សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​អគារ​ហេដ្ឋារចនាសម្ព័ន្ធ របស់​ក្រុមហ៊ុន Keppel

​នា​រសៀល ថ្ងៃទី​១៩ ខែ​មិថុនា​ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​អគារ​ហេដ្ឋារចនាសម្ព័ន្ធ របស់​ក្រុមហ៊ុន Keppel (Keppel’s Infrastructure@Changi) ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​ទី​១៨-១៩ ខែមិថុនា ឆ្នាំ​២០២៤​។

​អគារ Keppel’s Infrastructure@Changi ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​ក្នុង​ការផ្តល់​នូវ​ដំណោះស្រាយ​នានា​ដល់​អ្នកប្រើប្រាស់ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ អគារ​នេះ​គឺជា​គំរូ​សម្រាប់​ការ​រចនា​អគារ​ប្រកបដោយ​និរន្តរភាព និង​ការគ្រប់គ្រង​ការប្រើប្រាស់​ថាមពល ការប្រើប្រាស់​ទឹក និង​ប្រព័ន្ធ​ត្រជាក់ នៅក្នុង​សិង្ហ​បុរី ព្រមទាំង​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ផ្តល់​នូវ​ដំណោះស្រាយ​ដ៏​មានតម្លៃ និង​ប្រសិទ្ធភាព សម្រាប់​អនាគត​ប្រកបដោយ​និរន្តរភាព​។​

​អគារ Keppel’s Infrastructure@Changi មាន​ចំណុច​ពិសេសៗ​មួយចំនួន រួមមាន​៖ (១) ប្រសិទ្ធភាព​ថាមពល​៖ អគារ​នេះ​ត្រូវបាន​រៀបចំ​យ៉ាង​ទំនើប​លើ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ និង​ប្រព័ន្ធ​ខ្យល់​ចេញចូល ដែល​ធ្វើឱ្យ​មាន​ប្រសិទ្ធភាព​ថាមពល​ខ្ពស់ (២) ការបង្កើត​ថាមពល​កកើត​ឡើងវិញ​៖ អគារ​នេះ​ត្រូវបាន​បំពាក់​ដោយ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ និង​បច្ចេកវិទ្យា​ទំនើប​ផ្សេងៗ​ទៀត ដើម្បី​បង្កើត​ថាមពល​កកើត​ឡើងវិញ​នៅនឹងកន្លែង (៣) បច្ចេកវិទ្យា​ឆ្លាត​វៃ​៖ អគារ​នេះ​ប្រើប្រាស់​ឧបករណ៍​ឆ្លាត​វៃ​ដូចជា ឧបករណ៍​ចាប់​សញ្ញា​អំពូល LED និង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​សាក​យានយន្ត​អគ្គិសនី (៤) ការ​រចនា​ប្រកបដោយ​និរន្តរភាព​៖ អគារ​នេះ​រួមបញ្ចូល​ឧបករណ៍ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ប្រព័ន្ធ​ស្តុក​ទឹកភ្លៀង និង​សម្ភារៈ​សម្រាប់​ការសាងសង់​ប្រកបដោយ​និរន្តរភាព និង (៥) អគារ​បៃតង​៖ អគារ​នេះ​មាន​លក្ខណៈ​បៃតង​យ៉ាង​ទូលំទូលាយ ដែល​រួមចំណែក​ដល់​ការបង្កើត​បរិយាកាស​ត្រជាក់ ប្រកប​ដោយ​ផាសុកភាព​៕

Leave a Reply

Your email address will not be published. Required fields are marked *