សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ឆ្លៀត​ពេល​ដ៏​មមាញឹក​ជួប​សំណេះសំណាល​ជាមួយ​លោកតា លោកយាយ និង​សិស្សានុសិស្ស នៅ​សហគមន៍​ស្ទឹងមានជ័យ

នា​ព្រឹក​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជួប​សំណេះសំណាល ពិសារ​អាហារ​សាមគ្គី​ជាមួយ លោកតា លោកយាយ និង​សិស្សានុសិស្ស នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) ប្រមាណ​ជិត ១០០០ នាក់ នៅ​សាលា​មត្តេយ្យ​យ៉ូស ស្ថិតក្នុង​ភូមិប្ញ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ក្នុង​ដំណើរ​ចុះ​សួរសុខទុក្ខ​ដោយ​ឥត​ព្រៀងទុក​នេះ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​លោកតា​លោកយាយ និង​សិស្សានុសិស្ស​នៃ​អង្គការ​ទាំង​២ ប្រកបដោយ​ភាពសប្បាយ​រីករាយ ព្រមទាំង​បាន​សន្យាថា​នឹង​រៀបចំ​ដំណើរ​កម្សាន្ត​ជូន​លោកតា​លោកយាយ​ទៅ​កម្សាន្ត​នៅ​ភ្នំ​គូ​លេន ខេត្តសៀមរាប នាពេល​ខាងមុខ​នេះ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ សម្ដេច​បវរ​ធិបតី បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់ លោក ស្កុត នី​សិន ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​លោកស្រី ម៉ា​រី​ហ្វ្រង់ ដេ​ប៉ាលី​យែរ នាយិកា​គ្រប់គ្រង​នៃ​អង្គការ​ស្នាមញញឹម​នៃ​កុមារ (PSE) ដែល​កន្លងមក​អង្គការ​ទាំង​ពីរ បាន​រួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ចូលរួម​លើកកម្ពស់​ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ ជាពិសេស បាន​ផ្ដល់​ការអប់រំ​ដល់​កូនៗ​របស់​ពួក​គាត់​តាំង​ពី​ថ្នាក់​បឋម​សិស្ស​រហូត​ដល់​ឧត្តមសិក្សា និង​អ្នកខ្លះ​មាន​សមត្ថភាព​ទទួលបាន​អាហារូបករណ៍​ចេញទៅ​សិក្សា​នៅ​ក្រៅប្រទេស​ថែម​ទៀត ។ ជាមួយគ្នានេះ សម្ដេច ក៏​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​នៃ​អង្គការ​ទាំង​ពីរ ដើម្បី​បាន​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា នៅក្នុង​ប្រទេស និង​អាហារូបករណ៍​នៅ​ប្រទេស​ចិន​ផង​ដែរ ។

​ក្នុងឱកាស​នោះ លោក ស្កុត នី​សុន ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បានបង្ហាញ​ចំណាប់អារម្មណ៍ និង​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ដែល​បាន និង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​បេសកកម្ម​របស់​អង្គការ​មនុស្សធម៌​រប​ស់លោក​អស់​រយៈពេល​ជាង ១០ ឆ្នាំ មកនេះ ។ ទន្ទឹមនេះ លោក ស្តុត នី​សុន ក៏​បាន​ធ្វើ​សេចក្ដីរាយការណ៍​សំខាន់ៗ​អំពី​សមិទ្ធផល​ជាង ២០ ឆ្នាំ របស់​អង្គការ​នៅលើ​ទឹកដី​កម្ពុជា​ក្នុង​សហគមន៍​ស្ទឹងមានជ័យ ដោយ​បាន​ជួយ​គាំទ្រ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់ តាមរយៈ​ការគាំទ្រ​សហគមន៍ កម្មវិធី​ថែទាំ​សុខភាព និង​កម្មវិធី​អប់រំ ក្នុងនោះ​មាន​សិស្ស​កំពុង​សិក្សា​ចំនួន​សរុប​ប្រមាណ ១.៨០០ នាក់ ដោយ​សិស្ស​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​មាន​ចំនួន ១៨៥ នាក់ នៅ​ទារកដ្ឋាន និង​មតេយ្យ​សិក្សា ១៤០ នាក់ ។

​លោកតា លោកយាយ សិស្សានុសិស្ស​ទាំងអស់ បានបង្ហាញ​ក្ដីរំភើប និង​សប្បាយរីករាយ​ឥតឧបមា ដែល​សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត បាន​ផ្ដល់​កិត្តិយស​ឆ្លៀត​ពេល​ដ៏​មមាញឹក​ពី​ការងារ​ចុះ​ជួប​ណេះ​សំណាល និង​ពិសារ​អាហារ​សាមគ្គី ជាមួយគ្នា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច និង​លោកជំទាវ ក៏ដូចជា​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​សិស្សានុសិស្ស​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ និង​ការសិក្សា​របស់​ក្មេងៗ​ក្នុង​សហគមន៍​នេះ​។

​ជា​ចុងក្រោយ សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក៏បាន​ផ្ដល់​អំណោយ​ជូន​លោកតា លោកយាយ អង្គការ​ទាំង​ពីរ និង​សិស្សានុសិស្ស​មាន​ទាំង​ថវិកា និង​គ្រឿងឧបភោគ​បរិភោគ ជាច្រើន​សម្រាប់​បំពេញ​តម្រូវការ​ទទួល​ទាន​ប្រចាំថ្ងៃ​៕

Leave a Reply

Your email address will not be published. Required fields are marked *