ក្រសួង​អភិវឌ្ឍន៍ជនបទ ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា និង​លើក​ទិសដៅ​ការងារ​សម្រាប់​ខែ​កុម្ភៈ ឆ្នាំ​២០២៥ ក្រោមអធិបតីភាពឯកឧត្តម រដ្ឋមន្រ្តី ឆាយ ឫទ្ធិ​សែន

​រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ចន្ទ ១៤​រោច ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៥ នៅ​ទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា និង​លើក​ទិសដៅ​ការងារ​សម្រាប់​ខែ​កុម្ភៈ ឆ្នាំ​២០២៥ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​មាន​វត្តមាន​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​ថ្នាក់​ដឹកនាំ​នៅ​ទីស្ដីការក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវ ជា​ទីប្រឹក្សា​ក្រសួង​, លោក លោកស្រី ប្រធាន​មន្ទីរ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​នៃ​មន្ទី​ររ​អភិវឌ្ឍន៍ជនបទ​ទាំង ២៥ រាជធានី​-​ខេត្ត អញ្ជើញ​ចូលរួម​តាមរយៈ​ប្រព័ន្ធ​និម្មិត (Zoom Meeting)​។​

​ឯកឧត្ដម បាន បូ​រ័ត្ន អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ បាន​អាន​សេចក្តីព្រាង​របាយការណ៍ អំពី​វឌ្ឍនភាព​ការងារ​ប្រចាំ​ខែ​មករា ឆ្នាំ​២០២៥ ដោយ​បាន​បញ្ជាក់​អំពី​វឌ្ឍនភាព​តាម​កម្មវិធី​អាទិភាព​ទាំង​៥ របស់​ក្រសួង រួមមាន ៖ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍​ជនបទ​ប្រកប​ដោយ​ភាព​ធន់​, ការ​កម្ពស់​ការទទួល​បាន​ទឹកស្អាត និង​អនាម័យ​ជនបទ​, ការជំរុញ​អភិវឌ្ឍន៍​សហគមន៍​ជនបទ និង​ចលនា​ភូមិ​គំរូ​, ការលើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជនបទ និង​ការគ្រប់គ្រង​ស្ថាប័ន និង​សេវា​គាំទ្រ​ទូទៅ មាន​កំណើន​វឌ្ឍនៈភាព​ខ្ពស់​ជាង​ខែ​មករា នា​ឆ្នាំ​២០២៤ កន្លងទៅ ។

​បន្ទាប់ពី​បាន​ស្ដាប់​ការអាន​សេចក្តីព្រាង​របាយការណ៍ និង​ទិសដៅ​ការងារ​បន្ដ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រសួង​សម្រេចបាន និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ទាំង​នៅ​ថ្នាក់​ក្រសួង និង​នៅ​រាជធានី ខេត្ត ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​ការងារ​យ៉ាង​សកម្ម ទៅតាម​ផែនការ​សកម្មភាព និង​តាម​តម្រូវការ​ការងារ​ក្នុង​ក្របខ័ណ្ឌ​តួនាទី ភារកិច្ច​របស់​ក្រសួង រហូត​សម្រេច​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។ ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ថា​ការដាក់ចេញ​នូវ​កម្មវិធី​អាទិភាព​ទាំង ៥​នេះ គឺ​ដើម្បី​ឱ្យ​ឆ្លើយតប​ចំ​គោលដៅ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​បញ្ញាញាណ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រេច​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ជា​ចុងបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តល់​ជា​អនុសាសន៍​មួយ​ចំនួន​ដើម្បី​ជា​ការតម្រង់ទិស​ក្នុង​ការបន្ត​អនុវត្ត​តួនាទី​ភារៈកិច្ច​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕


 

Leave a Reply

Your email address will not be published. Required fields are marked *