អភិបាលខេត្ត​កណ្តាល លើកទឹកចិត្ត​ដល់​យុវជន​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​

កណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែង​នូវ​ការកោតសរសើរ និង​លើកទឹកចិត្ត​ដល់​យុវជន​សិស្សានុសិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ សូម​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយសង្គ្រោះ​ជីវិត​ដល់​ជនរងគ្រោះ​ដែល​កំពុង​តែ​ត្រូវការ​ឈាម​ជា​ចាំបាច់​។​

​ឯកឧត្តម គួច ចំរើន បាន​ថ្លែង​ដូច្នេះ នៅក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដែល​បាន​រៀបចំ​ឡើង​នៅក្នុង​បរិវេណ​វត្ត​ក្រពើ​ហា ក្រុង​តាខ្មៅ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​មាន​ការចូលរួម​ពី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រុង​តាខ្មៅ (​ស​.​ស​.​យ​.​ក​) ព្រះសង្ឃ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត បានចាត់ទុក ការបរិច្ចាគ​ឈាម​គឺជា​សកម្មភាព​មនុស្សធម៌​ដ៏​ថ្លៃថ្លា​បំផុត ជា​ការ​ធ្វើ​បុណ្យ និង​ជា​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស ដោយសារ​តែ​ជា​រៀង​រាល់​ថ្ងៃនេះ មាន​អ្នកជំងឺ​នៅ​តាម​មន្ទីរពេទ្យ​នានា ត្រូវការ​ឈាម​ជា​ចាំបាច់​បំផុត​ក្នុង​មួយថ្ងៃៗ ដើម្បី​យក​មក​សង្គ្រោះ​ជីវិត​ជន​រងគ្រោះ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​យុវជន ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម​នា​ថ្ងៃនេះ​គឺជា សកម្មភាព និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ក្នុង​ការ​មក​ចូលរួម​បរិច្ចាគ​ឈាម​បាន​កាន់តែ​ច្រើនឡើង​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​ដល់​យុវជន សិស្សានុសិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម និង​ជួយ​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​យុទ្ធនាការ​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​នាពេលនេះ ពី​ព្រោះ​ឈាម​គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ បើក​គ្មាន​អ្នកបរិច្ចាគឈាម​ទេ គឺ​យើង​គ្មាន​ឈាម​សម្រាប់​ជួយ​សង្គ្រោះ​អ្នកជំងឺ​នោះឡើយ​។​

​សូមបញ្ជាក់​ថា ចំពោះ​ការបរិច្ចាគ​ឈាម គឺ​មនុស្ស​ទូទៅ​អាច​ធ្វើ​ការបរិច្ចាគ​បាន ដែល​តម្រូវ​ឱ្យ​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង មាន​ទម្ងន់​ចាប់ពី ៤៥ គីឡូ​ឡើងទៅ មាន​សម្ពាធ​ឈាម​ធម្មតា មាន​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​។ ហើយ​ក្នុង​យុទ្ធនាការ​ផ្ដល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​រយៈពេល​មួយ​ព្រឹក​នេះ គឺ​ទទួលបាន​ឈាម​ប្រមាណ ៦១​ប្លោក​៕

Leave a Reply

Your email address will not be published. Required fields are marked *