ក្រសួង​អភិវឌ្ឍន៍ជនបទ សហការ​ជាមួយ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា រៀបចំ​វេទិកា​ពិភាក្សា​លើ​ប្រធានបទ អ្វី​ទៅជា​កិច្ចការ​អភិវឌ្ឍន៍​ជនបទ​នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃ​អង្គារ ១៣​រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២៤ ក្រសួង​អភិវឌ្ឍន៍ជនបទ សហការ​ជាមួយ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា រៀបចំ​វេទិកា​ពិភាក្សា​លើ​ប្រធានបទ “​អ្វី​ទៅជា​កិច្ចការ​អភិវឌ្ឍន៍​ជនបទ​នៅ​កម្ពុជា​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រី​ក្រសួង​អភិវឌ្ឍន៍ និង លោក ពុយ គា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​។​

​វេទិកា​ពិភាក្សា​នេះ​រៀបចំ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​អភិវឌ្ឍន៍ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ​, ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តម លោក លោកស្រី​ប្រធាន​នាយកដ្ឋាន​ជំនាញ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ព្រមទាំង​អ្នកសារព័ត៌មាន​មកពី ៥៧ អង្គភាព​សារព័ត៌មាន សរុប​ចំនួន ៩៧​នាក់​។​

​ក្នុង​វេទិកា​ពិភាក្សា​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ផ្ដល់​ឱកាស​ដល់​អ្នកសារព័ត៌មាន​ទាំង​អស់ លើកឡើង​ជា​សំណួរ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ចក្ខុវិស័យ គោលបំណង យុទ្ធសាស្ដ្រ និង​បេសកកម្ម​សម្រាប់​អភិវឌ្ឍន៍ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​នានា នៃ​ការងារ​អភិវឌ្ឍន៍ជនបទ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ជម្រាបជូន​ពី​ចក្ខុវិស័យ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​គឺ ការលើកកម្ពស់​គុណភាព និង​គុណ​តម្លៃ​នៃ​ជីវិត​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​ជនបទ ប្រកប​ដោយ​បរិ​យាប​ន្ន ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ក្នុង​គោលដៅ​ធានា​នូវ​ការបង្កើន​ប្រាក់ចំណូល​សម្រាប់​គ្រួសារ​នៅ​ជនបទ​ប្រកបដោយ​ចីរភាព និង​ធានា​សុខុមាលភាព​នៃ​ជីវិត​រស់នៅ​របស់​ប្រជាជន ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​បន្ដថា ក្រសួង​បាននិងកំពុង​យកចិត្តទុកដាក់ អនុវត្ត​បេសកកម្ម​សំខាន់ៗ របស់ខ្លួន ចំនួន​បួន​គឺ​៖
​ទី​១. ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍​ជនបទ​ប្រទាក់​ក្រឡា ដើម្បី​ឱ្យ​គ្រប់​ភូមិ​ទាំងអស់​មាន​ផ្លូវ​ត​ភ្ជាប់ និង​ក្លាយជា​តំបន់​ជនបទ​សមាហរណកម្ម ជា​ពិសេស​តំបន់​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​។​
​ទី​២. ការកែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ​របស់​សហគម​ន៍​ជនបទ​តាមរយៈ ការផ្គត់ផ្គង់​ទឹកស្អាត ការផ្ដល់​បង្គន់​អនាម័យ ការអប់រំ​ផ្នត់គំនិត ដើម្បី​ឱ្យ​ប្រជាជន​ជនបទ​កែប្រែ​ឥរិយាបថ និង​រស់នៅ​ប្រកប​ដោយ​អនាម័យ​ល្អ និង​មាន​ផា​សុកភាព​។​
​ទី​៣. ការធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​ជនបទ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន បំណិន​ជីវិត ដើម្បី​បង្កើត​ការងារ និង​មុខរបរ ដើម្បី​បង្កើន​ប្រាក់ចំណូល​។ បន្ថែម​ពី​នេះ ក្រសួង​បាន​ផ្ដោត​ទៅ​លើ​ការបង្កើត ភូមិ​គំរូ ដោយ​ផ្អែក​ទៅ​លើ​សក្តានុពល និង​អំណោយផល​ផ្នែក​សេដ្ឋកិច្ច ទេសចរណ៍ ឬ​កសិកម្ម​នៅតាម​សហគមន៍​ជនបទ ។​
​ទី​៤. ការពង្រឹង​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​រាជកា​រ​ក្នុង​គោលបំណង​បម្រើ​ប្រជាជន​នៅ​តំបន់​ជនបទ​ប្រកបដោយ​សុចរិត​ភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។​

​នៅក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ឯកឧត្តម​រដ្ឋមន្ដ្រី បាន​សង្កត់ធ្ងន់​លើ ការអនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ការ​ពង្រឹងគុណភាព ៧០% និង​ពង្រីក​វិសាលភាព ៣០% សំដៅ​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕

Leave a Reply

Your email address will not be published. Required fields are marked *