​ព្រលឹម​ឡើង​ព្រួត​វាយ​គ្នា យ៉ាង​ក្លាហាន​គ្មាន​សំចៃ​ដៃ មិន​បាន​កន្លះ​ថ្ងៃ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​១១​នាក់ បញ្ជូនទៅ​តុលាការ​!

កាលពី​វេលា​ម៉ោង ០៥​និង​០០​នាទី​ព្រឹក ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២៤ មាន​យុវវ័យ ប្រុស​-​ស្រី មួយក្រុម បានធ្វើ​សកម្មភាព វាយ​និង​យក​ដុំថ្ម​គប់​លើ យុវវ័យ​មួយក្រុម​ទៀត បណ្ដាលឲ្យ​រងរបួស ចំនួន ០៦​នាក់ (​ប្រុស ០១​នាក់ ស្រី ០៥​នាក់​) នៅ​ចំណុច​ផ្លូវ​បេតុង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ តែ​នៅ​មិន​អស់ចិត្ត ក្រុម​ជនសង្ស័យ​ខាងលើនេះ បាននាំគ្នា​ទៅ​ធ្វើ​សកម្មភាព វាយ​ជនរងគ្រោះ​ដល់​ផ្ទះ​ម្ដង​ទៀត​យ៉ាង​ក្លាហាន​គ្មាន​សំចៃ​ដៃ គ្មាន​ខ្លាចក្រែង​ញញើត​ច្បាប់ ក្នុង​វេលា​ម៉ោង​ប្រមាណ ០៦​និង​៣០​នាទី ព្រឹក​ថ្ងៃ​ដដែល នៅ​ចំណុច​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​បន្ទាប់ពី​បាន​ឃើញ​មាន​វីដេអូ ផុស​តាម​បណ្តាញ​សង្គម កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ គ្រប់​គោលដៅ បាន​បើក​ការស្រាវជ្រាវ រហូតដល់​ម៉ោង​១៣ និង​៥២​នាទី ថ្ងៃ​ដដែល មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់ (​ប្រុស​ចំនួន ០៣​នាក់ ស្រី​ចំនួន ០៨​នាក់​) ក្នុងចំណោម ១៣​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ខាងលើ យកមក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​។​

​ក្រោម​វិធានការ​ជំនាញ ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១១​នាក់ បាន​ឆ្លើយ​សារភាព​ឱ្យដឹង​ដូចៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា ដោយ​នាំគ្នា​ព្រួត​វាយ និង​យក​ដុំថ្ម​គប់ ទៅលើ​ជនរងគ្រោះ បណ្តាលឲ្យ​រងរបួស ពិតប្រាកដ​មែន ព្រោះតែ​មូលហេតុ​ពួកខ្លួន មាន​ជម្លោះ​ជាមួយ​ក្រុម​ជនរងគ្រោះ​ដែល​ជា​បុគ្គលិក​លក់​ស្រា​ក្រឡុក មាន​ទីតាំង​នៅក្បែរ​គ្នា​។

​បច្ចុប្បន្ន​ជន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១១​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ដែល​កំពុង​រត់គេចខ្លួន អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​៕

Leave a Reply

Your email address will not be published. Required fields are marked *