ក្រសួង​សាធារណការ និង​ដឹកជញ្ជូនប្រកាស​កែសម្រួល​សមាសភាព​មន្ត្រី​មួយចំនួន​នៅ​តាម​ស្ថានីយ​ជញ្ជីង​អចល័ត​ចំនួន

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាស​កែសម្រួល​សមាសភាព​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បំពេញ​ភារកិច្ច​នៅ​តាម​ស្ថានីយ​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ៥​ទីតាំង រួម​មាន​ស្ថានីយ​ជញ្ជីង​អចល័ត ព្រែក​ឯង រាជធានី​ភ្នំពេញ ស្ថានីយ​ជញ្ជីង​អចល័ត ក្រសាំង ខេត្ត​កណ្តាល ស្ថានីយ​ជញ្ជីង​អចល័ត ស្ទឹងច្រាល ខេត្ត​ព្រះសីហនុ ស្ថានីយ​ជញ្ជីង​អចល័ត ប្រាសាទ ខេត្ត​កំពង់ធំ និង​ស្ថានីយ​ជញ្ជីង​អចល័ត ឃ្លាំង​មឿង ខេត្ត​ពោធិ៍សាត់​។​

​មន្ត្រី​ក្រសួង​បានបញ្ជាក់​ថា គោលបំណង​នៃ​ការកែសម្រួល​សមាសភាព​មន្ត្រី​នៅ​តាម​ស្ថានីយ​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​ល​លើស​ទម្ងន់​កម្រិត​កំណត់ គឺ​ដើម្បី​ពង្រឹង​យន្តការ​អនុវត្ត​ការងារ​របស់​មន្ត្រី​តាម​ស្ថានីយ​នី​មួយៗ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ផ្តល់​ឱកាស​ដល់​មន្ត្រី​អាច​ផ្លាស់ប្តូរ ចែករំលែក​និង​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត​។

​ទន្ទឹមនឹងនេះ មន្ត្រី​របស់​ក្រសួង ដែល​បាន​កែសម្រួល​ផ្លាស់​ទៅ​ទីតាំង​ស្ថានីយ​ថ្មី ក៏​មាន​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការទប់ស្កាត់​បទល្មើស​នៃ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ អនុវត្ត​យ៉ាង​ត្រឹមត្រូវ តាម​បទ​ប្បញ្ញត្តិ​ដែល​មានចែង​ក្នុង​មាត្រា​២៦ និង​មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ បង្កើន​សាមគ្គីភាព ពង្រឹង​វិន័យ និង​កិច្ច​សហការ​ឱ្យ​កាន់តែ​ល្អ​រវាង​អង្គភាព​ចម្រុះ ដែល​បំពេញ​តួនាទី​ភារកិច្ច​ក្នុង​ស្ថានីយ​ជញ្ជីង អចល័ត ព្រមទាំង​គោរព​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ រួម​ទាំង​សេចក្តីណែនាំ​លេខ​១២២ ស​ណន​.​លគស​អ ចុះ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ ស្តី​ពី​ការពង្រឹង​វិន័យ និង​បែបបទ​អនុវត្ត​ការងារ​របស់​មន្ត្រី​ស្ថានីយ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ដោយ​ការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *