​ឯកឧត្តម គួច ចំរើន ៖ ឆ្នាំនេះ នឹង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កណ្តាល នៅ​សួនច្បារ​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល ឯកឧត្តម អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា និង​លើក​ទិ​ដៅកា​រងារ ខែ​កុម្ភៈ ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​សាលាខេត្ត​កណ្ដាល​។

​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងបន្តថា​៖ សម្រាប់​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥​នេះ អនុគណៈ​កម្ម​ធិ​ការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​រៀបចំ តុបតែង និង​បង្កើត​កម្មវិធី​សប្បាយរីករាយ ជូន​ដល់​ប្រជាពលរដ្ឋ ពិសេស​រៀបចំ​នូវ​ការ​លេងល្បែង​ប្រជាប្រិយ ដែល​ជា​ល្បែង​កំសាន្ត​របស់​ប្រជាជន​ខ្មែរ​យើង ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ មក​លេង​កំសាន្ត​សប្បាយ​។ ទន្ទឹម​នឹង​នេះ​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​រៀបចំ​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាព និង​របៀបរៀបរយ ក្នុង​ពិធី​សង្ក្រាន្ត​ខេត្តកណ្ដាល​ខាងមុខនេះ​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អភិបាលក្រុង​-​ស្រុក​ទាំងអស់ ពិសេស​មន្ទីរជំនាញ​ពាក់ព័ន្ធ ត្រូវ​សហការ​ជាមួយ​គ្នា​ឱ្យបាន​ល្អ ក្នុង​ការបន្ត​តាមដាន​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ស្រូវប្រាំង​របស់​ប្រជា​កសិករ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ ពិសេស​ជាង​នេះ​ទៀត ស្រុក​-​ក្រុង​ណា​ដែល​កំពុង​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ ត្រូវ​បូមទឹក​ជាប់​ជានិច្ច​ដោយ​ធានាបាន​ថា ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ទទួលបាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់ និង​មិន​ត្រូវ​ឱ្យមាន​ស្រូវ​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ខូចខាត​ដោយ​ការខ្វះ​ទឹក​នោះឡើយ​។

​បន្ថែម​ពី​នេះ​ទៀត ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបង្ក្រាប​បទល្មើស​នានា​នៅក្នុង​មូលដ្ឋាន ពិសេស​បញ្ហា​ក្មេង​ទំនើ​ង ត្រូវ​បង្ក្រាប​ឱ្យបាន ក្នុងករណី​មាន​ក្មេង​ទំនើង​កើត​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ ឯកឧត្តម​ក៏បាន​ក្រើនរំលឹក​បន្ថែមថា បញ្ហា​ក្មេង​ទំនើ​ង គឺជា​បទល្មើស​មួយ​ដែល​កើតចេញ​ពី​មូលដ្ឋាន​ផ្ទាល់ ព្រោះ​ថា​ក្មេង​ទំនើង​តែងតែ​បញ្ចេញ​រិទ្ធិ និង​បង្ក​ភាព​អាណាធិបតេយ្យ​នៅ​មូលដ្ឋាន ក្មេង​ទំនើង​មិន​មាន​មក​ពី​មូលដ្ឋាន​ផ្សេង​ក្រៅពី​មូលដ្ឋាន​របស់​ខ្លួន​ទេ ដូច្នេះ​ការកំណត់​មុខសញ្ញា ការបង្ក្រាប​ក្មេង​ទំនើ​ង ពិត​ណាស់​មាន​ភាពងាយស្រួល​ជាង​បទល្មើស​ដទៃ​ទៀត ដូចនេះ​ក្នុងករណី​មាន​ក្មេង​ទំនើង​កើតឡើង​នៅ​មូលដ្ឋាន​ណា កងកម្លាំង​នៅ​មូលដ្ឋាន​នោះ​ត្រូវ​បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា និង​មិន​ត្រូវឱ្យ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បង្ក​ភាព​អាណាធិបតេយ្យ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ​។​

Leave a Reply

Your email address will not be published. Required fields are marked *