​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហ​បុរី នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​ទី​១៨-១៩ ខែមិថុនា ឆ្នាំ​២០២៤

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហ​បុរី នា​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ទស្សនកិច្ច​ផ្លូវការ​ប្រកបដោយ​ផ្លែផ្កា នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​ទី​១៨-១៩ ខែមិថុនា ឆ្នាំ​២០២៤​។​

​នៅក្នុង​ឱកាស​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការកសាង​បរិយាកាស​អំណោយផល​ដល់​ភាពជោគជ័យ​នៃ​សហគ្រាស​ដែល​បាន​បង្កើតឡើង និង​សហគ្រាស​ដែល​កំពុង​រីកចម្រើន​លើ​គ្រប់​វិស័យ​។ ដើម្បី​ជំរុញ​បរិយាកាស​វិនិយោគ រាជរដ្ឋាភិបាល​បាន​និង​កំពុង​អនុវត្ត​ការកែទម្រង់​ស៊ីជម្រៅ ដើម្បី​សម្រួល​បទបញ្ញត្តិ​និង​នីតិវិធី​ក្នុង​ការបង្កើត​អាជីវកម្ម និង​ផ្ដល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ដ៏​ទាក់ទាញ​។​
​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បន្ថែមថា «​ច្បាប់​ថ្មី​ស្តីពី​ការវិនិយោគ​នៅ​កម្ពុជា​បាន​ផ្តល់​នូវ​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​រហូតដល់​១៥​ឆ្នាំ​សម្រាប់​វិស័យ​អាទិភាព​ជាច្រើន រួមជាមួយ​នឹង​ការធានា​និង​ការការពារ​និយោ​គិន​ដោយ​គ្មាន​ការរើសអើង​រវាង​វិនិយោគិន​ក្នុងស្រុក និង​បរទេស ហើយ​គ្មាន​ការ​រឹតបន្តឹង​លើ​ការផ្ទេរ​ប្រាក់​ពី​ប្រាក់ចំណេញ និង​ដើមទុន​ឡើយ​»៕


Leave a Reply

Your email address will not be published. Required fields are marked *