អបអរសាទរ​ខួប​លើក​ទី​៣៣ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤)

៣៣​ឆ្នាំមុន ពោល​គឺ​នៅ​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគី​ទាំង ៤ របស់​កម្ពុជា​រួមមាន​៖ សម្តេច​តេជោ ហ៊ុន សែន តំណាង​ឲ្យ​រដ្ឋាភិបាលក​ម្ពុ​ជា ចលនា​តស៊ូ​ហ្វ៊ុនស៊ិនប៉ិច ដែល​តំណាង​ដោយ​សម្តេច​ព្រះ នរោត្តម សីហនុ និង​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញ​ទ្ឋិ រណសិរ្ស​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយ លោក សឺ​ន សាន និង ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ តំណាង​ដោយ លោក ខៀវ សំផន បាន​ឈាន​ទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មកពី ១៨​ប្រទេស រួម​ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​។​

​មុន​នឹង​ឈាន​មក​ដល់​កិច្ចព្រមព្រៀង នា​ទីក្រុង​ប៉ារីស ២៣ តុលា គឺ​សម្តេច​តេជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ដំបូង​បំផុត​ជាមួយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី ២ ខែ​ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង ដែល​ការចរចា​នេះ មាន​សេចក្តីប្រកាស​រួម​ឡាយព្រះហស្តលេខា​ដោយ​សម្តេច​ព្រះ នរោត្តម សីហនុ និង​សម្តេច​តេជោ ហ៊ុន សែន ដែល​ហៅថា (​ជំនួប​ចរចា សីហនុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-៤ ខែ​ធ្នូ ឆ្នាំ ១៩៨៧)​។​

​បន្ទាប់មក ក៏មាន​កិច្ចចរចា​បន្ត​រវាង សីហនុ​-​ហ៊ុន សែន លើក​ទី ២ ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី ២០-២១ ខែ​មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅ​ទីកន្លែង​ផ្សេងៗ​មួយចំនួនទៀត​។ ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា នៅ​បន្ត​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)​។

​ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន គឺ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង នៅ​ឆ្នាំ ១៩៩៨ ដែល​កម្ពុជា​ទូទាំងប្រទេស បាន​ស្គាល់​នូវ​សន្តិភាព​ពេញលេញ និង​សម្បូរ​សប្បាយ​រហូតមក​ដល់​សព្វថ្ងៃ​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *