​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្រើនរម្លឹក​កុមារ កុំឱ្យ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​មាន​រសជាតិ​ផ្អែម​ពេក ចៀសវាង​កើត​ជំងឺ​ទឹកនោម​ផ្អែម​!

​ខេត្តព្រៃវែង ៖ ​ពិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ក្នុង​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បានបង្ហាញ​សេចក្តី​បារម្ភ​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ ជាពិសេស​គឺ កុមារ ដែល​ជា​ទំពាំង​ស្នង​ឫស្សី មាន​អាយុ​ក្រោម ១២​ឆ្នាំ ដែល​ចូលចិត្ត​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​មាន​ផ្ទុក​សារធាតុ​ស្ករ​រសជាតិ​ផ្អែម​ខ្ពស់ បង្ក​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម នាពេល​អនាគត​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានកត់សម្គាល់​ឃើញ​កុមារ​ភាគច្រើន អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ខ្ពស់ ដោយសារ​ពួកគេ ចូលចិត្ត​ទទួលទាន​ភេសជ្ជៈ និង​អាហារ​ដែល​មាន​ផ្ទុក​សារធាតុ​ស្ករ​ខ្ពស់ ដែលមាន​ដាក់​លក់​នៅ​ក្នុង​បរិវេណ​សាលារៀន​នានា​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​មានប្រសាសន៍ថា ប្រសិនបើ​កុមារ​អាយុ​ក្រោម ១២​ឆ្នាំ​ទាំង​អស់ ពុំ​យល់​ដឹង ពុំ​ផ្លាស់ប្តូរ​ទម្លាប់​ហូបចុក​រសជាតិ​ផ្អែម ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ នៅ​ពេល​ពួកគេ​ឈាន​ឡើង​ដល់​អាយុ​ចន្លោះ​ពី ២២ ដល់ ២៥​ឆ្នាំ ស្មើនឹង ១ ភាគ ៣ អាច​មាន​ហានិភ័យ​ខ្ពស់ កា្លយ​ជា​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដែល​មាន​លក្ខណៈ​យូរអង្វែង ដាក់បន្ទុក​សេដ្ឋកិច្ច​ធ្លាក់​លើ​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។​

​ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ក្រើនរម្លឹក​ដល់​ឳ​ពុក​ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ពិសេស​នាយក​សាលា នាយិកា ដែល​ជា​គណៈ​គ្រប់គ្រង ឱ្យជួយ​អប់រំ​ណែនាំ​ពី​ប៉ះពាល់​ទឹក​ផ្អែម​ដល់​កុមារ ក្នុង​ម៉ោង​សិក្សា ស្របតាម​វិធានការ​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កន្លងទៅ ដើម្បី​ឱ្យ​កុមារ មាន​ការយល់ដឹង ចៀសវាង​ក្លាយជា​អ្នកជំងឺ​ទឹកនោមផ្អែម​។​

​ក្រៅពី​សារ​ក្រើនរម្លឹក​ខាងលើ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​សារជាថ្មី​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​សហការ​រាយការណ៍​ទប់ស្កាត់​គ្រឿងញៀន ក្មេង​ទំនើង និង​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព ផ្តល់​សេចក្តីសុខក្សេមក្សាន្ត​ក្នុង​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​ផង​ដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ក្នុងនាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកា​ក្រុមការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា ក៏ដូចជា​សប្បុរសជន​ទាំងអស់ ដែល​បាន​លះបង់​ធនធាន ពេលវេលា កម្លាំងកាយ​ចិត្ត រៀបចំ​ឱ្យមាន​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ស្របតាម​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដើម្បី​ធានា​លើកកម្ពស់​ស្ថានភាព​សុខភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *