ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​មុខងារសាធារណៈ សហការ​រៀបចំ​សិក្ខាសាលា​ស្តីពី “​ការពិនិត្យ​ឡើងវិញ ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​ពាណិជ្ជកម្ម​”

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មករា ឆ្នាំ​២០២៥ នៅ​អគារ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​កូរ៉េ (CKCC) ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​មុខងារសាធារណៈ​បាន​សហការ រៀបចំ​សិក្ខាសាលា ស្តីពី “​ការពិនិត្យ​ឡើងវិញ ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​ពាណិជ្ជកម្ម​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា (​គ​.​វ​.​រ​.) ព្រមទាំង​វត្តមាន​ចូលរួម​ដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​មុខងារ​សាធារណៈ​ជា​ច្រើន​រូប​។​

​សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ផ្តល់​ជូន​វឌ្ឍនភាព​ការងារ និង​ការពង្រីក​វិសាលភាព​ព័ត៌មាន ស្តីពី​ការអនុវត្ត​ការងារ និង​ដំណាក់កាល​នានា​នៃ​ការពិនិត្យ​ឡើងវិញ ការវិភាគ​មុខងារ​និង​រចនាសម្ព័ន្ធ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ស៊ីវិល តាម​បណ្តា​ក្រសួង ស្ថាប័ន​នានា បាន​ជ្រាប​បន្ថែម និង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ភាព​ប្រទាក់ក្រឡា​គ្នា​កាន់តែ​ល្អប្រសើរ​។​

​បន្ថែម​ពី​នេះ សិក្ខាសាលា​នេះ ធ្វើឡើង​ដើម្បី​ផ្ដល់​បទ​បង្ហាញ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​របស់​ក្រសួង​ពាណិជ្ជកម្ម​ឱ្យបាន​ជ្រាប​អំពី (១) ដំណើរការ​នៃ​ការពិនិត្យ​ឡើងវិញ និង​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន និង (២) យន្តការ​គាំទ្រ​ក្នុង​ក្របខណ្ឌ​នៃ​ការកែទម្រង់ និង​ការពង្រឹង​អភិបាលកិច្ច ៕​

Leave a Reply

Your email address will not be published. Required fields are marked *