ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ច​សហ​ប្រិត​បត្តិការ​ទ្វេភាគី​

ទីក្រុង​មែ​ល​ប៊​ន ៖ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​អន្តោប្រវេសន៍ សញ្ជាតិ និង​កិច្ចការ​ពហុវប្បធម៌ នៃ​ប្រទេស​អូស្ត្រាលី ត្រូវបាន​ពង្រឹង​និង​លើក​ក​កម្ពស់​មួយកម្រិត​បន្ថែមទៀត​។ នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ បើក​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ឯកឧត្តម Andrew Giles រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ សញ្ជាតិ និង​កិច្ចការ​ពហុវប្បធម៌​អូស្ត្រាលី ដោយ​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វិមាន​សភា​អូស្ត្រាលី​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម Andrew Giles បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​គណ​:​ប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ មក​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​។ ឯកឧត្តម​រដ្ឋមន្ត្រី បានបង្ហាញ​ការជឿជាក់​ថា ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ និង​ប្រាកដ​ជា​ទទួល​បាន​លទ្ធ​ផល​ផ្លែផ្កា ដូច​ការគ្រោងទុក ជាពិសេស​ការផ្លាស់ប្តូរ​យោបល់ និង​បទពិសោធ​ជាមួយ​អង្គភាព​ជំនាញ​លើ​កិច្ចការ​អន្តោប្រវេសន៍ កិច្ចការ​បទល្មើស​បច្ចេក​វិទ្យា និង​ការងារ​នគរបាល​។

​ជា​ការឆ្លើយតប ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី និង​ភាគី​អូស្ត្រាលី ដែល​បាន​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​នេះ និង​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​គណៈប្រតិភូ​កម្ពុជា​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣ បន្ទាប់​ពី​ទស្សនកិច្ច​លើក​ទី​១ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​លើក​ទី​២ នៅ​សហព័ន្ធ​ស្វីស និង​សាធារណរដ្ឋ​អាល្លឺម៉ង់ ចាប់តាំងពី​ឯកឧត្តម ទទួល​ការតែងតាំង​ជា​ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា ក៏​បាន​គូសបញ្ជាក់​ដែរ​ថា ទស្សនកិច្ច​នេះ​នឹង​ផ្តល់​បទពិសោធ​បន្ថែម​ដល់​ប្រទេស​កម្ពុជា លើ​ការងារ​អន្តោប្រវេសន៍ កិច្ច​ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​បច្ចេក​វិទ្យា​ន បទល្មើស​ជួញដូរ​មនុស្ស កិច្ចការ​សន្តិសុខ និង​ការងារ​កំណែទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​ក្នុងឱកាស​នោដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏​បាន​អបអរសាទរ​ចំពោះ​លទ្ធផល​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជំនួប​ជាមួយ​ឯកឧត្តម នាយករដ្ឋមន្ត្រី​អូស្ត្រាលី កាលពី​ខែ​មីនា កន្លងទៅ និង​បាន​ថ្លែងអំណរគុណ​ភាគី​អូស្ត្រាលី ដែល​ផ្ដល់​ជំនួយ​ថវិកា សម្ភារៈ និង​បច្ចេកទេស​ដល់​ក្រសួង​មហាផ្ទៃ​កម្ពុជា លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការគ្រប់គ្រង​សន្តិសុខ​ព្រំដែន កំណែទម្រង់រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ដល់​មន្ត្រី​អនុវត្ត​ច្បាប់ ដើម្បី​សម្រេចបាន​ប្រសិទ្ធភាព​ការងារ​កាន់តែ​ខ្ពស់​បន្ថែមទៀត​។

​ឯកឧត្តម​ភិស​ន្តិ​បណ្ឌិ​ត ស សុខា ក៏​បាន​ចែករំលែក​ជូន​ភាគី​អូស្ត្រាលី ដែរ​នូវ​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​កិច្ចការ​អន្តោប្រវេសន៍​នៅ​កម្ពុជា រួម​ទាំង​ការងារ​កំណែ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ដើម្បី​ឆ្លើយតប​បរិបទ​ថ្មី​នៅ​កម្ពុជា និង​ក៏​ដើម្បី​ផ្ដល់​ភាពងាយស្រួល​កំណត់​បែបបទ និង​លក្ខណ្ឌ​ច្បាស់លាស់​លើ​ការងារអ​ន្តោ​ប្រស​ន៍​ខណៈ​ភាគី​អូស្ត្រាលី មាន​បទពិសោធ​ស៊ីជម្រៅ​ជាង​កម្ពុជា​លើ​ការងារ​នេះ​។

