ស្ងាត់ៗ​ស្មានថា​សមត្ថកិច្ច​ផ្អាក​បង្ក្រាប​ក្មេង​ទំនើង គ្រាន់តែ​មាន​សកម្មភាព​ថ្មី​ឡើង អាវុធហត្ថ​ភ្នំពេញ​ធ្វើការ​បង្ក្រាប​ទៀត​!

(​ភ្នំពេញ​) ៖ ក្នុង​រយៈកាល​ចុងក្រោយ​នេះ គេ​បាន​ឃើញ​សកម្មភាព​អាវុធហត្ថ​និង​នគរបាល បាន​ធ្វើ​ការបង្ក្រាប ក្មេង​ទំនើង​ខ្ទង់ពាន់​នាក់ ធ្វើការ​អប់រំ​និង​មាន​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​ផងដែរ រហូត​ធ្វើ​ឲ្យ​សកម្មភាព​ភាព​ក្មេង​ទំនើង​ត្រូវបាន​ស្ងប់ស្ងាត់ ទទួលបាន​ការគាំទ្រ​និង​សាទរ​ពី​មហាជន​គ្រប់​មូលដ្ឋាន ស្រាប់តែ​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ មាន​សិស្សសាលា ០៦​នាក់ បាននាំគ្នា​បំពាន​បម្រាម ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ធ្វើការ​បង្ក្រាប បញ្ជូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​អប់រំ​នៅ​ចំពោះមុខ​អាណាព្យាបាល​និង​ឲ្យធ្វើ​កិច្ចសន្យា បញ្ឈប់​រាល់​សកម្មភាព​ទំនើង​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ការសិក្សា បំផ្លាញ​ទ្រព្យសម្បត្តិ​និង​កិត្តិយស​គ្រួសារ បង្ករ​ការភ័យខ្លាច​ដល់​អ្នក​ជុំវិញ ក៏ដូចជា​បង្ករ​ភាពអនាធិបតេយ្យ​ក្នុង​សង្គម​ផង​ដែរ​។

​តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្មេង​ទំនើង ទាំង​០៦​នាក់​នេះ មាន​០២​នាក់ បានធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ និង​០៤​នាក់​ទៀត ប្រមូលផ្តុំ​គ្នា​ជក់​បារី​អេឡិចត្រូនិច និង​មើល​រឿង​អាសអាភាស​គេច​ម៉ោង​រៀន​៕

Leave a Reply

Your email address will not be published. Required fields are marked *