ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ (​កម្ពុជា​-​វៀតណាម​) ខេត្ត​ក្រចេះ​

ព្រឹក​ថ្ងៃ​សៅរ៍ ២​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ ខេត្ត​ក្រចេះ (​កម្ពុជា​-​វៀតណាម​) នាយកដ្ឋាន​ច្រកទ្វារ​ទី​២ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

​សូមបញ្ជាក់​ថា​-​ក្រសួងមហាផ្ទៃ សម្រេច​ផ្ទេរ​ភារកិច្ច និង​តែងតាំង លោក​ឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណា​រ័ត្ន ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ ជំនួស​លោក​ឧត្តមសេនីយ៍ត្រី កើត ដា​រ៉ា​សុ​ី ដែល​ត្រូវបាន​ទទួល​ភារកិច្ច​ថ្មី​។​

​លោក​ឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណា​រត្ន័ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ ដែល​បាន​តែងតាំង​មុខតំណែង​ថ្មី បាន​ធ្វើ​ការប្តេជ្ញាចិត្តថា ៖ (១)-​គោរព​ស្មោះត្រង់ និង​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ (២)-​គោរព និង​អនុវត្ត​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល (៣)-​បំពេញ​ភារកិច្ច​យ៉ាង​ម៉ឺងម៉ាត់ រាល់​ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន (៤)-​ខិតខំ​ដឹកនាំ និង​អនុវត្ត​ការងារ​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ​ច្បាស់លាស់ ទាន់ពេលវេលា ដោយ​ប្រកាន់យក​ច្បាប់​អនុក្រឹត្យ លិខិតបទដ្ឋាន​នានា (៥)-​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ក្នុង​ការចុះ​ល្បាត​ត្រួតពិនិត្យ និង​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ (៦)-​គោរព​និង​អនុវត្ត​ឱ្យបាន​ល្អ​ប្រសើរ តាម​បទ​វិន័យ​នគរបាលជាតិ លេខ​៨៧៣​ប្រក របស់​ក្រសួង​មហាផ្ទៃ (៧)-​គោរព​វិន័យ​នគរបាលជាតិ រក្សា​នូវ​ភាពថ្លៃថ្នូរ និង​ម៉ឺងម៉ាត់​ក្នុង​ការងារ និង​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ប្រសើរ​។

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ក៏​បាន​គូសបញ្ជាក់​ឱ្យដឹងថា ៖ នៅតាម​តំបន់​នៃ​ច្រកព្រំដែន​អន្តរជាតិ ភាគី​ទាំង​២(​ខេត្ត​ក្រចេះ​និង​ខេត្ត​ប៊ិញ​ភឿក​) សព្វថ្ងៃ​មាន​ការប្រែប្រួល​យ៉ាងខ្លាំង​គួរកត់សម្គាល់ មាន​ភាព​អ៊ូអរ​មាន​ទីប្រជុំជន មាន​ប្រជាជន​រស់នៅ​និង​ប្រកប​មុខរប​ប បង្កើន​សេដ្ឋកិច្ច​ប្រចាំថ្ងៃ ហើយ​ការនាំ​ចេញ​និង​នាំចូល​ផលិតផល និង​ទំនិញ​លើ​គ្រប់​វិស័យ រួម​និង​វិស័យ​ទេសចរណ៍ បាន​ផ្លាស់ប្តូរ​គ្នា​ទៅ​មក ដែល​ជួយ​ធ្វើឱ្យ​វិស័យ​សេដ្ឋកិច្ច​របស់​ប្រជាជន​នៃ​ខេត្ត​ទាំង​២​មាន​ភាព​ធូ​ធារ ជា​ពិសេស​សេដ្ឋកិច្ច​ជាតិ​ក៏​មាន​ការកើនឡើង​ផងដែរ តាមរយ​:​ការបង់ពន្ធ​និង​ប្រមូល​ពន្ធ​ចេញចូល​ច្រកទ្វារ​ព្រំដែន​នេះ ។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ក្រើនរំលឹក​ដល់​នាយ​ប៉ុស្ត៍នគរបាលច្រ​ក​ទ្វារ​ព្រំដែន​ថ្មី រួម​និង​ជំនាញ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ថា ៖ ឆ្លើយតប​ទៅនឹង​ការ​ផ្តល់​សេចក្តី​ជឿ​ទុកចិត្ត​របស់​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​មហាផ្ទៃ ត្រូវ​រក្សា​ឱ្យបាន​ល្អ​នូវ​ក្រមសីលធម៌​វិជ្ជាជីវ​: ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ដោយ​មាន​សាមគ្គីភាព​ផ្ទៃក្នុង និង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​ការងារ ដែល​ថ្នាក់ដឹកនាំ​បាន​ប្រគល់ជូន និង​បន្ត​គោរព​ព្រមទាំង​អនុវត្ត​ឱ្យបាន នូវ​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ត្រូវ​ជំរុញ​ការផ្តល់សេវា​សាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​។ ជាពិសេស​គឺ​ត្រូវ​ពង្រឹង​ការចូលរួម​ទប់ស្កាត់​នូវ​ការហូរ​ចូល​គ្រឿងញៀន​ខុសច្បាប់ នៅ​តាម​ច្រកទ្វារ​ព្រំ​ដែរ​អន្តរជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៕​

Leave a Reply

Your email address will not be published. Required fields are marked *