​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​ដោយ​ជោគជ័យ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​!

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ មាតុភូមិ​និវត្តន៍​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រកបដោយ​សុវត្ថិភាព នា​យប់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៤ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ការងា​រ​ប្រកបដោយ​ជោគជ័យ នៅ​រដ្ឋធានី​ប៉េង​កាំ​ង និង​ខេត្ត​គួ​យ​ចូ​វ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៤​។

​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ដំណើរ​ទស្សនកិច្ច​ការងា​រ​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​អញ្ជើញ​ធ្វើ​ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ ជាមួយ​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង សមាជិក​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​។ ភាគី​ទាំងពីរ ក៏​បាន​ចុះហត្ថលេខា​លើ​ផែនការ​ការងារ​ស្តី​ពី​ការបន្ត​អនុវត្ត​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ និងណៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការ​បន្ត​ដំណើរការ​ការិយាល័យ​សម្របសម្រួល​កិច្ចសហប្រតិបត្តិកា​រកា​រ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​ទាំង​ពីរ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង ក៏​បាន​បន្ត​ជួបពិភាក្សា​ទ្វេភាគី​ដាច់ដោយឡែក​មួយ​ទៀត ដោយ​ក្នុង​ជំនួប​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​នានា ដែល​ភាគី​ចិន បាន​និង​កំពុង​ជួយ​កម្ពុជា លើ​វិស័យ​សន្តិសុខ ទាំង​ការ​ផ្តល់​សម្ភារៈ​បច្ចេកទេស ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស និង​សកម្មភាព​ឆបោក​តាម​អន​ឡាញ​ជាដើម​។

​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដូច​គ្នា ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ភាគី​ទាំងពីរ នា​ពេលកន្លងមក ព្រមទាំង​បាន​បង្ហាញ​ក្ដីសង្ឃឹម​ជឿជាក់​ខ្ពស់​ថា នៅក្នុង​អាណត្តិ​ថ្មី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន នឹង​កាន់តែ​មាន​ភាព​រីកចម្រើន​ជា​ផ្លែផ្កា​។ ឯកឧត្តម ក៏​បាន​បញ្ជាក់​ជូន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត នូវ​ការ​បន្ត​គាំទ្រ និង​ផ្តល់​ជំនួយ​ទាំង​ផ្នែក​ពង្រឹងសមត្ថភាព និង​សម្ភារៈ​ផ្សេងៗ​ផងដែរ​។

​ក្នុងជំនួប​នោះ​ដែរ ភាគី​ទាំងពីរ ក៏​បាន​គូសបញ្ជាក់​នូវ​អំណរ​សាទរ​ចំពោះ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ទាំង​ពីរ​លើក របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា មកកាន់​ប្រទេស​ចិន កាលពី​ឆ្នាំ​២០២៣ ជាពិសេស​ការឯកភាព​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ ដោយ​បាន​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​នៃ​ការកសាង​សហគមន៍​វាសនា​រួម កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី សម្រាប់​ឆ្នាំ​២០២៤-២០២៨​។

​ក្រៅពីនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​គួ​យ​ចូ​វ ដោយ​បាន​ពិនិត្យ និង​ស្វែងយល់​អំពី​ការងារ​នៅ​មជ្ឈមណ្ឌល​ទិន្នន័យ​ធំ​របស់​ខេត្ត​គួ​យ​ចូ​វ ការិយាល័យ​អនុវត្ត​ច្បាប់​នៃ​មន្ទីរ​សន្តិសុខ​សាធារណៈ នៃ​សង្កាត់​គ័ន​សាន​ហ៊ូ និង​ទទួល​ជួប​សំណេះសំណាល​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​គួ​យ​ចូ​វ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ស៊ី លីន លេខា​បក្ស​ខេត្ត​គួ​យ​ចូ​វ មុន​អញ្ជើញ​មាតុភូមិនិវត្តន៍​។

​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន បាន​ចុះហត្ថលេខា​បង្កើត​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​ជាមួយ​គ្នា​ចាប់ពី​ឆ្នាំ​២០១៩​។ កិច្ចសហប្រតិបត្តិការ​នេះ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញា​ចិត្ត​ក្នុង​កិច្ចសហការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។ សម្រាប់​ឆ្នាំ​បន្ត​នេះ ភាគី​ទាំងពីរ បាន​ផ្ដោត​លើ​ការងារ​សន្តិសុខ ការស្វែងរក​ជនល្មើស និង​ការធ្វើ​មាតុភូមិនិវត្តន៍ ការពង្រឹង​ការអនុវត្ត​ច្បាប់​ជាក់ស្តែង ការកសាង​សមត្ថភាព ការលើកកម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​កិច្ចសហប្រតិបត្តិការ​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *