ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​អភិបាលខេត្ត​ស្ទឹងត្រែង​ថ្មី យកចិត្តទុកដាក់​លើ​ការផ្តល់សេវា​សាធារណៈ​ជូន​ពលរដ្ឋ និង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​

ស្ទឹងត្រែង ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ផ្ដល់​អនុសាសន៍ និង​គោលការណ៍​ណែនាំ​គន្លឹះៗ ទៅកាន់​អភិបាលខេត្ត​ស្ទឹងត្រែង​ថ្មី ឯកឧត្តម សរ សុ​ពុត្រា ឱ្យ​ការបន្ត​ថែរក្សា​និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការគ្រប់គ្រង និង​ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការផ្តល់សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ការដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន ការដោះស្រាយ​ជម្លោះ​ដីធ្លី ការទប់ស្កាត់​រាល់​បទ​ល្មើស​រំលោភ​កាន់កាប់​ដី​រដ្ឋ ព្រៃឈើ និង​ការបំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការដឹកនាំ ការគ្រប់គ្រង និង​របៀបរបប​បំពេញការងារ​។ ការ​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៤​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង យកចិត្តទុកដាក់​ដឹកនាំ​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ពិសេស​ការ​ចរាចរណ៍​ឆ្លងកាត់​ព្រំដែន ពង្រឹង​ការធានា​សុវត្ថិភាព​ម្ហូបអាហារ​និង​ឱសថ ពិសេស​ការអប់រំ​និង​បញ្ចៀស​កុំឱ្យ​កុមារ​តូច ទទួលទាន​អាហារ​ផ្អែម​ច្រើន​លើស​កម្រិត ពិនិត្យ​លទ្ធភាព​ឈាន​ទៅ​កាត់បន្ថយ និង​បញ្ចប់​ការផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​តាម​ទីសាធារណៈ ពង្រឹង​គុណភាព​សេវា​ផ្សេងៗ រួម​ទាំង​សេវា​អត្តសញ្ញាណ​កម្ម និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ល្អ​ជាមួយ​អាជ្ញាធរ​ជាប់​ព្រំដែន​។​

​សូមបញ្ជាក់​ថា ឯកឧត្តម សរ សុ​ពុត្រា ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៤ អតីត​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ត្រូវបាន​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ជំនួស​ឯកឧត្តម ស្វាយ សំ​អ៊ាង ដែល​ត្រូវ​តែងតាំង​តួនាទី​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​៕

Leave a Reply

Your email address will not be published. Required fields are marked *