លោក​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ៖ «​សិទ្ធិ​សេរីភាព​សារព័ត៌មាន សិទ្ធិ​ក្នុង​ការបញ្ចេញមតិ និង​ទទួលបាន​ព័ត៌មាន​នៅ​កម្ពុជា ត្រូវបាន​លើកកម្ពស់​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​»

​ភ្នំពេញ ៖ លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា សិទ្ធិ​សេរីភាព​សារព័ត៌មាន សិទ្ធិ​ក្នុង​ការបញ្ចេញមតិ និង​ទទួលបាន​ព័ត៌មាន​នៅ​កម្ពុជា ត្រូវបាន​លើកកម្ពស់​ក្រោម​ដំបូល​នៃ​សុខសន្តិភាព ដោយ​រាជរដ្ឋាភិបាល​ពី​អាណត្តិ​មួយ ទៅ​អាណត្តិ​មួយ​ជា​រៀង​រហូត​មក ជាពិសេស​ក្នុង​អាណត្តិ​ទី​៧ នេះ​តែម្តង​។ ជាក់ស្តែង របាយការណ៍​ស្តីពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​អះអាង​ថា មាន​អ្នកសារព័ត៌មាន ៧៩,៨% និយាយថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មាន​ភាពល្អប្រសើរ​។​

​ការលើកឡើង​បែប​នេះ​របស់​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ធ្វើឡើង​ក្នុង​ឱកាសលោក អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ស្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អន្តរក្រសួង តំណាង​រដ្ឋបាល​រាជធានី​ខេត្ត ប្រធាន​មន្ទីរ​រាជធានី​ខេត្ត និង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន​ប្រមាណ ៧០០​នាក់​។​

​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​៖ «​យើង​បាន​រៀបចំ​នូវ​របាយការណ៍​ស្តីពី​សេរីភាព​សារព័ត៌មាន ដែល​ជា​កម្រិត​នៃ​ការ​វាស់​ស្តង​កុំឱ្យ​គេ​មក​វាយ​តម្លៃ​ជំនួស​យើង យើង​រៀបចំ​ស្ថានភាព​ស្តីពី​សេរីភាព​សារព័ត៌មាន យើង​ដឹង​ថា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​យ៉ាងម៉េច មិនមែន​ស្ថិតនៅលើ​បបូរមាត់​របស់​បរទេស ឬ​បបូរមាត់​របស់​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ដែល​ទទួល​ជំនួយ​ពី​បរទេស អនុវត្តន៍​តាម​របៀប​វារៈ​របស់​គេ​នោ​ទេ​»​។​

​លោក នេត្រ ភ​ក្ត្រា បាន​លើកឡើង​ថា ដោយសារតែ​ប្រទេស​កម្ពុជា​ជានិច្ចកាល​តែងតែ​រង​នូវ​ភាពអយុត្តិធម៌​ពី​របាយការណ៍​អង្គការ​អន្តរជាតិ​មួយចំនួន ដែល​ចេញ​ទាក់ទង​ទៅនឹង​ស្ថានភាព​សិទ្ធិមនុស្ស សេរីភាព​ការបញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន កម្ពុជា​ចាំបាច់ ត្រូវបាន​របាយការណ៍​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដើម្បី​បង្ហាញ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​របស់​ខ្លួន​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា តាមរយៈ​របាយការណ៍​ស្តីពី «​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​» បានបញ្ជាក់​ថា ៧៩,៨% នៃ​អ្នកសារព័ត៌មាន​ដែល​ត្រូវ​បាន​សម្ភាស​និយាយថា​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាពល្អប្រសើរ ស្ថិនៅក្នុង​ដំបូល​សុខសន្តិភាព បើទោះបីជា​មាន​ការចោទប្រកាន់​ថា​កម្ពុជា ជា​ប្រទេស​មួយ​ដែល​បំបិទ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ និង​សេរីភាព​ផ្នែក​សារព័ត៌មាន​។​

​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​បន្ថែមថា ការរៀបចំ​របាយការណ៍​ស្តីពី «​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​» គឺជា​លក្ខណៈ​វិទ្យាសាស្ត្រ ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​ពី​សំណាក់​ជន​បរទេស​មួយ​ចំនួន ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​មក​លើ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ដោយ​គ្មាន​ភស្តុតាង​។​

​សេរីភាព​សារព័ត៌មាន ជា​កាតាលីករ​មួយ​ដ៏​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា​សេរីភាព​នេះ ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​ស្តីពី​របប​សារព័ត៌មាន​កម្ពុជា និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ផ្សេងទៀត​។ ដូច្នេះ ក្នុង​ក្របខណ្ឌ​នៃ​ការលើកកម្ពស់​តម្លៃសង្គម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ការវាស់វែង​ស្ថានភាព​សេរីភាព​សារព័ត៌មាន​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឆ្លុះបញ្ចាំង​អំពី​លំហ​សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សិទ្ធិ​នៃ​ការទទួល​ព័ត៌មាន តួនាទី​របស់​សារព័ត៌មាន​វិជ្ជាជីវៈ​ក្នុង​ការ​ផ្តល់​ចំណេះដឹង និង​ព័ត៌មាន​ពិ និង​ជឿ​ទុកចិត្ត​បាន​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាជន អ្នកដឹកនាំ និង​សង្គមជាតិ​ទាំងមូល ក្នុងការ​ធ្វើ​សេចក្តីសម្រេចចិត្ត និង​រួម​គ្នា​កម្លាំង​ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​សម្រាប់​ការសិក្សា​នេះ ក្រុមការងារ​នៃ​ក្រសួង​ព័ត៌មាន​បាន​ប្រើ​វិធីសាស្ត្រ​ចម្រុះ គឺ​វិធីសាស្ត្រ​គុណ​វិស័យ និង​វិធី​សាស្ត​បរិមាណ​វិស័យ តាមរយៈ​ទី​១៖ ការអនុវត្ត​ការ​ស្ទាបស្ទង់​មតិ​ក្នុងចំណោម​អ្នកសារព័ត៌មាន​សរុប​ចំនួន ៣៤១​នាក់ តាម​បណ្ដា​រាជធានី​-​ខេត្ត​ទាំង​២៥ ទូទាំង​ប្រទេស​, ទី​២៖ ការស្រាវជ្រាវ​ឯកសារ​ដែល​មាន​ស្រាប់ (Desk Review) រាប់បញ្ចូល​ទាំង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន សេចក្តីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​កតិកាសញ្ញា និង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស​, និង​ទី​៣៖ និង​ការសម្ភាសន៍​ជាមួយ​ឥស្សរជន និង​បុគ្គល​សំខាន់ៗ​ក្នុង​វិស័យ​ព័ត៌មាន​៕

Leave a Reply

Your email address will not be published. Required fields are marked *