រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន យុវជន​តបស្នង​គុណ​ឪពុកម្តាយ តាមរយៈ​ការចេះ​រក​លុយ​ជា​ជាង​សុំ​លុយ​ពី​ឪពុក​ម្តាយ​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា «​ក្នុងនាម​ជា​កូន​ម្នាក់ យើង​មិនគួរណា​សុំ​លុយ​ពី​ឪពុក​ម្តាយ​នោះទេ​» ក្នុង​ឃ្លា​ដែល​ជា​ន័យ​ប្រៀបធៀប​នេះ គឺ​ឯកឧត្តម​រដ្ឋមន្ត្រី​ចង់​បង្រៀន​ឱ្យ​យុវជន​ខ្មែរ ដែល​មាន​ចំណេះ ជំនាញ និង​សមត្ថភាព ចូលរួមចំណែក​ក្នុង​កិច្ច​ការពារ​បរិស្ថាន ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែល​ជា​បញ្ហា​សកល តាមរយៈ​ការរៀបចំ​ឱ្យ​មាន​គម្រោង​អភិវឌ្ឍន៍​នានា ដើម្បី​កៀរគរ​ថវិកា​ពី​អន្តរជាតិ មក​ជួយ​អភិវឌ្ឍ និង​លើកស្ទួយ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ជា​ជាង​នៅ​រង់ចាំ​តែ​សុំ​លុយ​រដ្ឋ​យក​ទៅ​ប្រើប្រាស់​។​

​ចំពោះ​ក្រសួង​បរិស្ថាន​វិញ នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គម្រោង​អភិវឌ្ឍ និង​គម្រោង​វិនិយោគ​ទាំងឡាយណា ដែល​ឆ្លើយតប​នឹង​បញ្ហា​បរិស្ថាន ហើយ​ជា​គម្រោង​ដែល​ច្នៃប្រឌិត​ចេញ​ពី​គំនិត​របស់​យុវជន​ខ្មែរ​។ ការ​ថ្លៃ​ង​ឡើង​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​បរិស្ថាន​នេះ គឺ​ធ្វើឡើង​នៅ​ចំពោះមុខ​សិស្ស​និស្សិត​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រមាណ​ជាង ២,០០០​នាក់ នៅក្នុង​ពិធី​ផ្តល់ បាឋកថា​ស្តីពី យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន នា​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើកយក​ឧទាហរណ៍​ជាក់ស្តែង ដែល​យុវជន​ខ្មែរ​មួយ​ក្រុម​ជា​សិស្ស​និស្សិត​ចេះ​ឆ្នៃ​កាក​អំពៅ​យក​ទៅ​ធ្វើ​ជា​ចាន​ក្រដាស់​ប្រើប្រាស់​ជំនួស​ឱ្យ​ប្លា​ស្ទិក​បាន​។ នេះ​ហើយ​ជា​គំនិត​ច្នៃប្រឌិតរ​បស់​កូន​ខ្មែរ ដែល​អាច​ស្រូប​ទាញ​ការវិនិយោគ គម្រោង​អភិវឌ្ឍ​នានា​ពី​អន្តរជាតិ មក​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅតាម​សហគមន៍​ជនបទ ជាពិសេស​ប្រជា​សហគមន៍​នៅតាម​តំបន់ការពារធម្មជាតិ ដែល​នេះ​ជា​ទង្វើ និង​ជា​បទពិសោធន៍​ល្អ​របស់​ប្រទេស​អភិវឌ្ឍន៍ ដែល​មាន​ប្រជាពលរដ្ឋ​ចេះ​ជួយ​រក​ប្រាក់ចំណូល​ជូន​ប្រទេស ហើយ​មិន​រង់ចាំ​តែ​ការជួយ​ពី​រដ្ឋ​នោះឡើយ​។​

Leave a Reply

Your email address will not be published. Required fields are marked *