ស​យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​

នា​ល្ងាច​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អ្នក​ស្នង​មរតក ក្រោម​ពាក្យស្លោក «​រក្សា​ចាស់ បង្កើត និង អភិវឌ្ឍ​ថ្មី​» ដែល​រៀបចំឡើង ដោយ​សមាគម​សិល្បករ​ខ្មែរ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ​(CCIC) ក្នុង​គោលបំណង​ជួបជុំ រំលឹក​ដល់​គុណូបការៈ និង​ជា​ការបង្ហាញ​ពី​ការយកចិត្តទុកដាក់​ដល់​ព្រឹទ្ធាចារ្យ វីរ​សិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូន​សិល្បករ សិល្បការ​នី គ្រប់​ទម្រង់ ដើម្បី​បង្កើន​ចំណងមិត្តភាព សាមគ្គីភាព រួម​គ្នា​លើក​ស្ទួយ​វិស័យ​វប្បធម៌​សិល្បៈ​របស់​ជាតិ​យើង ។​

​មានប្រសាសន៍​នៅក្នុង​ពិធី​ដ៏​អធិកអធម​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា មូលដ្ឋាន​ដ៏​រឹងមាំ​នៃ​សុខសន្តិភាព គឺជា​កត្តា​ចម្បង​បំផុត ដែល​បាន​ផ្តល់​នូវ​ឱកាស​ឱ្យ​ប្រជាជន​ខ្មែរ​គ្រប់រូប អាច​រួមរស់​ប្រកប​ដោយ​កុសលធម៌ និង​សាមគ្គីធម៌ ក្នុង​ធ្លុង​ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ នៅលើ​ទឹកដី​មាតុភូមិ​អង្គរ​ដ៏​បវរ​ជាទី​ស្នេហា និង​ក្នុង​សេចក្តីសុខក្សេមក្សាន្ត ប្រកប​ដោយ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ដែល​ក្នុងនោះ សិល្បករ​ក៏បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការលើកកម្ពស់​សុ​ខ​ដុម​នីយកម្ម​សង្គម តាមរយៈ​សកម្មភាព​នៃ​ការចូលរួម​ថែរក្សា និង​ផ្សព្វផ្សាយ​អំពី​សិល្បៈ​វប្បធម៌ ដ៏​ល្អ​ផូរផង់​របស់​យើង ។ សិល្បករ​គ្រប់​ទម្រង់ មាន​តួនាទី​គន្លឹះ​ក្នុង​ការចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌ សិល្បៈ​ដ៏​ផូរផង់​បន្សល់ទុក​ពី​ដូនតា​យើង ព្រមទាំង​ការអភិវឌ្ឍ និង​ផ្សព្វផ្សាយ​មរតក​ដ៏​ថ្លៃថ្លា​នេះ ទៅ​លើ​ឆាក​អន្តរជាតិ ជាពិសេស ក្នុង​យុគសម័យ​ឧស្សាហកម្ម​ជំនាន់​ទី ៤ នេះ ។ ជាងនេះទៅទៀត សិល្បករ​ខ្មែរ​ដ៏​ច្រើន​រាប់មិនអស់ នៅ​គ្រប់​ជំនាន់ បាន​បូជា​កម្លាំងកាយ​ចិត្ត ស្មារតី ទេពកោសល្យ រហូត​ជីវិត​របស់​ខ្លួន ដើម្បី​ថែរក្សា​ការពារ​កេរ​មរតក​ដូនតា​គ្រប់ៗ​ទម្រង់ ដោយ​បាន​បំផុស​នូវ​គំនិត និង​ការច្នៃប្រឌិត​ថ្មីៗ តាមរយៈ​សិល្បៈ​វប្បធម៌​ខ្មែរ​បុរាណ និង​បែបបទ​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​ជាមួយ​ធម្មជាតិ ដែល​មាននៅ​តាម​ចម្លាក់​នានា ក្នុង​ប្រាង្គ​ប្រាសាទ​ខ្មែរ ក្បាច់ក្បូរ​រចនា​ផ្សេងៗ ដែល​ជា​លម្អ​នៃ​ការរស់នៅ​របស់​ប្រជាជន​យើង ឱ្យ​លេចធ្លោ​តាមរយៈ​ទម្រង់​របាំ​អប្សរា​ដ៏​ល្អឥតខ្ចោះ ដែល​សុទ្ធសឹងតែ​ជា​ខ្លឹមសារ​នៃ​វប្បធម៌​ខ្មែរ ឱ្យ​នៅ​ដិតដាម ជាប់​ជានិច្ច​ក្នុង​ស្មារតី និង​អារម្មណ៍​នៃ​ប្រជាជន​ខ្មែរ​គ្រប់ៗ​រូប ។ លើសពីនេះ សិល្បករ​ខ្មែរ តាមរយៈ ស្នាដៃ និង​ទេពកោសល្យ​របស់ខ្លួន បាន​ក្លាយ​ជា​ស្ពាន​នាំ​កម្ពុជា​ទៅកាន់​ពិភពលោក ដោយ​រួមទាំង​ការចែករំលែក​បទពិសោធ និង​ចំណេះដឹង នៃ​ប្រវត្តិសាស្ត្រ​ជាតិ​កម្ពុជា ទាំង​ការតស៊ូ ទាំង​ការឈឺចាប់ ហើយក៏​ជា​កាតាលីករ​នៃ​ការជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ការគោរព​គ្នា​ទៅវិញទៅមក ។

​សម្តេច​ធិបតី បាន​បន្តទៀតថា ទន្ទឹម​នឹង​បង្កើត​សមិទ្ធផល​ថ្មីៗ​ក្នុង​វិស័យ​សិល្បៈ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​វប្បធម៌​ជាតិ និង​អភិវឌ្ឍ​បន្ថែម​ទៀត​ស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន យើង​ក៏​ត្រូវ​ពិនិត្យមើល​លើ​ការអភិរក្ស​ទម្រង់​សិល្បៈ​ដែល​រង​ហា​នី​ភ័យ​ខ្ពស់​ផង​ដែរ ដូចជា ល្ខោននិយាយ ល្ខោន​ខោល ល្ខោនអាប៉េ ល្ខោន​ប្រមោល​ទ័យ ជាដើម ។​ល​។ ហើយ​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស​ទម្រង់​សិល្បៈ​ដែល​រង​ហា​នី​ភ័យ សម្តេច បាន​សម្រេច​បង្កើត​មូលនិធិ​ផ្ទាល់ខ្លួន ដោយ​មាន​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជា​ប្រធាន ដើម្បី​ជំរុញ លើកទឹកចិត្ត និង​ផ្តល់​លទ្ធភាព​ឱ្យ​ទម្រង់​សិល្បៈ​ទាំងនោះ​បាន​ឋិតថេរ​គង់វង្ស​យូរអង្វែង សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង ។

​ជា​ចុងក្រោយ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ចំពោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែល​បាន​ទទួល​ការបោះ​ឆ្នោត​គាំទ្រ ផ្តល់​សេចក្តីទុកចិត្ត​ជ្រើសរើស​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ សម្រាប់​អាណត្តិ​ទី ៦ ព្រមទាំង​អរគុណ​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​គ្រប់​អាណត្តិ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត វេលា និង​ធនធាន ក្នុង​ការដឹកនាំ​សមាគម នា​ពេល​កន្លង​ទៅ​ប្រកបដោយ​ជោគជ័យ និង​ភាពរឹងមាំ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *