រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លើកទឹកចិត្ត​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បន្ត​ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សក្តានុពល​ខេត្ត​ឱ្យបាន​ច្រើន​ដើម្បី​ផ្តល់​ព័ត៌មាន​សម្បូណ៌​បែប​ជូន​ដល់​សាធារណជន និង​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​

​ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៥ កន្លងទៅនេះ ឯកឧត្តម​នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​បំពាក់​មេដាយ​ការងារ និង​ផ្តល់​បណ្ណ​សរសើរ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ​របស់​ខ្លួន ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បាន​សម្រេច​បាន​កិច្ច​ការងារ​យ៉ាង​ច្រើន​ក្នុង​ឆ្នាំ​២០២៤ កន្លងទៅនេះ ក្នុង​ការគ្រប់គ្រង​ព័ត៌មាន និង​សោតទស្សន៍​ក្នុង​ខេត្ត រួម​ទាំង​ការចូលរួម​រៀបចំ​សណ្តាប់ធ្នាប់​វិស័យ​សារព័ត៌មាន ពង្រឹង​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​។​

​ឯកឧត្តម រដ្ឋមន្ត្រី បាន​ថ្លែង​កោតសរសើរ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន ចូលរួម​បំភ្លឺ​សាធារណ​មតិ​អំពី​បញ្ហា​ផ្សេងៗ​ដែល​បាន​កើតឡើង​ទាក់ទង​នឹង​ខេត្តសៀមរាប​។​

​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​ប្រកាន់​អភិក្រម​បុរេ​សកម្ម សកម្ម និង​អន្តរ​សកម្ម​ក្នុង​ការគ្រប់គ្រង​ព័ត៌មាន និង​សាធារណ​មតិ​របស់​ខ្លួន និង​ជា​សេនាធិការ​ប្រកបដោយ​ប្រសិទ្ធភាព របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការងារ​ព័ត៌មាន​និង​សាធារណមតិ ៕

  

Leave a Reply

Your email address will not be published. Required fields are marked *