​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត កោតសរសើរ​ការងារ​យុវជន​និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា

ថ្លែង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ ការងារ​យុវជន និង អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​បន្ដ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ដ្រៃយ៍ បាន​កោតសរសើរ​ការ​ងារ​យុវជន​និង​អ្នក​ស្ម័គ្រ ដែល​បាន​បំពេញការងារ​មួយ​ឆ្នាំ​កន្លងមកនេះ​។ ពិធី​នេះ​អញ្ជើញ​ចូលរួម​ពី សមាជិក គណៈកម្មាធិការ​កណ្តាល ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន សមាជិក​គណៈកម្មាធិកា​រ​សាខា​ទទួលបន្ទុក​ការងារ​យុវជន ទាំង​២៥​សាខា រាជធានី​-​ខេត្ត និង​ទីប្រឹក្សា​យុវជន ប្រចាំ​គ្រឹះស្ថានឧត្តមសិក្សា​ទាំង​២៥ ក្នុង​រាជធានី​ភ្នំពេញ សរុប​ទាំងអស់​ចំនួន​២២៧​នាក់ នៅ​ទីស្នាក់ការ​កណ្តាល ក​ក្រក​។​

​ជា​កិច្ច​ចាប់ផ្តើម​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បាន​អាន​បាយ​ការណ៍ សង្ខេប​ជូន​អង្គពិធី​ទាំងមូល អំពី​ការងារ​យុវជន និង​អ្នកស្ម័គ្រចិត្ត ក្នុង​រយៈ​មួយ​ឆ្នាំ​កន្លងមកនេះ និង​ទិសដៅ​ការងារ​បន្ត ដែល​ក្នុងនោះ​បាន​រំលេច​ឱ្យឃើញ​នូវ​ការងារ សម្រេចបាន​លទ្ធផល​ល្អប្រសើរ រី​ឯ​កម្លាំង​យុវជន កាកបាទក្រហម​កម្ពុជា​ថ្មី បាន​កើន​ជា​លំដាប់ នៅតាម​គ្រឹះស្ថានឧត្តមសិក្សា​ទាំង​២៥ ក្នុង​រាជធានី​ភ្នំពេញ ដែល​យុវជន​ទាំងនោះ សុទ្ធតែ​បាន​ទទួល​ការបណ្តុះ បណ្តាល​វគ្គ​មូលដ្ឋាន និង​វិជ្ជា​សង្គ្រោះ​បឋម មាន​សកម្មភាព​ដ៏​រស់​រវើក ក្នុង​ការងារ​មនុស្សធម៌ និង​ការងារ​សង្គម មាន​ការយល់ដឹង​ពី​គោលការណ៍​គ្រឹះ និង​តម្លៃ​មនុស្សធម៌ និង​ទទួលបាន​ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ និង​ការងារ​ទំនាក់ទំនង​សហប្រតិបត្តិការ ជាតិ​-​អន្តរជាតិ​។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​រួច លោកជំទាវ​បណ្ឌិត អនុប្រធាន​អចិន្ត្រៃយ៍ បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ ដោយ​បាន​មក​ចូលរួម ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ការងារ​យុវជន និង អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​បន្ដ សម្រាប់​សាខា​ទាំង​២៥ និង​នៅតាម​គ្រឹះស្ថានឧត្តមសិក្សា​ទាំង​២៥ ក្នុង​រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះ​លោក​ជំទាវ​បណ្ឌិត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះ​ប្រធានកិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន ជូន​ចំពោះ​សមាជិក​សមាជិកា នៃ​អង្គប្រជុំ​ទាំងមូល និង​បាន​គូសបញ្ជាក់​ពី​ភាព​ជា​គំរូ​របស់​យុវជន កាកបាទក្រហមកម្ពុជា និង​អ្នកស្ម័គ្រចិត្ត ដែល​តែងតែ​មាន​មុខ​ជា​និច្ច ក្នុង​សកម្មភាព​មនុស្សធម៌​នៅតាម​សហគមន៍ និង​ក្នុង​កិច្ច​ការងារ​សង្គមជាតិ​ជាច្រើន ដែល​ជា​កម្លាំង​ស្នូល​មួយ​មិន​អាច​ខ្លះ​បាន​។​

​លោកជំទាវ​បណ្ឌិត បាន​គូសបញ្ជាក់ថា ការងារ​យុវជន និង​ស្ម័គ្រចិត្ត​ទាំងអស់ ពិតណាស់​គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត ឆន្ទៈ នៃ​ការលះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ របស់​ប្រធាន​គណៈកម្មាធិការ​សាខា ទាំង​២៥ រាជធានី​-​ខេត្ត ក៏ដូចជា សាកលវិទ្យាធិការ /​នាយក​វិទ្យាស្ថាន ដែល​ជា​ប្រធានកិត្តិយស ក្លឹប ក្នុង​ការខិតខំ​ប្រឹងប្រែង ឆ្លើយតប​បាន​យ៉ាង​សក្តិសម ទៅ​នឹង​ការយកចិត្តទុកដាក់ ផ្តល់​សារៈសំខាន់​ទៅលើ​កម្លាំង​យុវជន ដែល​ជា​អ្នកស្ម័គ្រចិត្ត​វ័យក្មេង​និង​ជា​គម្រូ​ដល់​យុវជន​ដទៃទៀត​។ នៅក្នុង​ឱកាស​នេះ​ដែរ​លោកជំទាវ​បណ្ឌិត ក៏​បាន​ជម្រុញ​លើកទឹកចិត្ត​ទៅដល់​មន្ត្រី ទីស្នាក់ការ​កណ្តាល ត្រូវ​រៀបចំ​ឱ្យមាន​កម្មវិធី​បោះជំរំ​យុវជន កាកបាទក្រហមកម្ពុជា យ៉ាងហោច​ណាស់​ក្នុង​មួយ​ឆ្នាំ​មួយដង​។ សូម​ជម្រាប​ថា​នៅ​ចុង​បន្ទាប់​នៃ​កិច្ចប្រជុំ លោកជំទាវ​បណ្ឌិត អនុប្រធាន​អចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម ថវិការ ទៅដល់​ក្លឹប​យុវជន​ទាំង​២៥​គ្រឹះស្ថានឧត្តមសិក្សា ក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្លឹប​នី​មួយៗ​ទទួលបាន​ថវិកា ចំនួន​២​លាន រៀល សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​នៅក្នុង​ក្លឹប​យុវជន​របស់ខ្លួន​៕

Leave a Reply

Your email address will not be published. Required fields are marked *