រដ្ឋបាល​ខណ្ឌប្ញស្សីកែវ​បាន​រៀបចំ​ពិធី​ដេញថ្លៃ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់ ឆ្នាំ​២០២៤

នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ខែ​មិថុនា​ឆ្នាំ​២០២៤​នេះ រដ្ឋបាល​ខណ្ឌប្ញស្សីកែវ បាន​រៀបចំ​ពិធី​ដេញថ្លៃ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់ ឆ្នាំ​២០២៤​ក្រោម​ក្រោម​អធិបតីភាព ឯកឧត្តម អ៉ី​ម​រ៉​ន ហាស្សាន់ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ការចូលរួម​ពី លោក ជុំ បាយ័ន​វិបុល ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ប៊ុត បូ​វណ្ណា​រ័ត្ន អភិបាលរងខណ្ឌ លោក​ប្រធាន​មន្ទីរ​ផែនការ​រាជធានី​ភ្នំពេញ លោក​អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ លោកស្រី​អនុប្រធាន​រតនាគារ​រាជធានី​ភ្នំពេញ ក្រុមការងារ​រាជធានី​ភ្នំពេញ ក្រុម​ការងារ​ការិយាល័យ​ផែនការ និង​ហិរញ្ញវត្ថុ​ខណ្ឌ លោក​-​លោកស្រី​ចៅសង្កាត់ ស្មៀន គណ​:​កម្ម​ការ​លទ្ធកម្ម​ទាំង​០៧​សង្កាត់ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្រុមហ៊ុន​ដេញថ្លៃ សរុប ៩១ នាក់​( ស្រី ១៦ នាក់​)​។​

​នា​ឱកាស​នោះ លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌប្ញស្សីកែវ​បានឱ្យដឹ​ង​ថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី​២ របស់​ក្រុមប្រឹក្សា សង្កាត់​អាណត្តិ​ទី​៥ ដែល​បាន​លើក​ផែនការ​អភិវឌ្ឍ​ប្រចាំឆ្នាំ​របស់​ខ្លួន តាម​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ដោយ​ក្រុមប្រឹក្សា​សង្កាត់​នីមួយៗ មាន​គណនេយ្យភាព​ជាមួយ​ប្រជាពលរដ្ឋ និង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មាន​ការណែនាំ​ពី​ទីប្រឹក្សា​គ្រប់គ្រង​កម្មវិធី​ជាតិ ថ្នាក់​រាជធានី​ភ្នំពេញ មន្ទីរ​ផែនការ ទីចាត់ការ​ផែនការ និង​វិនិយោគ​រាជធានី ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ​មួយចំនួនទៀត​។​លោក​អភិបាលខណ្ឌ​បាន​បន្តថា ក្នុង​ឆ្នាំ​កន្លងទៅនេះ ខណ្ឌ​បាន​ដំណើរការ​ដេញថ្លៃ​គម្រោង​របស់​សង្កាត់​ទាំង​៧ ដោយ​បាន​ខិតខំ​កែលំអ​សោភ័ណភាព កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដូចជា​ការជួសជុល ផ្លូវ​បេតុង គ្មាន​សរសៃដែក ជីក​ដាក់លូ​រំដោះ​ទឹក ជួសជុល​ផ្លូវ​អ៊ុត​កៅស៊ូ ជាដើម​។ ជាមួយគ្នានេះ សូម​ម្ចាស់​ក្រុមហ៊ុន ឬ​តំណាង​ក្រុមហ៊ុន ទាំងអស់​ដែល​បាន​មក​ចូលរួម​ដេញថ្លៃ នា​ថ្ងៃនេះ ត្រូវ​ពិចារណា ឱ្យបាន​ហ្មត់ចត់​ពី​តម្លៃ និង​ស្ថានភាព​ទីតាំង​គម្រោង ហើយ​ត្រូវ​គោរព​នូវ​បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និង​គោលការណ៍​សំខាន់ៗ អំពី​ការដេញថ្លៃ ។ ជាមួយគ្នានេះដែរ គណៈកម្មការ​លទ្ធកម្ម​សង្កាត់​នីមួយៗ ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​ចំពោះ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​ឈ្នះ ត្រូវ​មាន​លទ្ធភាព សមត្ថភាព ដោយ​ធានា​តាម​លក្ខណៈ​បច្ចេកទេស ធានា​គុណភាព ពេលវេលា ត្រូវ​ធ្វើ​ការតាមដាន​គម្រោង​ជា​ប្រចាំ និង​ត្រួតពិនិត្យ​វាយតម្លៃ​តាម​ដំណាក់កាល​នីមួយៗ សហការ​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ជាពិសេស ត្រូវ​រៀបចំ​កិច្ចសន្យា​គម្រោង​យ៉ាងយូរ​៧​ថ្ងៃ បន្ទាប់​ពី​ការដេញថ្លៃ​បាន ។​

