ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ​ការសាងសង់ កន្លែង​វិបស្សនា​ថ្មី​នៅក្នុង​បរិវេណ​មជ្ឈមមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា លើ​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រឹត​កុសុមៈ​«​គីរីរម្យ​»

កំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២១ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ​ការសាងសង់ កន្លែង​វិបស្សនា​ថ្មី​នៅក្នុង​បរិវេណ​មជ្ឈមមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា លើ​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រឹត​កុសុមៈ​«​គីរីរម្យ​» ដែល​ជា​គោលដៅ​ទេសចរណ៍​នាំឱ្យ​ភាព​ស្អាត​ក្នុង​ចិត្ត ភាព​ស្អាត​មក​ខាងក្រៅ ជាមួយ​ធម្មជាតិ​ស្រស់​ស្អាត​ព័ទ្ធជុំវិញ ។​

​កន្លែង​វិបស្សនា​ថ្មី​នេះ គឺ​ជា​គោលដៅ​ទេសចរណ៍​លំហែ​បៃតង និង​សាក​សម​សម្រាប់​អ្នកប្រតិបត្តិ​សាសនា និង​កន្លែង​អ្នក​ទេសចរណ៍ ដែល​ត្រូវ​បាន​ធ្វើឱ្យ​ចិត្ត​ស្អាត ស្អាត​ទាំង​គំនិត និង​ស្អាត​ទាំង​បរិស្ថាន​ខាងក្រៅ ជាមួយ​ធម្មជាតិ​ស្រស់​ស្អាត​ព័ទ្ធជុំវិញ​។​

​ឯកឧត្តម​បណ្ឌិត បាន​មានប្រសាសន៍​បន្ថែម​ថា ការរៀបចំ​សាងសង់​ទីកន្លែង​សមាធិ​នេះ​ឡើង គឺ​ដើម្បី​ផ្សព្វផ្សាយ ពី​មាគ៌ា​ព្រះពុទ្ធសាសនា វប្បធម៌ និង​បង្ហាញ​អំពី​ធនធាន​ធម្មជាតិ ផ្សារ​ភ្ជាប់​នឹង​ជីវិត​ប្រចាំថ្ងៃ ដែល​ប្រកបដោយ​ធម៌​សន្តោស កសាង​សន្តិភាព​ផ្លូវចិត្ត​ឱ្យ​រឹងមាំ តាមរយៈ​ការសិក្សា​ធម៌​វិន័យ​របស់​ព្រះពុទ្ធ ដែល​ផ្តោត​សំខាន់​លើ​ភាព​ល្អ​បរិសុទ្ធ ភាព​ស្អាត​នៃ​ចិត្ត ស្រប​តាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨​។​

​ក្នុង​នោះ​ផង​ដែរ គម្រោង​ទេសចរណ៍​លំហែរ​បៃតង ជា​យុទ្ធសាស្ត្រ​ចម្បង​មួយ​របស់​ក្រសួង​បរិស្ថាន កើតចេញ​ពី​ការអនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​បាន​បាន​ផ្តោត​លើ​មុំ​យុទ្ធសាស្ត្រ​ចំនួន​៣ គឺ​ស្អាត បៃតង និង​ចីរភាព​។ យុទ្ធសាស្ត្រ​បាន​យកចិត្តទុកដាក់​លើ​អភិរក្ស​បរិស្ថាន វប្បធម៌ ជំនឿ​សាសនា និង​ធនធានធម្មជាតិ ព្រមទាំង​ជួយ​លើកកម្ពស់​សោភ័ណភាព​តំបន់​ធម្មជាតិ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ តាម​តំបន់ការពារធម្មជាតិ ពីព្រោះថា ការសាងសង់​នេះ គឺ​ទុក​សម្រាប់​ជា​ប្រយោជន៍​ជូន​ពួកគាត់ ឱ្យ​រក​ប្រាក់​ចំណូល​បន្ថែ​ម ព្រមទាំង​រក្សា​ភាពថ្លៃថ្នូរ​ដែលជា​ទំនៀមទម្លាប់ របស់​ប្រជាជាតិ​ពី​ដូនតា​ខ្មែរ​។​

​សូមបញ្ជាក់​ថា កន្លែង​សមាធិ​ដ៏​ទំនើប​មួយ​នៅ​កម្ពុជា​នេះ បាន​រចនា​ឡើង​តាម​រចនាបទ​ខ្មែរ តាម​គំនិត​ច្នៃប្រឌិត​និង​បង្កើតឡើង​ដោយ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​បាន​សង់​ឡើង​មាន​ជា​តង់​សម្រាក តាម​ស្ថាបត្យកម្ម​ខ្មែរ ដោយ​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់ សម្រាប់​កន្លែង​សមាធិ បរិស្ថាន​ជុំវិញ និង​មាន​មុង​ការពារ​ការរំខាន​ពី​សត្វល្អិត តាមរយៈ​ភាព​ស្ងប់ ងាយស្រួល​ដល់​ការ​ស្វាធ្យាយ និង​សម្អាតចិត្ត​ឱ្យ​ស្អាត​ផូរផង់​ល្អ​។​

​បច្ចុប្បន្ន​គម្រោង​បាន​បញ្ចប់​ការសាងសង់ សមាធិ​ចំនួន​១០​កន្លែង ព្រមទាំង​កាំជណ្តើរ​ឡើង​ភ្ជាប់​ទៅ​ទីតាំង​ទាំងនោះ ដ៏​ល្អ​ស្អាត​ផង​ដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រុមការងារ​សាងសង់ បន្ត​យកចិត្តទុកដាក់​បង្កើត​ជា​សួនច្បារ ដែល​ត្រូវ​ដាំ​ដុះ​ផ្កា និង​ដើមឈើ​លម្អ​បន្ថែមទៀត ដើម្បី​បង្កើន​សោភ័ណភាព និង​បរិយាកាស​ល្អ​មួយ​កម្រិត​ទៀត​។ តាម​គម្រោង​កន្លែង​សមាធិ នឹង​ត្រូវ​សាងសង់​ចំនួន ៥០​ទីតាំង ផ្សេង​គ្នា​ជា​បន្តបន្ទាប់ ដើម្បី​ទទួល​ពុទ្ធបរិស័ទ ឬ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​អញ្ជើញ​មក​កម្សាន្ត​ឧទ្យាន​ជាតិ​«​គីរីរម្យ​» បាន​ចូលរួម​ទស្សនា​ទេសភាព​ធម្មជាតិ ស្រូប​យក​ខ្យល់​អកា​ស​បរិសុទ្ធ ស្វែងយល់​ពី​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធ្វើ​សមាធិ សិក្សា​ធម៌​វិន័យ​របស់​ព្រះពុទ្ធសាសនា ដែលជា​ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ត​ពី​ដូនតា​៕

 

Leave a Reply

Your email address will not be published. Required fields are marked *