ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់ មិន​ត្រូវ​មើលស្រាល​ចំពោះ​ផែនការ​ទុច្ចរិត​របស់​ក្រុមប្រឆាំង​ក្រៅច្បាប់

​ក្នុង​ពិធី​សំណេះសំណាល និង​ផ្ដល់​អំណោយ​លើកទឹកចិត្ត​ដល់​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​គូសបញ្ជាក់ថា អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់ មិន​ត្រូវ​មើលស្រាល​ចំពោះ​សភាពការណ៍​ក្នុងសង្គម ជាពិសេស​ការព្យាយាម​បង្កាត់ភ្លើង​ពី​សំណាក់​ក្រុមប្រឆាំង​ក្រៅច្បាប់​។​

​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​លើកយក​ករណី​ប៉ុនប៉ង​ធ្វើ​កុបកម្ម​របស់​ក្រុមប្រឆាំង​កាលពី​ថ្ងៃ​ទី​១៨ សីហា មក​ពន្យល់​ដោយ​បដិសេធ​ចំៗ​ចំពោះ​ការលើកឡើង​ពី​បុគ្គល​មួយចំនួន ដែល​ទៅ​ដើរ​និយាយថា រាជរដ្ឋាភិបាល ហាក់ដូចជា​ត្រៀមលក្ខណៈ​ជ្រុល​ហួសហេតុ​ពេក​ចំពោះ​ព្រឹត្តិការណ៍​នេះ​។ បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ការមើលស្រាល​សភាពការណ៍ នឹង​ផ្ដល់​លទ្ធផល​អាក្រក់ មិន​ខុស​ពី​អ្វី​ដែល​បាន​នឹង​កំពុង​កើតឡើង​នៅ​ប្រទេស​បង់​ក្លា​ដេស នោះទេ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បន្ថែមទៀតថា ព្រឹត្តិការណ៍ ១៨ សីហា ក្រុម​ជ្រុលនិយម បាន​បង្វែ​ពី​ការធ្វើ​បាតុកម្ម​ជំទាស់​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ទៅ​ជា​ការ​បំផុស​ចលនា​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដោយ​ផ្សព្វផ្សាយ​ឱ្យ​យុវជន និង​អ្នកមាន​និន្នាការ​មិន​ពេញចិត្ត​រាជរដ្ឋាភិបាល ធ្វើដំណើរ​មក​ជួបជុំគ្នា​នៅ​រាជធានី​ភ្នំពេញ រហូត​មាន​មនុស្ស​មួយចំនួន​តូច ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​រក​ឃើញ​ភស្តុតាង ដូចជា​៖ អាវុធ​កែច្នៃ ដប​សាំង និង​បណ្ដាញ​ទំនាក់ទំនង​ធ្វើ​សកម្មភាព​។​

​ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ និង​កងកម្លាំង នៃ​រដ្ឋបាល​ខេត្ត​ព្រៃវែង ដែល​អនុវត្ត​ផែនការ​ការពារ​សន្តិសុខ​បាន​យ៉ាង​ល្អប្រសើរ រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ទប់ស្កាត់​ដោយ​ជោគជ័យ​ការប៉ុនប៉ង​ធ្វើ​កុបកម្ម​របស់​ក្រុម​ជ្រុលនិយម​។ ដើម្បី​ជា​ការលើកទឹកចិត្ត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ឧបត្ថម្ភ​អង្ករ ចំនួន ១០​តោន មី ចំនួន ៥០​កេស​ធំ ត្រីខកំប៉ុង ចំនួន ៥០​កេស ទឹកបរិសុទ្ធ ចំនួន ៥០០​កេស និង​អាវ​ភ្លៀង ចំនួន ៣០០​អាវ​ផងដែរ ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​៕

Leave a Reply

Your email address will not be published. Required fields are marked *