​ចំពោះ​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​បង្ហាញ​ឆន្ទៈ និង​គោលនយោបាយ​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបង្ការ​ទប់ស្កាត់​បទល្មើស​ឆបោក និង​សកម្មភាព​អន​ឡាញ​ខុសច្បាប់ ដែល​មក​ដល់ពេលនេះ ក្រសួងមហាផ្ទៃ ក្នុងនាម​ជា​ជា​សេនាធិការ​រាជរដ្ឋាភិបាល បាន​និង​កំពុង​បន្ត​អនុវត្ត​យ៉ាង​សកម្ម និង​យកចិត្តទុកដាក់​បំផុត​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ស្នើសុំ​ភាគី​អូស្ត្រាលី បន្ត​ផ្តល់​បទពិសោធ​តាមរយ​:​ការបណ្តុះបណ្តាល​មន្ត្រី​អនុវត្ត​ច្បាប់​របស់​កម្ពុជា ដោយ​មន្ត្រី និង​អ្នកជំនាញ​អូស្ត្រាលី​។

​ជាមួយគ្នា​នោះ​ដែរ ឯក​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​បញ្ជាក់​អំពី​កិច្ចសហការ​ជាមួយ​ភាគី​អូស្ត្រាលី លើ​ការងារ​មាតុ​ភូម​និវត្តន៍​ពលរដ្ឋ​ខ្មែរ ដែល​ពុំ​មាន​មូលដ្ឋាន​ផ្លូវច្បាប់​ស្នាក់​នៅ​ប្រទេស​អូស្ត្រាលី​ផង​ដែរ​។ ក្រៅពី​នេះ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​ជោគជ័យ​នៃ​វេទិកា​អន្តោប្រសេន៍ កម្ពុជា​-​អូស្ត្រាលី ដែល​ភាគី​កម្ពុជា បាន​រៀបចំ​កាលពី​ឆ្នាំ​២០២៣ នៅ​ខេត្ត​សៀមរាប ក្រោម​កិច្ចសហការ​ល្អ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី​។

​ឯកឧត្តម Andrew Giles រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ សញ្ជាតិ និង​កិច្ចការ​ពហុវប្បធម៌ បាន ទទួលស្គាល់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា និង​យល់ស្រប​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​អន្តោប្រវេសន៍ និង​បទល្មើស​នានា រួម​ទាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព រវាង​ប្រទេស​ទាំង​ពីរ និង​ក្នុង​តំបន់​។ ឯកឧត្តម ក៏​បាន​បញ្ជាក់​ពី​ការទទួលយក​សំណូមពរ​ពី​ភាគី​កម្ពុជា ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ព្រមទាំង​ពិនិត្យ​លទ្ធភាព​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ស្ថិតក្នុង​វិស័យ​ក្រសួង​ទាំងពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។

​ជា​ការកត់សម្គាល់ ឯកឧត្តម Andrew Giles រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ សញ្ជាតិ និង​កិច្ចការ​ពហុវប្បធម៌ អូស្ត្រាលី បាន​បញ្ជាក់​ពី​ការត្រៀម​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេលវេលា​សមស្រប តប​តាម​ការអញ្ជើញ​របស់​ឯកឧត្តម​អភិស​ន្តិ​បណ្ឌិត និង​បាន​ជូនពរ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត និង​គណៈប្រតិភូ ទទួល​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​ឯកឧត្តម​ផ្ទាល់ មានជំនឿថា គណៈប្រតិភូ នឹង​ជួបពិភាក្សា​ផ្លាស់ប្តូរ និង​ដកស្រង់​បទពិសោធ​ល្អៗ​ជាមួយ​ស្ថាប័ន​ជំនាញ​អូស្ត្រាលី នៅ​ថ្ងៃស្អែក និង​ថ្ងៃ​បន្តបន្ទាប់​ខាងមុខ​។​

​សូមបញ្ជាក់​ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ បាននិងកំពុង​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៤​។ បេសកកម្ម​រយៈពេល ១​សប្តាហ៍​នេះ មាន​គោលដៅ​ពិភាក្សា​និង​ពិនិត្យ​លទ្ធភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​ផ្លាស់ប្ដូរ​បទពិសោធ​លើ​ការងារ​អន្តោប្រវេសន៍ សន្តិសុខ​សាយ​ប័រ និង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជាពិសេស​ចុះ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ដោយ​ផ្ទាល់​នូវ​ការអនុវត្ត​កិច្ច​ការ​ពាក់ព័ន្ធ​របស់​ស្ថាប័ន​អូស្ត្រាលី​៕

Leave a Reply

Your email address will not be published. Required fields are marked *