ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​លើកឡើង​ថា អូស្ត្រាលី​បាន​ផ្លាស់​ប្ដូរ​ពី​ម្ចាស់​ជំនួយ​ទៅ​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា ជាពិសេស​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​

ក្នុង​ពិធីបុណ្យ​ជាតិ​របស់​ប្រទេស​អូស្ត្រាលី ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​ថ្លែង​សុន្ទរកថា​អបអរសាទរ និង​លើក​ឡើង​ពី​ទំនាក់​ទ​នង​ជា​ប្រវត្តិសាស្ត្រ​នៃ​ចំណង​ការទូត​រវាង​កម្ពុជា​និង​អូស្ត្រាលី គឺ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​១៩៥២ មក​ម្លះ​។​

​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​អូស្ត្រាលី បាន​រក្សា​នូវ​មិត្តភាព​ដ៏​រឹងមាំ​និង​ស្អិតរ​មួ​ត ព្រមទាំង​បាន​ជំរុញ​កិច្ចសហប្រតិបត្តិកា​រ​ពហុភាគី និង​ទ្វេភាគី​ក្នុង​បរិយាកាស​គោរព​និង​ផ្ដល់​តម្លៃ​គ្នា ក៏ដូចជា​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក​។​

​ជា​ការកត់សម្គាល់ ប្រទេស​អូស្ត្រាលី​កន្លងមក​បាន​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​កម្ពុជា​តា​មរយៈ​កម្មវិធី​អាហារូបករណ៍ (Australia Awards) របស់​រដ្ឋាភិបាល​អូស្ត្រាលី​។ លើសពីនេះ អូស្ត្រាលី​ក៏បាន​ចូលរួមចំណែក​យ៉ាង​ច្រើន​ក្នុង​ការពង្រឹង​វិស័យ​មុខងារសាធារណៈ​កម្ពុជា​តាមរយៈ​ការកសាង​សមត្ថភាព​ក្រោម​យន្តការ​ផ្សេងៗ រួមទាំង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ប្រទេស​អូស្ត្រាលី​ផង​ដែរ​។ ជាក់ស្ដែង កម្មវិធី​ភាពជា​អ្នកដឹកនាំ និង​នវានុវត្តន៍ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​មុខងារសាធារណៈ និង​ធនាគារ​ពិភពលោក ត្រូវបាន​អនុវត្ត​ក្រោម​មូលនិធិ Trust Fund របស់​រដ្ឋាភិបាល​អូស្ត្រាលី និង​សហភាព​អឺរ៉ុប ដោយ​សាលា​ភូមិន្ទ​រដ្ឋបាល សម្រាប់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា ដើម្បី​បំពេញ​តួនាទី​និង​ការទទួលខុសត្រូវ​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​។​

​និយាយ​ពី​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិកា​រ​ពហុភាគី អូស្ត្រាលី​បាន​ចូលរួមចំណែក​ក្នុង​ការគាំទ្រ​ដល់​ម​ជ្ឈភាព​អាស៊ាន និង​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​អូស្ត្រាលី​។ រី​ឯ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី ស្តែង​ឱ្យឃើញ​តាមរយៈ​ការគាំទ្រ​សម្រាប់​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ក្នុង​បេសកកម្ម អ៊ុនតាក់ (UNTAC)​រហូតមក​ដល់​ចំណុច​អូស្ត្រាលី​បាន​ផ្លាស់​ប្ដូរ​ពី​ម្ចាស់​ជំនួយ​ទៅ​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា​។

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ឆ្ពោះ​ទៅ​ភាព​រីកចម្រើន​ថែមទៀត​ក្នុង​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ កម្ពុជា​-​អូស្ត្រាលី​៕
​ដោយ ធូ កុសល MoINFO APP ប្រភព​៖ បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ក្រសួង​មុខងារសាធារណៈ​

Leave a Reply

Your email address will not be published. Required fields are marked *