ប្រព័ន្ធ​ហ្វឹកហ្វឺន​អាវុធ​ថ្មើរជើង​សិប្ប​និមិត្ត ជា​ជំនួយ​របស់ កងទ័ពជើងគោក​ឥណ្ឌា ជូន​ដល់​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ គឺជា​ការគាំទ្រ​ដល់​ដំណើរការ​ទំនើប​កម្មវិស័យ​ការពារជាតិ​របស់​កម្ពុ​ជា​

រាជធានី​ភ្នំពេញ​៖ លោក​ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការ​កងពលតូច​លេខ​៧០ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​អញ្ជេី​ញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​-​ទទួល ប្រព័ន្ធ​ហ្វឹកហ្វឺន​អាវុធ​ថ្មើរជើង​សិប្ប​និមិត្ត ជា​ជំនួយ​របស់ កងទ័ពជើងគោក​ឥណ្ឌា ជូន ដល់​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។​

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាន​រម្លឹក​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា​-​ឥណ្ឌា នៅក្នុង​រយៈពេល​៧៣​ឆ្នាំ​មកនេះ ហើយ​កិច្ចសហប្រតិបត្តិការ​យោធា​របស់​យើង ត្រូវបាន​ពង្រឹង និង​ពង្រីក​ក​ជា​លំដាប់ រហូតដល់​មាន​ការចុះហត្ថលេខា​លើ លក្ខខណ្ឌ​កិច្ចសហប្រតិបត្តិការ (TOR) រវាង​កងទ័ពជើងគោក​ទាំងពីរ ដែល​បាន បង្កើត​កាលានុវត្តភាព​ថ្មី​ជាច្រើន ក្នុង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងគោក​ទាំងពីរ កម្ពុជា​-​ឥណ្ឌា​។ ឯកឧត្តម បាន​បន្ថែមថា ប្រព័ន្ធ​ហ្វឹកហ្វឺន​សិប្ប​និមិត្ត ដែល​ជា​ជំនួយ​របស់ កងទ័ពជើងគោក​ឥណ្ឌា គឺជា​ការ​ការគាំទ្រ​ដល់​ដំណើរការ​ទំនើប​កម្មវិស័យ​ការពារជាតិ​របស់​កម្ពុ​ជា ដែល​នឹង​ចូល​រួមចំណែក​ដល់​ការបង្កើន​សមត្ថភាព​ប្រតិបត្តិការ​របស់ កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ឯកឧត្តម Vanlalvawna Bawitlung បាន​មានប្រសាសន៍ថា ការផ្តល់​ជំនួយ​ប្រព័ន្ធ​ហ្វឹកហ្វឺន​អាវុធ​ថ្មើរជើង​សិប្ប​និមិត្ត នេះ​គឹ​តប​តាម​សំណើ របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្នុងអំឡុងពេល​ទស្សន​កិច្ច​ទៅ​កាន់​សាធារណរដ្ឋ​ឥណ្ឌា ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម បាន​បន្ថែមថា ជំនួយ​ប្រព័ន្ធ​ហ្វឹកហ្វឺន​សិប្ប​និមិត្ត​នេះ គឺជា​សក្ខីភាព​នៃ​មិត្តភាព​ដ៏​រឹងមាំ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​បង្ហាញ​ពី​គោលបំណង​ក្នុងកា​រ​ពង្រើក និង ពង្រឹង​ទំនាក់ទំនង​មិត្តភាព រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សារ​ធា​រណរ​ដ្ធ​ឥណ្ឌា​បន្ថែមទៀត​។​

​គូសបញ្ជាក់​ផងដែរ​ថា ក្រោយ​មាន​ការ​រ​ចុះហត្ថលេខា​លើ លក្ខខណ្ឌ​កិច្ចសហប្រតិបត្តិការ (TOR) រវាង​កងទ័ពជើងគោក​ទាំងពីរ កាលពី​ឆ្នាំ​២០២៣ កងទ័ពជើងគោក​កម្ពុ​ជា បាន​បញ្ជូន​យោធិន​ទៅ​ហ្វឹកហ្វឺន នៅតាម​បណ្តា​សាលា​នានា​នៅក្នុង​ប្រទេស​ឥណ្ឌា និង​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្វេភាគី​លើក​ទី​១ ឈ្មោះថា CINBAX ដែល​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការលើកកម្ពស់​អន្តរ​ប្រតិបត្តិការ កិច្ចសហប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ការត្រៀមខ្លួន​សម្រាប់​ប្រតិបត្តិការ​រួមគ្នា ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​៕

Leave a Reply

Your email address will not be published. Required fields are marked *