យើង​ជា​ពលរដ្ឋ គួរតែ​ដឹង​ពី​តួនាទី ភាកិ​ច្ច សមត្ថកិច្ច និង​សិទ្ធិ​អំណាច​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​!

យោងតាម​អនុក្រឹត្យ​ស្ដីពី ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ចុះ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ការិយាល័យ​ប្រជាពលរដ្ឋ ជា​អង្គភាព​ធ្វើ​សកម្មភាព​ដោយ​អព្យាក្រឹត​ក្នុង​ការទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​អំពី​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​សម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​ទាំងនោះ ព្រមទាំង​តាមដាន​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​។ ការិយាល័យ​ប្រជាពលរដ្ឋ​មាន​ពីរ​ផ្នែក​សំខាន់ៗ ១.​ផ្នែក​ទទួល​ពាក្យបណ្ដឹង​និង​កិច្ចការ​រដ្ឋបាល និង​២.​ផ្នែក​ច្បាប់​និង​ស៊ើបអង្កេត​។

​បើ​តាម​អនុក្រឹត្យ​ដដែល លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ការិយាល័យ​ប្រជាពលរដ្ឋ​ក្រុង ស្រុក ខណ្ឌ មាន​តួនាទី ភារកិច្ច ជាអាទិ៍​មាន ១.​ប្រមូល​និង​ទទួល​ពាក្យបណ្ដឹង​នានា ២.​សម្រាំង​និង​វាយតម្លៃ​ពាក្យបណ្ដឹង​ដែល​ទទួលបាន ៣.​បញ្ជូន​ពាក្យបណ្តឹង​ទាំងឡាយណា​ដែល​មិន​ស្ថិត​នៅក្នុង​សមត្ថកិច្ច​របស់​ខ្លួន ៤.​ចាត់វិធានការ​ស៊ើបអង្កេត​បណ្តឹង​រដ្ឋបាល លើក​អនុសាសន៍​អំពី​វិធានការ​ដោះស្រាយ​បណ្ដឹង និង តាមដាន​ការអនុវត្ត ៥.​ផ្តល់​ព័ត៌មាន​ត្រឡប់​ដល់​ប្រជាពលរដ្ឋ​អំពី​លទ្ធផល​នៃ​ការដោះស្រាយ​បណ្តឹង និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ៦.​រៀបចំ​យន្តការ​ចាំបាច់​នានា​ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរការ​ទទួល​និង​សម្រុះសម្រួល​ដោះស្រាយ​បណ្តឹង ៧.​រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំឆ្នាំ ៨. រាយការណ៍​ជាប្រចាំ​អំពី​លទ្ធផល​នៃ​ការអនុវត្ត​ការងារ និង​ការដោះស្រាយ​បណ្តឹង​។

​ផ្អែក​តាម​អនុក្រឹត្យ​ដដែល អ្នកនាំពាក្យ​បាន​បន្តថា ការិយាល័យ​ប្រជាពលរដ្ឋ​ក្រុង ស្រុក ខណ្ឌ ក៏​មាន​សមត្ថកិច្ច​ស៊ើបអង្កេត រាយការណ៍ និង​ផ្តល់​អនុសាសន៍ ទៅ​លើ​បណ្តឹង​រដ្ឋបាល​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏​មាន​សិទ្ធិ​អំណាច​មួយចំនួន​ដូចជា ប្រើប្រាស់​បុគ្គលិក ថវិកា សម្ភារៈ និង​មធ្យោបាយ​នានា​របស់​អង្គភាព​ខ្លួន ស៊ើបអង្កេត​បណ្ដឹង​ដែល​ស្ថិតនៅក្នុង​សមត្ថកិច្ច​របស់​ខ្លួន ព្រម​ទាំង​លើក​អនុសាសន៍ អំពី​វិធានការ​ដោះស្រាយ ស្នើសុំ​កិច្ចសហការ ពិនិត្យ​មើល​ឯកសារ និង​វត្ថុតាង​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដឹង​។ រាយការណ៍​ជូន​អភិបាល​រាជធានី ខេត្ត​អំពី​ការ​មិន​សហការ ក្នុងករណី​ដែល​អភិបាល​រាជធានី ខេត្ត មិនបាន​ចាត់​វិធានការ​ដោះស្រាយ​ឱ្យបាន​សមស្រប ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​អាច​រាយការណ៍​ជូន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ខេត្ត ដើម្បី​ដោះស្រាយ និង​អាច​រាយការណ៍​ជូន​ក្រសួង​មហាផ្ទៃ ។ ក្នុងនោះដែរ ការិយាល័យ​ក្រុង ស្រុក ខណ្ឌ ក៏​ពុំ​មាន​សិទ្ធិ​ចេញ​សេចក្តីសម្រេច ដើម្បី​ចាត់​វិធានការ​ដោះស្រាយ ឬ ដាក់ទណ្ឌកម្ម​ឡើយ ។

​យោងតាម​ឯកសារ​របស់​នាយកដ្ឋាន​កិច្ចការរដ្ឋបាល​រាជធានី ខេត្ត និង​ខណ្ឌ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ​គិត​ត្រឹម​ខែមករា ឆ្នាំ​២០២៤ រាជធានី ខេត្ត​មាន​ចំនួន សរុប ២៥ ចែកជា ២០៩​ក្រុង ស្រុក ខណ្ឌ និង​សុទ្ធតែ​មាន​ការិយាល័យ​ប្រជាពលរដ្ឋ​៕

​កញ្ញា សេង សុខ​ហ៊ុន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Leave a Reply

Your email address will not be published. Required fields are marked *