​ក្នុង​ពិធី​បិទ​គម្រោង​ពិធី​ដេញថ្លៃ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់ ឆ្នាំ​២០២៤ ឯកឧត្តម អ៉ី​ម​រ៉​ន ហាស្សាន់ ក្នុងនាម ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សូម​អបអរសាទរ​នូវ​មោទនៈភាព​ចំពោះ​ការទទួល​បាន​លទ្ធផល​ល្អប្រសើរ ក្នុង​ការរៀបចំ​ពិធី​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​សង្កាត់​នៅ​ថ្នាក់​ខណ្ឌ សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២៤ នេះ និង​ផ្តល់​នូវ​អនុសាសន៍​ដល់​បណ្តា​ក្រុមហ៊ុន /​អ្នកទទួលការ​គម្រោង​អភិវឌ្ឍន៍​សង្កាត់ ដែល​ដេញថ្លៃ​គម្រោង​បាន​ឈ្នះ​ក្នុងថ្ងៃនេះ ដូចខាងក្រោម​៖
១.​សូម​រួសរាន់​ចុះកិច្ចសន្យា​អនុវត្ត​គម្រោង​ជាមួយ​សង្កាត់ និង​បន្ទាប់​ពី​បាន​ចុះកិច្ចសន្យា​រួច ត្រូវអនុវត្ត​តាម​ផែនការ​សកម្មភាព​ការងារ​ឱ្យបាន​ច្បាស់លាស់​
២.​គម្រោង​នីមួយៗ​ត្រូវមាន​មេការ​ប្រចាំការ មាន​សៀវភៅ​តាមដាន​ការដ្ឋាន ជាពិសេស​ក្នុង​ការអនុវត្ត​គម្រោង​ត្រូវ​ធានា​បាន​គុណភាព បទដ្ឋាន​បច្ចេកទេស និង​សោភ័ណភាព​
៣.​អនុវត្ត​គម្រោង​ឱ្យទាន់​ពេលវេលា​កំណត់ និង​រក្សាបាន​នូវ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ក្នុង​ការដ្ឋាន​
៤.​ចំពោះ​រដ្ឋបាល​ខណ្ឌ រដ្ឋបាល​សង្កាត់ និង​គណៈកម្មការ​គ្រប់គ្រង​គម្រោង​សង្កាត់ ត្រូវ​ជូនដំណឹង​ដល់​បណ្តា​អង្គភាព​ពាក់ព័ន្ធ ពី​ផលប៉ះពាល់​ផ្សេងៗ​ក្នុង​ការអនុវត្ត​គម្រោង ដើម្បី​ចូលរួម​សហការ និង​ត្រូវ​តាមដាន ត្រួតពិនិត្យ ការអនុវត្ត​គម្រោង​របស់​អ្នកទទួលការ​ជាប្រចាំ ដើម្បី​ឱ្យ​គម្រោង​សង្កាត់​សម្រេចបាន​លទ្ធផល​ល្អប្រសើរ ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស និង​នីតិវិធី​ណែនាំ​បានកំណត់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ឆ្នាំ​២០២៤ គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់ ដែល​ដាក់​ឱ្យ​ដេញថ្លៃ​នាពេលនេះ​រួមមាន​៖
១. គម្រោង​ស្ដារ​លូ​មូល ចំនួន ១២ ខ្សែ = ២,០៨៣ ម៉ែត្រ ក្នុងនោះ​មាន​៖
– មុខកាត់ ០.៦០ ម៉ែត្រ x ១,២៥០ ម៉ែត្រ ចំនួន ០៦ ខ្សែ និង​ជួសជុល​អណ្តូង​លូ​ចំនួន ០៦ កន្លែង​
– មុខកាត់ ០.៨០ ម៉ែត្រ x ៨៣៣ ម៉ែត្រ ចំនួន ០៦ ខ្សែ និង​ជួសជុល​អណ្តូង​លូ​ចំនួន ០៤ កន្លែង​
២. គម្រោង​ដាក់លូ​មូល​ចំនួន ១៤ ខ្សែ = ២,៦៧២ ម៉ែត្រ ក្នុងនោះ​មាន​៖
– មុខកាត់ ០.៥០ ម៉ែត្រ x ២៩៨ ម៉ែត្រ ចំនួន ០២ ខ្សែ​
– មុខកាត់ ០.៦០ ម៉ែត្រ x ១,៦២១ ម៉ែត្រ ចំនួន ០៨ ខ្សែ​
– មុខកាត់ ០.៨០ ម៉ែត្រ x ៤៨៨ ម៉ែត្រ ចំនួន ០៣ ខ្សែ​
– មុខកាត់ ១ ម៉ែត្រ x ២៦៥ ម៉ែត្រ ចំនួន ០១ ខ្សែ​
៣. គម្រោង​ជួសជុល​ផ្លូវ​បេតុង​អា​មេ ចំនួន ០៥ ខ្សែ ប្រវែង ៥៦៣​ម ទទឹង (៤.៣៨​ម​/៥.១៥​ម​/៥.៥៤​ម​) កម្រាស់ ០,១៥​ម​
៤.​គម្រោង​ជួសជុល​ផ្លូវ​បេតុង​គ្មាន​សរសៃដែក ចំនួន ០៣ ខ្សែ ប្រវែង ៩៧៦​ម ទទឹង (២​ម​/៣.៧២​ម​) កម្រាស់ ០.១២​ម​
៥.​ដាក់​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​ចំនួន ២២៦ កំប្លេ ៕

Leave a Reply

Your email address will not be published. Required fields are marked *