ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អនុរដ្ឋលេខាធិការ អគ្គាធិការ និង​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ

​រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ៧​កើត ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អនុរដ្ឋលេខាធិការ អគ្គាធិការ និង​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ ពិធី​ប្រកាស​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ប្រចាំការ​, ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​, អគ្គនាយក អគ្គនាយករង​, ប្រធាន អនុប្រធាន នាយកដ្ឋាន​, ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​នៃ​អគ្គាធិការដ្ឋាន និង​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ព្រមទាំង​លោក លោកស្រី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ទាំង​២៥ រាជធានី ខេត្ត​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម បាន បូ​រ័ត្ន អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ បាន​អាន​ព្រះរាជក្រឹត្យ​តែងតាំង​មុខតំណែង​អនុរដ្ឋលេខាធិការ និង​អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន និង​អនុក្រឹត្យ​តែងតាំង​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។ ក្នុង​ឱកាស​ដ៏​រីករាយ​នោះ ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​អបអរសាទរ​ចំពោះ​ថ្នាក់ដឹកនាំ​ជា​ស្ដ្រី​ទាំង​បី​រូប ដែល​ត្រូវបាន ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង និង​តែងតាំង ជា​ថ្នាក់ដឹកនាំ នៅក្នុង​ក្រសួង​អភិវឌ្ឍន៍ជនបទ​។
​ឯកឧត្តម​រដ្ឋមន្ដ្រី បាន​មានប្រសាសន៍ថា សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រសួង​អភិវឌ្ឍន៍ជនបទ បានកំណត់​ចក្ខុវិស័យ​របស់​ខ្លួន​គឺ កសាង​តំបន់​ជនបទ​កម្ពុជា​ប្រកប​ដោយ​វិបុលភាព បរិ​យាប​ន្ន នវានុវត្តន៍ ឌីជីថល និង​ភាព​ធន់​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដោយ​មាន​កម្មវិធី​អាទិភាព​ចំនួន ៥ រួមមាន​៖ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍​ជនបទ​ប្រកប​ដោយ​ភាព​ធន់​, ការលើកកម្ពស់​ការទទួល​បាន​ទឹកស្អាត និង​អនាម័យ​បរិស្ថាន​ជនបទ​, ការជំរុញ​អភិវឌ្ឍ​សហគមន៍​ជនបទ និង​ចលនា​ភូមិ​គំរូ​, ការលើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជនបទ​, និង ការគ្រប់គ្រង​ស្ថាប័ន និង​សេវា​គាំទ្រ​ទូទៅ ដើម្បី​ចូលរួម​ធ្វើឱ្យ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៣០ ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​សេដ្ឋកិច្ច​ខ្ពស់​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ផ្ដល់​អនុសាសន៍​គន្លឹះ​ជា​ពុទ្ធិ​មួយចំនួន ជូន​ដល់​ថ្នាក់ដឹកនាំ​ដែល​ត្រូវបាន​តែងតាំង​នាពេលនេះ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​បម្រើការ​ក្នុង​ក្រសួង​គ្រប់​លំដាប់ថ្នាក់​ដូចខាងក្រោម​៖
– ត្រូវ​ខិតខំ​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​តួនាទី ភារកិច្ច​, ចំណុចខ្លាំង​, ចំណុចខ្សោយ និង​កត្តា​នានា​នៅក្នុង​អង្គភាព ដើម្បី​រៀបចំ និង​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព​
– ត្រូវ​ខិតខំ​សិក្សា​ស្វែងយល់​អំពី​ច្បាស់​អំពី​ច្បាប់ គោលការណ៍​ណែនាំ បទដ្ឋាន​គតិយុត្ត​ផ្សេងៗ ដើម្បី​ជួយ​ធានា​ដល់​ការអនុវត្ត​ការងារ​ប្រកបដោយ​សុក្រឹត្យភាព​
– ត្រូវ​មាន​ការលើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ មន្ដ្រី​រាជា​ការ​ក្នុង​អង្គភាព និង​ចាត់តាំង​មន្ដ្រី​ឱ្យ​បំពេញ​ការងារ​ឱ្យស្រប​តាម​គុណវុឌ្ឍិ និង​គុណា​ធិបតេយ្យ របស់​បុគ្គល​
– ត្រូវ​លើកកម្ពស់​កិច្ចសហការ​ល្អ​ជាមួយ​គ្រប់​អង្គភាព​ទាំងអស់ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ថែរក្សា​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ ដើម្បី​រួមគ្នា​អនុវត្ត​ការងារ​អភិវឌ្ឍន៍ជនបទ​ឱ្យមាន​ការរីកចម្រើន ប្រកប​ដោយ​ភាពជោគជ័យ​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *