​ក្រសួង​បរិស្ថាន​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន ពិភពលោក​៥​មិថុនា ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ “​ការកែប្រែ​គុណភាព​ដី រហោស្ថាន​កម្ម និង​ធន់​នឹង​គ្រោះ​រាំងស្ងួត​”

ខេត្ត​ប៉ៃលិន​: ថ្ងៃ​អង្គារ៍ ៥​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​និង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ ២០២៤ នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​បរិស្ថាន នៃ​អគ្គនាយដ្ឋាន​ចំណេះដឹង​ព័ត៌មាន និង​ផ្សព្វផ្សាយ​បរិស្ថាន ក្រសួង​បរិស្ថាន ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​មិថុនា ក្រោម​ប្រធានបទ​៖ «​ការកែប្រែ​គុណភាព​ដី ដី​រហោស្ថាន​កម្ម និង​ធន់​នឹង​គ្រោះ​រាំងស្ងួត​» នៅ​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​មាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​-​ក្រុងប៉ៃលិន ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើរី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ទូទាំង​ខេត្ត​ប៉ៃលិន​ប្រមាណ​៤០០​នាក់ ។​

​ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន តំណាង​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ​ទិវា​បរិស្ថាន​ពិភពលោក​៥ មិថុនា គឺជា​វេទិកា​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុងកា​រ​ពន្លឿន​ពង្រីក និង​ចូលរួម​ជាមួយ​ប្រជាជន​សហគមន៍ និង​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ចាត់វិធានការ​លើ​បញ្ហា​បរិស្ថាន​សំខាន់ៗ ដែល​កំពុង​ប្រឈម​នឹង​ភពផែនដី​។ ដើម្បី​ចូលរួម​ក្នុង​ចលនា​ពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​កំណត់​យក ថ្ងៃទី​៥ ខែមិថុនា ជា «​ទិវា​បរិស្ថាន​ជាតិ​» តាមរយៈ អនុក្រឹត្យ លេខ​១៥ អនក្រ​-​បក ចុះ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៩៦​។ ជាមួយ​នឹង​សេចក្តី​អនុម័ត​នេះ ក្រសួង​បរិស្ថាន បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ រួមជាមួយ​នឹង​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​។ ចាប់តាំងពី​ពេល​បង្កើត​ទិវា​នេះ​មក យុទ្ធនាការ​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ត្រូវបាន​រៀបចំ​ឡើង​នៅ​ទូទាំង​ប្រទេស គ្រប់​រាជធានី​-​ខេត្ត នៅ​តាម​ទីតាំង​ផ្សេងៗ​គ្នា​ទូទាំង​ប្រទេស ដោយ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ដើម្បី​បញ្ជ្រាប​ចំណេះដឹង​បរិស្ថាន និង​ការអនុវត្ត នៅតាម​ទីសាធារណៈ តំបន់​សហគមន៍ កន្លែង​ទេសចរណ៍​ក្នុងការ​ជម្រុញ​ភាព​ស្អាត កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក ទីក្រុង និង​មូលដ្ឋាន​មាន​ភាព​បៃតង មាន​ដើមឈើ មាន​ម្លប់ ខ្យល់អាកាស​ល្អ និង​ជា​ពិសេស​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ក្នុង​ការសម្រេច​គោលដៅ​ប្រទេស​កម្ពុជា ជា​ប្រទេស​អព្យាក្រឹត​កាបូន និង​មាន​គម្រប​ព្រៃ​៦០% នៅ​ឆ្នាំ ២០៥០​។​

​លោក ហែម ឬ​ទ្ធី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​បាន​ធ្វើ​ការអំពាវនាវ សូម​ប្រជាពលរដ្ឋ បន្ត​ចូលរួម​អនុវត្ត​អោយ​កាន់តែ​សកម្ម​នូវ​គោលការណ៍​ណែនាំ របស់​ក្រសួង​បរិស្ថាន និង​យកចិត្តទុកដាក់​គ្រប់គ្រង​លើ​សំណល់​ដែល​យើង​បាន​បញ្ចេញ និង​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ និង​ថែរក្សា​ធនធាន​ដែល​មាន​ស្រាប់​ឱ្យមាន​និរន្តរភាព​។​

​លោកស្រី គង់ កុសល នាយក​គ្រប់គ្រង​នាយកដ្ឋាន​ពាណិជ្ជកម្ម តំណាង​អ្នក​ឧកញ៉ា សំអាង វ​ឌ្ឍ​: អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើរី បានបញ្ជាក់​ថា ក្នុងនាម​វិស័យ​ឯកជន ក្រុមហ៊ុន​សូម​ធ្វើ​ការគាំទ្រ និង​ចូលរួម​គោលនយោបាយ​វិស័យ​បរិស្ថាន​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន ដើម្បី​បរិស្ថាន​យើង​ស្អាត និង​បៃតង​។ នៅ​ថ្ងៃ​ដដែល​នោះ គណៈអធិបតី និង​អ្នកចូលរួម​ទាំងអស់​ក៏​បាន​ចូលរួម​គាំទ្រ និង​អនុវត្ត​នូវ​យុទ្ធនាការ​«​ថ្ងៃនេះ​ខ្ញុំ មិន​ប្រើ​ប្លា​ស្ទិក​ទេ​» និង «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ផងដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *