ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាសង់​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) នៅក្នុង​រមណីដ្ឋាន​ប្រាសាទសំបូ​រ​ព្រៃគុក​

​ខេត្ត​កំពង់ធំ​៖ នា​រសៀល​ថ្ងៃ​អង្គារ ១៥​រោច ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាសង់​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) ប្រវែង ១,៧៦​គីឡូម៉ែត្រ ទទឹង​ខ្នង​លើ ៦ ម៉ែត្រ ស្ថិតនៅ​ក្នុង​រមណីដ្ឋាន​ប្រាសាទសំបូ​រ​ព្រៃគុក ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ថោង ខុន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ស និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ​។​

​ពិធី​បើក​ការដ្ឋាន​នេះ បាន​រៀបចំ​ឡើង​នៅ​ភូមិ​សំបូ ឃុំ​សំបូ​រណ៍ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ និង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ​,​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​, តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ឯកឧត្តម លោកជំទាវ ជា​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ​, ថ្នាក់ដឹកនាំ​ខេត្ត​, មន្ដ្រីរាជការ​, អាជ្ញាធរ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន សិស្សានុសិស្ស សរុប​ចំនួន ៨៨០​នាក់​។

​បន្ទាប់​ពី​មតិ​ស្វាគមន៍ និង​របាយការណ៍​របស់ ឯកឧត្ដម នួន ផា​រ័ត្ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​រួចមក ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​ធ្វេី​របាយការណ៍​ជូន​អង្គពិធី​ឱ្យបាន​ជ្រាបថា ផ្លូវ​ក្រាល​ល្បាយ​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១,៧៦​គីឡូម៉ែត្រ ស្ថិតនៅ​ក្នុង​រមណីដ្ឋាន​ប្រាសាទសំបូ​រ​ព្រៃគុក ត្រូវបាន​បើក​ការដ្ឋាន​លើក​កម្រិត​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ ការដឹកជញ្ជូន​កសិផល និង​សេវា​សាធារណៈ​នានា បង្កើន​ការតភ្ជាប់​រវាង​ភូមិ ទៅ​ភូមិ និង​ឃុំ​ទៅ​ឃុំ និង​អាច​ប្រើប្រាស់​បាន​គ្រប់​រដូវ​កាល ដោយ​ចំណេញ​បាន​ទាំង​ពេលវេលា និង​ថវិកា ជាពិសេស​ដើម្បី​ជួយ​លើ​កម្ពស់​ការផ្ដល់សេវា​ទេសចរណ៍ តាមរយៈ​ការបង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ចូលទៅ​ទស្សនា​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​របស់​កម្ពុជា ក្នុងចំណោម​តំបន់​បេតិកភណ្ឌ​ពិភពលោក​ជាច្រើន​ទៀត​។​

​ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​បន្ថែមទៀតថា ពិធីបើកការដ្ឋាន​ដ៏​អធិកអធម​នាពេលនេះ អាច​ប្រព្រឹត្តទៅបាន​គឺ​ដោយសារ​គុណបំណាច់​នៃ “​សុខសន្តិភាព​”​ដែល​កើតចេញ​ពី​ការលះបង់​ដ៏​ធំធេង និង​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ដើម្បី​ជាតិ និង​ប្រជាជន ដោយ​យក​ជីវិត​ធ្វើ​ជា​ដើមទុន​របស់ សម្តេច​តេជោ ហ៊ុន សែន ជា​បិតា​សន្តិភាព ស្ថាបនិក​មគ្គុទេសក៍​ឯ​ក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ​ទូទាំងប្រទេស និង​ក្រោម​ការ​បន្តវេន​ដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ប៉ិនប្រសប់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​ជម្រាប​ជូន​ផងដែរ​ថា ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រាសាទសំបូរព្រៃគុក នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​បើក​ការដ្ឋាន​លើក​កម្រិត​ផ្លូវ​ពី​ផ្លូវ​ក្រាល​ល្បាយ​ក្រួស​ក្រហម ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ មាន​ប្រវែង ១,៧៦​គីឡូម៉ែត្រ ទទឹង​ខ្នង​លើ ៦ ម៉ែត្រ មាន​ចិញ្ចើមផ្លូវ​ក្រាល​ល​ក្បាយ​ក្រួស​ក្រហម ម្ខាងៗ​ប្រវែង ១​ម៉ែត្រ​, មាន​សំណង់​លូ​មូល ចំនួន ៤​កន្លែង និង​មាន​រយៈពេល​សាងសង់​ចំនួន ៦​ខែ ដែល​ស្ថាបនា​ដោយ​កងវិស្វកម្ម នៃ​ក្រសួង​ការពារជាតិ​៕

  

Leave a Reply

Your email address will not be published. Required fields are marked *