សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ​

នៅ​ព្រឹក ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ នៅ​វិមាន​រដ្ឋ​សភា រដ្ឋធានី​អង់កា​រ៉ា​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ប្រធានសភា បាន​សម្តែង​ក្តីរីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ សម្ដេច​តេជោ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​តួ​ក​គី​យេ​។ ឯកឧត្តម បានចាត់ទុក សម្តេច​តេជោ គឺ​ជា​ឥស្សរជន​នយោបាយ​ដ៏​សំខាន់​បំផុត និង​ស្ថាបនិក​នៃ​កម្ពុជា​ទំនើប​បច្ចុប្បន្ន ហើយ បាន​គូសបញ្ជាក់ថា ទស្សនកិច្ច​របស់​សម្តេច​តេជោ មាន​សារៈសំខាន់​ពិសេស ខណៈពេល​ដែល​ប្រទេស​យើង​ទាំង​ពីរ ប្រារព្ធ​ខួប​លើក​ទី​៦៥​នៃ​ទំនាក់ទំនង​កា​ទូត​។

​ឯកឧត្តម បាន​បន្តថា សកលលោក កំពុង​ចូលក្នុង​យុគសម័យ​ថ្មី ដែល​គេ​សំគាល់ថា​មាន​ការផ្លាស់ប្តូរ​លឿន និង​បង្កើត​តុល្យភាព​ថ្មី​។ ក្នុង​បរិបទ នេះ តួ​ក​គី​យេ ផ្តល់​សារៈសំខាន់​ពិសេស ដល់​ទ្វីបអាស៊ី ដែល​ក្នុងនោះ មាន​កម្ពុជា​ផង​ដែរ​។ ជាមួយគ្នានេះដែរ ឯកឧត្តម​ប្រធានសភា បាន​លើកឡើង​ថា តួ​ក​គី​យេនឹ​ង​បន្ត​កសាង​ស្ពាន​សហប្រតិបត្តិការ​ថ្មីៗ​ទៀត​ជាមួយ​កម្ពុជា​។ តួ​ក​គី​យេបាន​បើក​មជ្ឈមណ្ឌល​វប្បធ​ម៌​នៅ​ទីក្រុង​ភ្នំពេញ ហើយ ដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​តួ​ក​គី​យេ (TIKA) បាន​ចុះហត្ថលេខា​ខាង​វិស័យ​អប់រំ សិក្សាធិការ​។ ជាក់ស្តែង និស្សិត​កម្ពុជា ២៥ នាក់​កំពុង​សិក្សា​នៅ​តួ​ក​គី​យេ ហើយ​សង្ឃឹមថា​នឹង​មាន​ច្រើន​ទៀត​នៅ​ពេល​អនាគត​។​

​ឯកឧត្តម បាន​បន្ថែមថា កម្ពុជា​មាន​សក្តានុពល​ធំធេង​ខាង​វិស័យ​ពាណិជ្ជកម្ម ក៏ប៉ុន្តែ ទំហំ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ សម្រេចបាន ប្រមាណ​៣៥០​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៤ លើ ផែនការ​សម្រេច​ឱ្យបាន ១​ពាន់​លាន​ដុល្លារ​។ ឯកឧត្តម បាន​បន្តថា ទស្សនកិច្ច​របស់ សម្តេច​តេជោ នាពេលនេះ សំខាន់​ណាស់​សម្រាប់​កសាង​ទំនាក់ទំនង​អន្តរ​សភា​ទ្វេភាគី និង​ពហុភាគី ដែល​ក្នុងនោះ មាន សន្និបាត​អន្តរ​សភា​អាស៊ាន (IPA) ផងដែរ​។

​នា​ឱកាស​នោះ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ ឯកឧត្តម ប្រធានសភា​តួ​ក​គី​យេ ចំពោះ​ការអញ្ជើញ និង ស្វាគ​ម៍យ៉ាង​កក់ក្តៅ ព្រមទាំង ការលើក​ឡើង​យ៉ាង​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង រវាង​ប្រទេស​យើង​ទាំង​ពីរ​។ សម្តេច បាន​លើកឡើង​ថា ទស្សនកិច្ច​របស់ សម្តេច នាពេលនេះ ចំ​ពេល​នៃ​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​យើង​ទាំង​ពីរ និង​បន្ទាប់​ពី តួ​ក​គី​យេ និង​កម្ពុជា បានដាក់​ស្ថានទូត​ទៅវិញទៅមក ។

​សម្តេច​តេជោ បាន​អរគុណ ឯកឧត្តម​ប្រធានសភា ដែល​បាន​លើកសរសើរ​គុណសម្បត្តិ​ដឹកនាំ​របស់​សម្តេច​យ៉ាងខ្លាំង​។ ក្នុងឋានៈ​ជា​ប្រធាន​ព្រឹទ្ធសភា​ថ្មី សម្តេច​នឹង​បន្ត​ធ្វើ​អ្វីៗ​ទាំងអស់ ដើម្បី​កម្ពុជា​បន្ត​រក្សា​បាន នូវ​សន្តិភាព និង ស្ថិរភាព​យូរអង្វែង​។​

Leave a Reply

Your email address will not be published. Required fields are marked *