ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ជូន​ទៅ​កាន់​អង្គសន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​មហាផ្ទៃ និង​បូក​សរុប​ចលនា​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង បាន​អញ្ជើញ​ចូលរួម និង​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ជូន​អង្គ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​មហាផ្ទៃ និង​បូក​សរុប​ចលនា​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បានធ្វើការ​បង្ហាញជូន​អង្គសន្និបាត​អំពី​ព័ត៌មាន​ទូទៅ​នៃ​និន្នការនៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​ទូទាំង​ពិភពលោក​ដោយ​ផ្អែក​តាម​លទ្ធផល​នៃ​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយយោង​តាម​ទិន្នន័យ​ក្នុង​ឆ្នាំ​២០២២​។ ឯកឧត្តម បាន​ធ្វើ​ការបង្ហាញ​ពី​ស្ថានភាព​នៃ​ផលិតផល​គ្រឿង​ស្រវឹង​ក្នុងប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង​ធំៗ ព្រមទាំង​វិធីសាស្ត្រ​នៃ​ការផ្សព្វផ្សាយ​ផលិតផល និង​ការចំណាយ​ក្នុង​ការផ្សព្វផ្សាយ​របស់​ពួកគេ​។

ឯកឧត្តម បាន​គូសបញ្ជាក់​អំពី​បញ្ហា​ប្រឈម នៃ​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​បាន​លើកឡើង​ពី​វិធានការ ក្នុង​ការទប់ស្កាត់​ការផ្សព្វផ្សាយ​ផលិតផល​ប្រភេទ​នេះ ដែល​ស្រប​តាម​សេចក្តីណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា​ផង​ដែរ​។​

​តាម​ការបញ្ជាក់​របស់ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ក្រុមការងារ​គ្រប់គ្រង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដែល​មាន​ក្រសួង​ព័ត៌មាន​ជា​ប្រធាន ក្នុង​គោលដៅ​គ្រប់គ្រង​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ប្រភេទ​នេះ ដើម្បី​លើកកម្ពស់​សោភ័ណភាព ធានា​សណ្តាប់ធ្នាប់​សង្គម សុខុមាលភាព​សាធារណៈ កាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់ និង​ជំរុញ​ឱ្យ​មាន​ការប្រកួត​ប្រជែង​ប្រកបដោយ​សុចរិត​ភាព​។​

​ឯកឧត្តម​បាន​លើកឡើង​បន្តថា គោលការណ៍​នៃ​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង បានកំណត់​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ឫ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្រវឹង​ត្រឹម ៥០​ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​ប៉ាណូ​សរុប​ដែលមាន​ស្រាប់​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត ហើយ​៥០​ភាគរយ​ទៀត អាច​ធ្វើ​ការផ្សព្វផ្សាយ​ពី​ផលិតផល​មិនមែន​គ្រឿង​ស្រវឹង ឫ​អំពី​សក្តានុពល ឬ​សមិទ្ធផល​របស់​ខេត្ត​/​រដ្ឋាភិបាល ដែល​អាច​ជា​ការចូលរួម​ចំណែក​ពី​សំណាក់​ម្ចាស់​ផលិតផល​នានា ឫ​ម្ចាស់​ទីតាំង​ផ្ទាំង​ប៉ាណូ​ផ្ទាល់ ដែល​ការងារ​នេះ ក្រសួង​ព័ត៌មាន ត្រូវ​អនុវត្ត​ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ រដ្ឋបាល​រាជធានី​-​ខេត្ត ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង ឫ​ផលិតផល​មាន​ជាតិ​ស្រវឹង ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​គោលការណ៍​នេះ​ទទួលបាន​ប្រសិទ្ធភាព និង​លទ្ធផល​ដូច​ការរំពឹងទុក​៕​

Leave a Reply

Your email address will not be published. Required fields are marked *