ខេត្តកំពត ៖ នាថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ០០០ម ទទឹង ៧ម ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាង ម្ខាងៗ ០,៥ម ស្ថិតនៅភូមិព្រៃបន្ទាំ ទៅភូមិធ្នង់ ឃុំបន្ទាយមាសកើត ស្រុកបន្ទាយមាស ខេត្តកំពត អនុវត្តដោយនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាល និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានចែកជូនដល់លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដោយម្នាក់ៗទទួលបានក្រម៉ាចំនួនមួយ និងសិក្សានុសិស្សម្នាក់ៗទទួលបានថវិកា ៥០០០៛។
ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយជាមួយសមិទ្ធផលដែលបានកសាងឡើងក្នុងសហគមន៍របស់ពួកគាត់ និងអបអរសាទរប្រកបដោយការដឹងគុណចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសលើការងារអភិវឌ្ឍន៍នៅតំបន់ជនបទឲ្យមានភាពរីកចម្រើនដូចនៅតំបន់ប្រជុំជន និងទីក្រុងដែរ៕
(មរតក១៨)

