សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ណា​ន​យ៉ាង (Nanyang Polytechnic)

​នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ណា​ន​យ៉ាង (Nanyang Polytechnic) ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​ទី​១៨-១៩ ខែមិថុនា ឆ្នាំ​២០២៤​។

​វិទ្យាស្ថាន​ពហុបច្ចេកទេស​ណាន​យ៉ាង អនុវត្ត​តាម​គោលការណ៍​សំខាន់​ចំនួន ៣៖ (​ទី​១) ការបណ្តុះបណ្តាល​ជំនាញ​ដល់​សិក្ខាកាម ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ឧស្សាហកម្ម និង​សហគ្រាស​-Industry Focus, (​ទី​២) ការសិក្សា ជាមួយ​នឹង​ការអនុវត្ត​ជាក់ស្តែង ដែល​ការបណ្តុះបណ្តាល​លើ​សមត្ថភាព និង​ជំនាញ ឈរ​លើ​មូលដ្ឋាន​នៃ​ការរៀន​បណ្តើរ និង​ការអនុវត្ត​ជាក់ស្តែង​បណ្តើរ និង (​ទី​៣) ការពង្រឹង​យន្តការ​នៃ​ការរៀនសូត្រ​ពេញ​មួយ​ជីវិត​(Life-long learning) ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទីផ្សារការងារ​ប្រកប​ដោយ​ភាពបត់បែន និង​តាម​តម្រូវការ​ជាក់ស្តែង ព្រមទាំង​ពង្រឹង​សមត្ថភាព​បន្ថែម​តាម​រយៈ​ការរៀបចំ​ជំនាញ​ឡើងវិញ (Reskilling) និង​ការបង្កើន​ជំនាញ (Upskilling)​។​

​ចំណុច​ពិសេស​នៃ​ភាពជោគជ័យ​របស់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ណា​ន​យ៉ាង គឺ​ការ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ ដ៏​ជិតស្និទ្ធ​រវាង​ឧស្សាហកម្ម​ក្នុង​វិស័យ​នានា​នៃ​សេដ្ឋកិច្ច​ជាតិ និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស តាមរយ​:​កិច្ច​សហការ​ក្នុង​ស្មារតី​យោគយល់ នី​ង​ទទួលខុសត្រូវ​ខ្ពស់ ទាំង​ក្នុង​ការរៀបចំ​កម្មវិធី​សិក្សា ការសិក្សា​អនុវត្ត​ជាក់ស្តែង និង ទាំង​ការចំណាយ​ថវិកា​រួម​គ្នា​លើ​កម្មវិធីសិក្សា ជាដើម ៕

Leave a Reply

Your email address will not be published. Required fields are marked *