​ព្រឹត្តិការណ៍​ពិធី​ចាប់​ត្រី​បែប​បុរាណ ​ដ៏​ធំ​ជាងគេ​នៅ​ទូទាំង​ប្រទេស ស្ថិត​នៅ​បឹង​ត្រពាំង​ក្រម ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឆ្នាំ​នេះ​មាន​ពលរដ្ឋ​ចូលរួម​នៅ​តែ​បន្ត​ច្រើន​កុះករ រាប់​ម៉ឺន​នាក់​!!

(​ត្បូងឃ្មុំ​): មិន​ខុស​ពី​រៀងរាល់ឆ្នាំ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បានរៀបចំ​ព្រឹត្តិការណ៍​ពិធី​ចាប់​ត្រី​បែប​បុរាណ ជា​ទំនៀម​ទំលាប់​បងប្អូន​ពលរដ្ឋ ពី​ដូនតា​ត​ជំនាន់​រាប់រយឆ្នាំ​មកហើយ នៅ​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់​។​

​សម្រាប់​ឆ្នាំ​នេះ បាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ជា​ការ​បន្ត​ថែរក្សា​ទំនៀម​ទំលាប់​ពី​បុរាណ​របស់​ពលរដ្ឋ​ផង និង​ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​នៅ​មូលដ្ឋាន​តាម​ភូមិ​-​ស្រុក <<​ក្រោម​ម្លប់​សុខសន្តិភាព​>> ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ពិសេស​ស្រុក​មេមត់ និង​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​។​

​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ស្រុក​មេមត់ កម្មវិធី​នឹង​ចាប់ផ្តើម​ជួបជុំគ្នា​នៅក្នុង​បរិវេណ​បឹង​ត្រពាំង​ក្រម​វេលា​ម៉ោង​៧:៣០​នាទី ក្នុងនោះ​មាន​ឧបករណ៍​សម្រាប់​ចាប់​ត្រី​បែប​បុរាណ​មាន​ដូចជា អង្រុត​, ឈ្នាង​, ត្រក​, ក្អុះ ជាដើម​។​ល​។​

​ក្នុង​ពិធី​ចុះ​ចាប់​ត្រី​តាមបែប​បុរាណ​នេះ​ដែរ ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​ឧត្តម​ភរិយា លោកជំទាវ ហេង សំអាន ប៉ែន​កុសល្យ និង​ឯកឧត្តម ឡុង ធា​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​ជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ​។​

​សូមជម្រាបថា បឹង​ត្រពាំង​ក្រម គឺ​ស្ថិតក្នុង​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ផ្ទៃ​ជម្រាល​ប្រមូល​ទឹក​៣០​ហិកតា និង​មាន​បឹង​តូចៗ ២០​បឹង ជា​សាខា ព្រមទាំង​មាន​រុក្ខជាតិ​លិច​ទឹក​ជាច្រើន​ប្រភេទ​។​

​ជា​រៀងរាល់​ដើម​ឆ្នាំ​ក្នុង​អំឡុង​ខែ​កុម្ភៈ ប្រជាពលរដ្ឋ​នៅ​ទីនេះ តែងតែ​ប្រារព្ធ​ពិធី​ចាប់​ត្រី យក​មក​ចំអិន​ហូប​ជុំគ្នា ដែល​ជា​ទំនៀម​ទំលាប់ តាំងពី​ដើម​រហូត​មក​ដល់​សព្វថ្ងៃ តែ​ជា​លក្ខណៈ​តាម​តំបន់​ក្នុងភូមិ​-​ស្រុក​។​

​ខណៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រោម​ការយកចិត្តទុកដាក់​គិតគូ​ខ្ពស់​ពី​សំណាក់​រដ្ឋបាលខេត្ត បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់តែ​ធំ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពិសេស​ដោយ​មាន​ការផ្សព្វផ្សាយ​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ គឺ​ក្រសួង​ព័ត៌មាន មាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ ជា​សេនាធិការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកា​ជន​នានា ដែល​ធ្វើឲ្យ​ពលរដ្ឋ​ជិត​ឆ្ងាយ​បាន​ឃើញ បានដឹង និង​ចាប់អារម្មណ៍ បាន​ចូលរួម​យ៉ាងច្រើន​កុះករ​កកកុញ​រាប់​មុឺន​នាក់ ខណៈ​ក្នុងនោះ​ក៏មាន​អ្នក​ទេសចរណ៍​បរទេស​ចូលរួម​ផង​ដែរ​៕​

     

Leave a Reply

Your email address will not be published. Required fields are marked *