​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ និង​គ្រឿងញៀន​!

កាលពី ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ធ្វើ​ការស្រាវជ្រាវ​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​រទេះភ្លើង សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ក្នុង​ករណី លួច និង​ករណី​គ្រឿងញៀន យកមក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ផ្លូវច្បាប់​។ ក្រោយពេល​ស្តាប់​ចម្លើយ​ឃើញថា ជនសង្ស័យ ០១​នាក់ ឈ្មោះ សុខ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ជាប់​ពាក់ព័ន្ធ​ករណី លួច​ម៉ូតូ និង​ប្រើប្រាស់​ដោយ​ខុ​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវបាន​បញ្ជូន មក​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ចំណែក​ជនសង្ស័យ​ចំនួន ០៤​នាក់​ទៀត ពាក់ព័ន្ធ​ក្នុង​ករណី​គ្រឿងញៀន ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ផងដែរ​។​

​ជនសង្ស័យ​ឈ្មោះ សុខ សុភ័ក្ត្រ បាន​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​នៅ​ទីតាំង​ខាងលើ ពិតប្រាកដ​មែន​។ ជនសង្ស័យ​បាន​បញ្ជាក់ថា សព្វថ្ងៃ​ខ្លួន​ជា​អ្នកលក់​ចែកចាយ​ថ្នាំញៀន​ផង និង​ប្រើប្រាស់​ថ្នាំញៀន​ផង​ដែរ ហើយ​រយៈ ពេលកន្លងមក ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​អ្នកដទៃ​ចំនួន ០១​គ្រឿង​ម៉ាក ហុងដា​វ៉េវ (​គ្មាន​លេខ​) កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្សារ​សិន​ជូ​រី ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនសង្ស័យ​បាន​បន្ថែមថា កន្លងមក ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស ០១​លើក កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ករណី ប្រើប្រាស់​ដោយ​សារធាតុ​ញៀន​ផងដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *