លោក​ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ​ខេត្ត​រៀបចំ​កម្លាំង​នគរបាល​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ខេត្ត​តាកែវ អាណត្តិ​ទី​៤

នា​ព្រឹក​ថ្ងៃ​អង្គារ ៥​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រៀបចំ​កម្លាំង​នគរបាល​ខេត្ត ក្រុង ស្រុក សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និង​ចូលរួម​ក្នុង​ពិធី​<< ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តតាកែវ អាណត្តិ​ទី​៤ ចំនួន ២៧​រូប ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​អគា​សាលប្រជុំ​ច្រកចេញចូល​តែ​មួយ​។​

​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ជា​ប្រតិភូ​អមដំណើរ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត លោក​អធិការ​នគរបាល​ក្រុង ស្រុក លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង ស្រុក លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​មូលដ្ឋាន​សឹក​រង​ក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​មានប្រសាសន៍​ថ្លែង​ទៅ​កាន់​អង្គពិធី​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​សេចក្ដី​
​សោមនស្ស​រីករាយ និង​អបអរសាទរ​ដល់​ក្រុមប្រឹក្សា​ចំនួន​២៧​រូប​ដែល​ត្រូវ​ប្រកាស​ចូល​កាន់តំណែង​។ រួម​ជាមួយ​គ្នា​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​គោលដៅ​រួមគ្នា ក្នុង​ការផ្ដល់​សេវា​សាធារណៈ ធានាឲ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​សង្កត់​ធ្ងន់​ទៅលើ​ប្រព័ន្ធ​អប់រំ និង​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ សាមគ្គីភាព ឲ្យស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​។​

​ដើម្បី​សម្រេច​ការងារ​រួមគ្នា អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សហការ គ្នា​ប្រកបដោយ​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​ភាព​ជា​ម្ចាស់ការ​លើ​ការងារ និង​គោរព​តាម​គោលនយោបាយ​របស់​ខេត្ត ក៏​ដូច​ជា​គោលការណ៍​កំណែទម្រង់ នយោបាយ​របស់​រាជរដ្ឋាភិបាលផងដែ​រ​។ លើសពីនេះ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា ក្រុមប្រឹក្សា​ខេត្ត ត្រូវ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ខេត្ត ដាក់ចេញ​កម្មវិធី​កំណែទម្រង់​នានា ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល ពង្រឹងពង្រីក​ការផ្ដល់សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​កាន់តែ​ប្រសើរ​ព្រមទាំង​ធានា​ការគ្រប់គ្រង​សន្តិសុខ សុវត្ថិភាព​មូលដ្ឋាន និង​ចុះ​មូល​ផ្ទាល់​ដើម្បី​ដឹង​ពី​សុខទុក្ខ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *