ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើកទឹកចិត្ត​យុវជន​ឱ្យ​ខិតខំ​ពង្រឹង​សមត្ថភាព កុំ​ផ្ដេកផ្ដួល​តែ​លើ​សមិទ្ធផល​អ្នក​ជំនាន់​មុន​ខំ​កសាង​

​ពី​វេទិកា​អធិបតី​នៃ​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​ខ្លោងទ្វារ​វត្ត​ចំប៉ា​សួស្ដី ហៅ​វត្ត​អន្លង់​ទ្រា នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែង​លើកទឹកចិត្ត​យុវជន និង​សិស្សានុសិស្ស បន្ត​ខិតខំ​ថែរក្សា​ការពារ​សុខសន្តិភាព និង​មនុញ្ញផល​ទាំងឡាយ​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​កសាង និង​បន្សល់​ទុក ដោយ​ថ្នាក់​ដឹកនាំ និង​ចាស់ទុំ​ជំនាន់​មុន រាប់​ទាំង​ឪពុក​ម្ដាយ និង​បុព្វការី​ជន ដែល​បាន​ធ្វើឱ្យ​ប្រទេសជាតិ និង​ក្រុមគ្រួសារ មាន​ភាពប្រសើរឡើង​ដូច​សព្វថ្ងៃ​។

​យ៉ាងណា​ក៏​ដោយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដែល​ក៏​ជា​ថ្នាក់ដឹកនាំ​បន្តវេន​មួយរូប នៃ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ បាន​រម្លឹក​បន្ថែមថា ក្នុងនាម​ជា​ទំពាំង​ស្នង​ឬ​ស្សី យុវជន​មិន​ត្រូវ​ផ្ដេកផ្ដួល​សំងំសុខ​ស្រួល​តែ​ជាមួយនឹង​មនុញ្ញផល​ដែល​កើតចេញ​ពី​ការ​បន្សល់​ទុក​របស់​អ្នក​ជំនាន់​មុន ដោយ​ភ្លេច​គិតគូរ​ពី​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព និង​ចំណេះដឹង​នោះឡើយ​។ បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត សន្តិភាព​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ឡើង​និង​ថែរក្សា​មកដល់​សព្វថ្ងៃ បាន​ផ្ដល់ឱកាស​គ្រប់បែបយ៉ាង​ឱ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន ពង្រឹងសមត្ថភាព និង​ពង្រីក​សក្ដានុពល​នៃ​ការអភិវឌ្ឍ​ជីវភាព ដើម្បី​ធ្វើឱ្យ​ប្រទេសជាតិ និង​ក្រុមគ្រួសារ កាន់តែ​មាន​ភាព​រីកចម្រើន​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ណែនាំ​ឱ្យ​យុវជន​សម្លឹងមើល​គោលដៅ​អនាគត​ឱ្យ​ហួស​ពី​ការប្រកួតប្រជែង​ត្រឹមតែ​កម្រិត​ក្នុងស្រុក ពីព្រោះ​ក្នុងសម័យ​សាកលភាវូបនីយកម្ម និង​ឌីជីថល​ដ៏​ជឿនលឿន​នេះ ទីផ្សារ​ការងារ​វិស័យ​ឯកជន មិន​មាន​ការប្រកាន់​ជនជាតិ​ណាមួយ​ឡើយ ពោល​គឺ​អ្នក​មាន​សមត្ថភាព សុទ្ធ​តែ​អាច​ចល័ត​បំពេញ​ការងារ​គ្រប់កន្លែង ហើយ​ទទួលបាន​ប្រាក់ខែ​ខ្ពស់​។ ភ្ជាប់​នឹង​ការសិក្សា​ឆ្ពោះទៅ​គោលដៅ​ការងារ​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​លើកទឹកចិត្ត​ឱ្យ​យុវជន​ដែល​នឹង​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២ ត្រូវ​បន្ត​ចូល​រៀន​ថ្នាក់​ឧត្តមសិក្សា ឬ​ជំនាញ​ណា ដែល​ខ្លួន​មាន​ចំណង់​ចំណូលចិត្ត មិន​ត្រូវ​រៀន​តាម​គ្នា ឬ​តាម​ការជំរុញ​ខុស​ពី​និស្ស័យ​ខ្លួន​ឡើយ​។​

​ក្នុងន័យ​នេះ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ជម្រាប​អង្គពិធី និង​យុវជន​អំពី​គោលនយោបាយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវ័យ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​ដាក់​ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដែល​ក្នុងនោះ​ក៏​ដៅ​យក​ការពង្រឹង​ធនធានមនុស្ស​ជា​អាទិភាព​។ ធនធានមនុស្ស បើ​តាម​ប្រមុខ​ក្រសួងមហាផ្ទៃ ជា​កត្តា​គន្លឹះ​ដែល​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ បាន​ប្ដេជ្ញាចិត្ត​បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​បំផុត បន្ត​ពី​រាជរដ្ឋាភិបាល នីតិកាល​កន្លងទៅ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដោយ​ផ្ដោត​លើ​ការពង្រឹង​គុណភាព​អប់រំ​ទាំង​ថ្នាក់​មូលដ្ឋាន ក្រោយ​ឧត្តម​សិក្សា ការផ្ដល់​អាហារូបករណ៍ និង​ការពង្រីក​ទីផ្សារការងារ​ជាដើម​៕

Leave a Reply

Your email address will not be published. Required fields are marked *