​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ អាណត្តិ​ទី​៤

ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ នៅ​អគារ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​។​

​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នា​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ថ្នាក់ដឹកនាំ​នៃ​ក្រសួងមហាផ្ទៃ គណៈ​អភិបាលខេត្ត ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង ស្រុក​ទាំង​៩ នៃ​ខេត្ត​កំពង់ស្ពឺ កងកម្លាំង​ទាំង​៣ ប្រធាន​សមាគម​ក្រុមប្រឹក្សា​ខេត្ត តំណាង​សភា​ពាណិជ្ជកម្ម​ខេត្ត តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ​ក្នុង​ខេត្ត តំណាង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​ខេត្ត នាយក នាយករង និង​មន្ត្រីរាជការ​សាលាខេត្ត ព្រមទាំង​ប្រធាន​មន្ទីរ និង​អង្គភាព​ជុំវិញ​ខេត្ត​។​

​ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ធ្វើ​របាយការណ៍​សង្ខេប​ពាក់ព័​ន្ធ​ភូមិសាស្ត្រ និង​ការអភិវឌ្ឍ​រីកចម្រើន​របស់​ខេត្ត ពិសេស​ការចូលរួម​ចំណែក របស់​ក្រុមប្រឹក្សា​ខេត្ត ជាមួយ​គណៈ​អភិបាលខេត្ត ដែល​បាន​ធ្វើឱ្យ​រដ្ឋបាល​ខេត្ត សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ក្នុង​ការដោះស្រាយ​បញ្ហា​នានា ជំរុញ​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​រីកចម្រើន​ជា​បន្តបន្ទាប់​រហូត​មក​ដល់ពេលនេះ​។​

​មានប្រសាសន៍​ក្នុង​ពិធី​នា​រសៀល​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ដល់​ប្រធាន និង​សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត​ថ្មី​ដែល​ទើប​ទទួលបាន​ភារកិច្ច​ថ្មី​ទាំង​២៥​រូប​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ផ្តាំផ្ញើរ ដល់​សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត​ថា “​ក្នុងនាម​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត ទោះ​បី​មក​ពី​គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា​ក៏​ពិតមែន ប៉ុន្តែ​ក្រុមប្រឹក្សា​ទាំងអស់ គឺ​សុទ្ធតែ​ជា​អ្នក​ខេត្តកំពង់ស្ពឺ តំណាងឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ត្រូវ​ខិតខំ​រួមគ្នា​ដើម្បី​ផល ប្រយោជន៍ និង​ភាព​រីក​ចម្រើន​សម្រាប់​ខេត្ត និង​ជា​ពិសេស​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ទាំងមូល​។​”

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម​ដែរ​ថា “​ពិត​ណាស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ដែល​ត្រូវបាន​ជ្រើសរើស តាមរយៈ​ការបោះឆ្នោត ទោះ​ដោយ​ផ្ទាល់​ក្តី ឬ​មិន​ផ្ទាល់​ក្តី គឺជា​ផ្នែក​មួយ​នៃ​អង្គ​នីតិប្រតិបត្តិ និង មាន​ស្វ័យភាព​ក្នុង​ក្របខណ្ឌ​ដែល​កំណត់​ដោយ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ក្នុង​ការគ្រប់គ្រង ចាត់ចែង​កិច្ចការ​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ហេតុនេះ ក្នុង​ការអនុវត្ត​ការងារ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា ត្រូវ​ខិតខំ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំង អស់​ឱ្យ​បាន​ស្មើៗ​គ្នា មាន​តម្លាភាព គណនេយ្យភាព សមធម៌ និង​បរិ​យាប​ន្ន ជាពិសេស​មិន ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​នោះ​ឡើយ​”​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​យក​ឱកាស​នេះ​ផ្តល់​អនុសាសន៍​ជា​ច្រើន​ចំណុច​ជូន​ក្រុមប្រឹក្សា​ខេត្ត​ថ្មី ក៏​ដូច​ជា​មន្ត្រី​មូលដ្ឋាន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ទាំងអស់ ពិសេស​ត្រូវ​ធ្វើ​យ៉ាងណា​បង្កើន​នូវ​អភិបាលកិច្ច​ល្អ រួមជាមួយ​នឹង​ការ​បន្ត​ផ្តល់​សេវា​សាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​៕

 

Leave a Reply

Your email address will not be published. Required fields are marked *