ក្រុមការងារ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត​ក្រចេះ បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការអន្តរាគមន៍​បូមទឹក​ស្រោចស្រព​ស្រែប្រាំង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង​

ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​ដែល​បងប្អូន​ប្រជាកសិករ​ត្រូវការ​ដើម្បី​ជួយសង្គ្រោះ​ស្រូវ​រដូវប្រាំង​ដែល​កំពុង​ខ្វះ​ទឹក​, ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​ក្រចេះ រួម​នឹង​ក្រុមការងារ រដ្ឋបាលខេត្ត ស្រុក​ឆ្លូង បាន​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការអន្តរាគមន៍​បូមទឹក​ស្រោចស្រព​ស្រែប្រាំង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​នា​រសៀល​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ​។ នេះ​ជា​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ដែល​បាន​ខិតខំ​ខ្នអខ្នែង​ក្នុង​ការផ្តល់​អន្តរាគម​ន៍​ទាន់​ពេលវេា​ដើម្បី​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​។

​ក្នុង​ឱកាស​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​របស់​ឯកឧត្តម ស្យា​ហា​រ៉ូ​ឌីន ប៊ីន អ៊​ន (Shaharuddin Bin Onn) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ម៉ាឡេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ អំឡុង ឯកឧត្តម​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ខេត្ត​ក្រចេះ និង​ត្រៀម​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​វិហារ​ឥស្លាម​មួយ​កន​ហ​លែង​នៅ​ក្នុងស្រុក​អូរ​គ្រៀង​សែន​ជ័យ​។ ឯកឧត្តម នេត្រ ភ​ក្ត្រា និង​ឯកឧត្តម​ឯកអគ្គរាជទូត​ម៉ាឡេស៊ី ក៏​បាន​អញ្ជើញ​ចូលរួម និង​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​កសិករ​ដែល​ខ្វះ​ទឹក នៅ​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង​។​

​តាមរយៈ​សកម្មភាព​នៃ​ការចុះ​អន្តរាគមន៍​ដល់​ទីតាំង​របស់​ក្រុមការងារ​និង​រដ្ឋបាល​មូលដ្ឋាន​, ឯកឧត្តម​ឯកអគ្គរាជទូត​បាន​ថ្លែង​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមការងារ និង​រដ្ឋបាល​ខេត្ត​ក្រចេះ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​បងប្អូន​ប្អូន​ប្រជាពលរដ្ឋ​ទាន់ពេលវេលា និង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​។

​នៅក្នុង​ខេត្ត​ក្រចេះ ផ្ទៃដី​ស្រែ​ប្រជាពលរដ្ឋ​ជិត ៦០០ ហិកតា​ត្រូវ​ប្រឈមមុខ​នឹង​ការខ្វះ​ទឹក​។ ប៉ុន្តែ​ចាប់តាំងពី ពាក់កណ្តាល​ខែ​មក​រាម​ក រដ្ឋបាល​ខេត្ត​ក្រចេះ​រួម​ជាមួយ​មន្ទីរ​ជំនាញ ដោយ​មាន​ការចូលរួម​គាំទ្រ​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​ដឹកនាំ​ដោយ​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ខិតខំ​ដោះស្រាយ​អន្តរាគមន៍​បូមទឹក​ពី​ប្រភព​ទន្លេមេគង្គ​ដើម្បី​ដាក់​ស្រែ​បងប្អូន​ប្រជាពលរដ្ឋ​។ រហូតមកដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​នេះ ស្រូវ​ទាំង​ជិត ៦០០ ហិកតា​នេះ​ត្រូវបាន​សង្គ្រោះ និង​មាន​ការលូតលាស់​ល្អ​ដែល​ខ្លះ​បាន​ចេញ​ផ្លែ និង​ខ្លះទៀត​ត្រូវបាន​ច្រូតកាត់​រួចរាល់​។

​ការចុះ​ត្រួតពិនិត្យ និង​ធ្វើ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាកសិករ គឺជា​ការយកចិត្តទុកដាក់​បំផុត​ពី​សំណាក់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ទាំង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​នានា និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​យ៉ាង​សម្រួល​ដល់​កា​រលំ​ដាក់​ធ្វើស្រែ​នៅ​ក្នុង​រដូវប្រាំង​ដែល​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ស្រូវ និង​ដំណាំ​ជាដើម​។ ឯកឧត្តម នេត្រ ភ​ក្ត្រា បានឱ្យដឹងថា សម្រាប់​ការបូមទឹក​បញ្ចូល​ស្រែ​នេះ គឺ​ប្រើ​ម៉ាស៊ីន​ជាច្រើន​គ្រឿង ដើម្បី​បូមទឹក​ប្រមាណ ១,២​លាន​ម៉ែត្រគូប ដោយ​ប្រើ​រយៈពេល​១​ខែ​ពេញ បូម ២២​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ធ្វើ​យ៉ាង​កុំឱ្យ​ស្រូវប្រាំង​របស់​ប្រជាកសិករ​ខ្វះ​ទឹក និង​ស្កក​។

​នៅ​ចំពោះមុខ​បងប្អូន​ប្រជាពលរដ្ឋ ឯកឧត្តម នេត្រ ភ​ក្ត្រា ក្បាន​បន្ត​សំណូមពរ​ដល់​អាជ្ញាធរ​ឃុំ ស្រុក មន្ទីរ​ធនធានទឹក និង​មន្ទីរ​កសិកម្ម​ខេត្ត មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ត្រូវ​យកចិត្តទុកដាក់​ចុះ​ពិនិត្យ​ស្រែប្រាំង​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​មូលដ្ឋាន​ដទៃទៀត ធ្វើយ៉ាងណា​ប្រើ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ធានា​ឱ្យបាន​នូវ​ការជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ដែល កំពុង​ខ្វះខាត​ទឹក​ឱ្យបាន​ទាន់ពេលវេលា ទៅតាម​ភូមិសាស្ត្រ​ជាក់ស្ដែង​ដែល​មាន​ប្រភពទឹក​អាច​ជួយសង្គ្រោះ​បាន​។ តាម​ការរំពឹងទុក ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​សា​ម៉ាន់​នឹង​ត្រូវ​ទទួល​ផល​នៅ​អំឡុង​ដើមខែ​មីនា ខាងមុខនេះ​។​

Leave a Reply

Your email address will not be published. Required fields are marked *