(ត្បូងឃ្មុំ): ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនោះ ធ្វើឡើងនៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងព័ត៌មាន ប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធាន ការិយាល័យ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរព័ត៌មានព័ត៌មានខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានអាននូវរបាយការណ៍សង្ខេប ដោយបានលើកឡើងថា៖ ក្នុងឆ្នាំ២០២៤ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ សម្រេចបានការងារជាច្រើន ក្នុងនោះការចុះយកព័ត៌មានទាំងរូបភាព វីដេអូ និងសម្លេង ដោយបានសហការជាមួយរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់បានយ៉ាងល្អប្រសើរ។
លោក ធីន ស៊ីថាច គូសបញ្ជាក់ថា មន្ទីរព័ត៌មានខេត្ត បានចុះយកព័ត៌មាន ធ្វើការផ្សព្វផ្សាយព័ត៌មានបន្ត ផលិតនូវកម្មវិធីផ្សាយផ្ទាល់នៅស្ទូឌីយោ និងផ្សាយផ្ទាល់ដល់ទីតាំង រាល់ព្រឹត្តិការណ៍ធំៗ ដែលរដ្ឋបាលខេត្តបានរៀបចំឡើង ដោយធ្វើការផ្សព្វផ្សាយលើគ្រប់បណ្តាញផ្សព្វផ្សាយសង្គមរបស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ រួមមាន: Facebook Youtube Tiktok Telegram Instagram XTwitter CoolApp និងWebsite ក៏ដូចជាតាមរលកធាតុអាកាសវិទ្យុជាតិមន្ទីរព័ត៌មានខេត្តផងដែរ ដោយទទួលបានការកោតសរសើរ និងសាទរពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ពីរដ្ឋបាលខេត្ត និងពីសំណាក់មហាជនគ្រប់លំដាប់ថ្នាក់។
ក្នុងឱកាសនោះឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការងារចុះយកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត ជាពិសេសក្រុមការងារសាធារណៈមតិ ដែលបានធ្វើការយ៉ាងសកម្មក្នុងការឆ្លើយតប និងប្រតិកម្មរហ័សដើម្បីបង្ក្រាប និងបន្សាបរាល់ព័ត៌មានក្លែងក្លាយ ដែលព័ត៌មានទាំងនោះអាចធ្វើឱ្យមហាជនមានការភ័ន្ធច្រលំ មកលើថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។
មានប្រសាសន៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានណែនាំដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ជាពិសេសក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ គឺប្រព័ន្ធផ្សព្វផ្សាយមានភាពទូលំទូលាយ ក៏ប៉ុន្តែរាល់ព័ត៌មានទាំងអស់ មិនមែនសុទ្ធតែជាព័ត៌មានពិត និងមានប្រភពច្បាស់លាស់ឡើយ ដូចនេះក្រុមការងារនៃមន្ទីរព័ត៌មាន ជាពិសេសក្រុមសាធារណៈមតិ ដែលប្រតិកម្មរហ័ស សូមពិនិត្យនិងធ្វើការឆ្លើយតប ប្រតិកម្មភ្លាមៗរាល់ព័ត៌មានទាំងនោះដើម្បីកុំឱ្យមានការយល់ច្រឡំ ធ្វើឱ្យមហាជនទទួលបានព័ត៌មានមិនពិត។
ជាចុងក្រោយឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានអរគុណ និងសូមកោតសរសើរដល់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដែលបំពេញកិច្ចការងារក្នុងឆ្នាំ២០២៤ រយៈពេល១ឆ្នាំបានយ៉ាងរលូន និងមានផ្លែផ្កាគួរជាទីមោទនៈ៕

