សម្តេច​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ សន្តិភាព​ប្រៀបបាន​ទៅ​នឹង​ដើមឈើ​ហូប​ផ្លែ ហើយ​ផ្លែផ្កា​នៃ​សន្តិភាព​គឺជា​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​ដែល​យើង​គ្រប់ៗ​គ្នា​កំពុង​ទទួលបាន​

​នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​អភិវឌ្ឍន៍ ទំនប់​អូ​រតេធិបតី ទំនប់​សែន​សុខ​ដុម និង ទំនប់​សែន​មនោ​រម្យ ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​បាន​អនុវត្តន៍​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សម្រាប់​បម្រើ​ឱ្យ​ពហុ​វិស័យ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ជាពិសេស ធានា​ដល់​ការគ្រប់គ្រង​ទឹក និង​ការផលិត​ទឹកស្អាត ព្រមទាំង​ការងារ​ស្រោចស្រព​ក្នុង​វិស័យ​កសិកម្ម​។ គម្រោង​នេះ​ប្រើ​ពេល​សាងសង់​រយៈពេល ៣ ឆ្នាំ និង​បាន​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ ៦២ លាន​ដុល្លារ​អាមេរិក​។

​ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា​ក្រោយ​បញ្ចប់សង្គ្រាម តាមរយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​កិច្ច​ការងារ​ចម្បង​ចំនួន ៣ ៖ ទី​១. ពង្រឹង​ភាពជឿ​ទុកចិត្ត ដើម្បី​រក្សា​សន្តិភាព​ឱ្យបាន​ឋិតថេរ ទី​២. ការធ្វើសមាហរណកម្ម​ខ្លួន​លើ​ឆាក​អន្តរជាតិ និង​ទី​៣. ការអភិវឌ្ឍ​ប្រទេសជាតិ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​។ ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន ក្នុង​រយៈពេល ២៥ ឆ្នាំ ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​ទទួលបាន​នូវ​សុខ​សន្តិភាព​ពេញលេញ និង​មាន​ឯកភាព​ជាតិ ជាមួយ​និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ និង​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង ៤ ដំណាក់កាល ដោយ​សម្រេច​បាន​សមិទ្ធ​ផល​ធំៗ​ជាច្រើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ សង្គម​-​សេដ្ឋកិច្ច និង​វប្បធម៌ ដែល​ធ្វើឱ្យ​កម្ពុជា​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​គួរ​ជាទី​មោទនៈ ទាំង​នៅក្នុង​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​។ ប្រទេស​កម្ពុជា​ដែល​ពីមុន​ធ្លាប់​បាន​ឆ្លងកាត់​នូវ​សង្គ្រាម​ហែកហួរ និង​ធ្លាប់​ជា​វាលពិឃាត​ក្នុងអំឡុង​ទសវត្សរ៍ ឆ្នាំ​១៩៧០ ជា​តំបន់​អសន្តិសុខ និង​ជា​ចម្ការមីន ដែល​គ្រប់​គ្នា​ភ័យខ្លាច ប៉ុន្តែ​បច្ចុប្បន្ន​នេះ បាន​ប្រែ​មុខមាត់​ថ្មី មាន​សុខសន្តិភាព ប្រជាជន​រស់នៅ​ដោយ​សប្បាយរីករាយ និង​អាច​ធ្វើដំណើរ​បាន​គ្រប់​ទីកន្លែង គ្រប់ពេលវេលា នៅ​ទូទាំង​ផ្ទៃ​ប្រទេស​ដោយ​មិន​មាន​ការភ័យព្រួយ​ឡើយ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល គ្រប់​អាណត្តិ បាន​ខិតខំ​គិតគូរ​ធ្វើយ៉ាងណា​រុញ​ការអភិវឌ្ឍ​ឱ្យបាន​ទៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ព្រមទាំង​ខិតខំ​រិះរក​មធ្យោបាយ និង​ដាក់​ចេញ​នូវ​យន្តការ​នានា ជា​បន្តបន្ទាប់ រួមទាំង​ការប្រើប្រាស់​ធនធាន​ក្នុងប្រទេស និង​សហការ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍​អន្តរជាតិ ដោយ​រក្សា​បាន​ទាំង​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​។

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ សម្តេច​បវរ​ធិបតី បាន​បញ្ជាក់​ជា​ថ្មី​ជូន​ជនរួមជាតិ​ថា រយៈពេល​២៥​ឆ្នាំ​នៃ​ការចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA គឺ​មាន​គោលដៅ​ពន្លឿន​ការរអភិវឌ្ឍន៍​ខេត្ត​ភាគ​ឦសាន​ឱ្យមាន​ការរីកចម្រើន មិនមែន​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ដូច​ការចោទប្រកាន់​ពី​សំណាក់​ក្រុម​ជ្រុលនិយម​មួយចំនួន​នៅ​ក្រៅ​ប្រទេស​នោះ​ទ្បើយ​។ សម្តេច​បវរ​ធិបតី បាន​រំឭកថា នៅ​ឆ្នាំ​១៩៩៩ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បាន​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ដែល​ជា​ក្របខណ្ឌ​មួយ​មាន​ការជួយ​គាំទ្រ​ពី​សំណាក់​ប្រទេស​ជា​មិត្ត​ដូចជា ប្រទេស​ជប៉ុន អាល្លឺម៉ង់ និង​ដៃគូរ​អភិវឌ្ឍ​មួយចំនួនទៀត​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ កម្ពុជា​ទាញ​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ដូចដែល​យើង​មើលឃើញ​ជាក់ស្តែង​ក្នុង​ខេត្ត​ទាំង​នេះ​។ ការណ៍​ដែល​រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់​កិច្ចហប្រតិបត្តិការ CLV-DTA គឺ​ដើម្បី​បញ្ចប់​ការវែកញែក និង​រក្សា​សាមគ្គី​ឯកភាព​ជាតិ ប៉ុន្តែ​មក​ដល់ពេលនេះ​នៅ​មាន​អ្នកនយោបាយ​មួយចំនួន​នៅតែ​បន្ត​អុចអាល បំផុសបំផុល​ឱ្យមាន​ការប្រឆាំង​តវ៉ា ខណៈពេល​ដែល​ពីមុន​ខ្លួន​បាន​គាំទ្រ​កិច្ចការងារ​នេះ ពេល​ដែល​នៅ​ជា​តំណាងរាស្ត្រ​ក្នុង​សភា​ដែរសោះ ហើយ​ទង្វើ​នេះ​គឺ​ជា​ទង្វើ​គ្មាន​សុចរិត​ភាព ដែល​អាច​នាំឱ្យ​មាន​ការ​បែកបាក់​ឯកភាព​ជាតិ​ដូច​ពី​អតីតកាល​។​

​ជា​ចុងក្រោយ សម្តេច​មហា​បវរ​ធិបតី បាន​សំណូមពរ​ដល់​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​ឱ្យបាន​គង់វង្ស​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​រៀង​រហូត​ទៅ​។ សម្តេច​ធិបតី​បានចាត់ទុក​សន្តិភាព​ប្រៀប​បាន​ទៅ​នឹង​ដើមឈើ​ហូប​ផ្លែ ហើយ​ផ្លែផ្កា​នៃ​សន្តិភាព​គឺជា​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​ដែល​យើង​គ្រប់ៗ​គ្នា​កំពុង​ទទួលបាន ៕

Leave a Reply

Your email address will not be published. Required fields are marked *