ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ មន្ទីរ​ព័ត៌មាន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការធានា​ការទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ​ហើយ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រជាពលរដ្ឋ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ព័ត៌មាន​និង​សាធារណមតិ​ក្នុង​មូលដ្ឋាន​

​ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ឱ្យ​បាន​ជាប់​ជាប្រចាំ​ទាំង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​និង​ទំនើប ដើម្បី​ផ្តល់ព័ត៌មាន និង​ចំណេះដឹង​គ្រប់បែប​យ៉ាង​ស្របតាម​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​បន្ត​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​ខេត្ត​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ក្នុង​ខេត្ត​ទាំងមូល​។​

​ការ​ថ្លែង​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី នេត្រ ភ​ក្ត្រា នេះ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​បំពាក់​មេដាយ​ការងារ និង​ផ្តល់​បណ្ណ​សរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ​របស់​ខ្លួន នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៥​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​មានប្រសាសន៍​ណែនាំ ដោយ​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​ដែល​មន្ទីរ​ព័ត៌មាន​ត្រូវបំពេញ​តួនាទី​ធ្វើជា​សេនាធិការ​ល្អ​របស់​រដ្ឋ​បាល​ខេត្ត​លើ​ការងារ​ព័ត៌មាន​និង​សាធារណមតិ​។​

​នៅក្នុង​បរិបទ​សង្គម​ឌីជីថល​បច្ចុប្បន្ន​ដែល​ពលរដ្ឋ​ទទួល​ព័ត៌មាន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើកទឹកចិត្ត​ក្រុមការងារ​ព័ត៌មាន​និង​សាធារណ​មតិ​របស់​មន្ទី​រ​ព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ ពិនិត្យ​រាល់​ព័ត៌មាន​មិន​ពិត ឬ​ការបំពុល​ព័ត៌មាន​ផ្សេងៗ ដើម្បី​គ្រប់គ្រង​និង​ទប់ស្កាត់​ការរីក​សាយភាយ​នៃ​ព័ត៌មាន​ក្លែងក្លាយ ហើយ​ត្រូវ​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​រាល់​ព័ត៌មាន​ទាំងអស់​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ដែល​ធ្វើឱ្យ​ប៉ះពាល់​ស្ថិរភាព សណ្ដាប់ធ្នាប់ បង្ក​អសន្តិសុខ​ក្នុង​ខេត្ត ក៏ដូចជា​នៅ​ទូទាំង​ប្រទេស​។​

​ឯកឧត្តម រដ្ឋមន្ត្រី ក៏​បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​អំពី​ភាពចាំបាច់​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ដល់​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ឱ្យបាន​កាន់តែ​ច្រើន ដើម្បី​ពង្រី​ការទទួល​ព័ត៌មា​ន​ពិត​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​របស់​សាធារណជន ដើម្បី​ផ្តល់​ប្រភព​ព័ត៌មាន​ច្បាស់លាស់​សម្រាប់​ការពិចារណា និង​ការសម្រេចចិត្ត​ត្រឹមត្រូវ​ជា​ប្រយោជន៍​ដល់​ការបង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ការអភិវឌ្ឍ​ក្នុង​មូលដ្ឋាន ព្រមទាំង​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​ព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​សម្រេច​បាន​កិច្ច​ការងារ​យ៉ាង​ច្រើន​ក្នុង​ឆ្នាំ​២០២៤ កន្លងទៅនេះ​ក្នុង​ការគ្រប់គ្រង​ព័ត៌មាន និង​សោតទស្សន៍​ក្នុង​ខេត្ត រួម​ទាំង​ការចូលរួម​រៀបចំ​សណ្តាប់ធ្នាប់​វិស័យ​សារព័ត៌មាន ពង្រឹង​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​។

​ទន្ទឹមនេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​កោតសរសើរ​ដល់​មន្ត្រី​ទាំងអស់​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ ចំពោះ​ការ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន ចូលរួម​បំភ្លឺ​សាធារណ​មតិ​អំពី​បញ្ហា​ផ្សេងៗ​ដែល​បាន​កើតឡើង​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ ឱ្យ​បន្ត​ស្រាវជ្រាវ​ស្រូប​យក​ចំណេះដឹង​និង​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែមទៀត​ស្រប​តាម​ការវិវត្ត​ក្នុងសង្គម ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​បុរេ​សកម្ម សកម្ម និង​អន្តរ​សកម្ម ក្នុង​ការបំពេញ​តួនាទី​របស់​ខ្លួន ជាពិសេស​ដើម្បី​ពង្រឹង​ការផ្សព្វផ្សាយ គ្រប់គ្រង និង​ឆ្លើយតប​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព ជា​សេនាធិការ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការងារ​ព័ត៌មាន និង​សាធារណមតិ​។​

Leave a Reply

Your email address will not be published. Required fields are marked *