សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ប្រធាន​រដ្ឋ​វៀតណាម

​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ព្រហស្បតិ៍ ៥ រោច ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ង្វៀន ភូ​ជុង អគ្គលេខាធិការ​មជ្ឈម​បក្សកុម្មុយនីស្ត​វៀតណា​ម នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម តូ ឡឹម ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​ក្នុងជំនួប​ដ៏​មាន​សារៈសំខាន់​នោះ ភាគី​ទាំងពីរ​បាន​ថ្លែងអំណរគុណ​គ្នា​ទៅវិញទៅមក ពិសេស ឯកឧត្តម តូ ឡឹម បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​តេជោ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ អញ្ជើញ​មក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ភូ​ជុង អគ្គលេខាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម នា​ឱកាស​នេះ​។

​ឯកឧត្តម តូ ឡឹម មានប្រសាសន៍​ថ្លែង​អំណរគុណ​ថ្វាយ និង​ជូន​ចំពោះ​ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន មា​ណែ​ត នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​ទាំងអស់ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្ញើ​នូវ​សារ​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់ ថ្នាក់ដឹកនាំ​ដែល​ជា​មហា​បុរស​រដ្ឋ​វៀតណាម និង​ជា​ការបាត់បង់​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​។ ភាគី​ទាំងពីរ​បាន​សំដែង នូវ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការបាត់បង់ នូវ​ធនធាន​មហា​បុរស​រដ្ឋ​នេះ ទាំង​បក្ស​និង​ប្រជាជន​វៀតណាម​។

​ភាគី​ទាំងពីរ​បាន​សន្យា​ពង្រឹងពង្រីក​នូវ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា វៀតណាម ក៏​ដូចជា​កម្ពុជា វៀតណាម ឡាវ ក្នុងន័យនេះ ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម​បាន​សន្យាថា នឹង​បន្ត​នូវ​ភារកិច្ច​ដែល ឯកឧត្តម អគ្គលេខាធិការ បន្សល់ទុក​នូវ​ស្នាដៃ​នៃ​ការកសាង​ប្រទេស ក៏​ដូចជា​ការកសាង​នូវ​មិត្តភាព ជា​បងប្អូន ជា​មិត្ត​ជិតខាង​ល្អ​រវាង​កម្ពុជា វៀតណាម និង​ពង្រឹង​ពង្រីក​បន្ថែម​ទៀត សម្រាប់​មនុស្ស​ជំនាន់​ថ្មី​។

​ឯកឧត្តម តូ ឡឹម មានប្រសាសន៍​ថ្លែង​អំណរគុណ​ជូន​ចំពោះ​សម្តេច​តេជោ ដែល​បាន​បង្ហាញ​នូវ​មនោសញ្ចេតនា ក្នុង​ការចូលរួម​ជា​គ្រួសារ និង​ជូន​ដំណើរ​ជា​លើកចុងក្រោយ​ជូន​វិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ភូ​ជុង រហូត​ដល់​ថ្ងៃ​ទី​២៦ កក្កដា ស្អែក​ទៀត ដែល​នេះ​បាន​បង្ហាញឲ្យឃើញថា មិត្តភាព​ដែលមាន​ជាង​១​ទសវត្សរ៍​កន្លង​ទៅ រវាង ឯកឧត្តម ង្វៀន ភូ​ជុង ដែល​បាន​ធ្វើការ​ជាមួយ​សម្តេច​តេជោ គឺ​ពិតជា​មាន​តម្លៃ​ខ្លាំងណាស់​។

​ក្នុងនាម​ជា​ប្រធាន​រដ្ឋ​ថ្មី​របស់​វៀតណាម ឯកឧត្តម​នឹង​បន្ត​ការងារ​ទាំងអស់​នោះ ដើម្បី​ឲ្យ​ការងារ​ទាំង​បក្ស និង​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា វៀតណាម ក៏ដូចជា​ការងារ​បក្ស និង​រដ្ឋ នៃ​ប្រទេស​ទាំង​បី កម្ពុជា វៀតណាម ឡាវ ឲ្យ​កាន់តែ​រឹងមាំ​យូរអង្វែង​ត​ទៅ​មុខ​ទៀត​។

​តាមរយៈ​នេះ​ភាគី​ទាំងពីរ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ នៃ​ប្រទេស​ទាំង​ពីរ និង​អនុវត្តន៍​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ដើម្បីឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ អនុវត្តឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ពិសេស​លើ​កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ​ទាំងឡាយ ដែល​ថ្នាក់ដឹកនាំ​ជំនាន់​មុន​បាន​បន្សល់ទុក​៕

Leave a Reply

Your email address will not be published. Required fields are marked *