​ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ប្រកាស​ទទួលស្គាល់​ខេត្ត​ប៉ៃលិន​ជា​ខេត្ត​ទី​១៦ ដែល​ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

ខេត្ត​ប៉ៃលិន​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ៦​រោច ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ទីធ្លា​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ខេត្ត​ប៉ៃលិន​ជា​ខេត្ត​ទី​១៦ ដែល​ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) ដែល​មាន​អ្នក​អញ្ជើញ​ចូលរួម សរុប​ប្រមាណ ១ ៤៣០​នាក់​។​

​ជា​កិច្ច​ចាប់ផ្ដើម លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ជម្រាបជូន​អង្គពិធី​ថា នៅ​ទូទាំង​ខេត្ត​ប៉ៃលិន មាន​ខ្នង​ផ្ទះ​សរុប ១៨ ១១៣​ខ្នង​ផ្ទះ ចំនួន​ភូមិ​មាន​បណ្តាញ​ទឹកស្អាត​គ្របដណ្តប់​មាន​ចំនួន ៧៤​ភូមិ ស្មើនឹង ៧៩,៥%, ចំនួន​ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់​សរុប ១៨ ១១៣​ខ្នង​ផ្ទះ ស្មើនឹង ១០០% ក្នុងនោះ​មាន ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់​ផ្ទាល់ខ្លួន​សរុប ១៧ ១៤៤​ខ្នង​ផ្ទះ ស្មើនឹង ៩៥% និង​ខ្នង​ផ្ទះ​ប្រើ​បង្គន់​រួម​សរុប ៩៦៩​ខ្នង​ផ្ទះ ស្មើនឹង ៥%, ស្ថានភាព​ក្រុង​-​ស្រុក​, ឃុំ​-​សង្កាត់ និង​ភូមិ ដែល​សម្រេច​បាន​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល សរុប ២​ក្រុង​-​ស្រុក ស្មើនឹង ១០០% ឃុំ​-​សង្កាត់​ទាំង​០៨ ទទួលបាន ODF ស្មើនឹង ១០០% និង​ក្នុង​ចំណោម ៩៣ ភូមិ មាន​ភូមិ​ចំនួន ៦០ ជា​ភូមិ ODF ស្មើនឹង ៦១% និង ៣៨​ភូមិ ជា​ភូមិ ODF Plus ស្មើនឹង ៣៩%​។ លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍ​នានា​ក្នុង​ខេត្ត​ប៉ៃលិន លើ​វិស័យ​អភិវឌ្ឍន៍ជនបទ ដូចជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ​, ការផ្តល់ជូន​ការងារ មុខរបរ​អាជីវកម្ម​, ការផ្គត់ផ្គង់​ទឹកស្អាត អប់រំ​សុខភាព និង​អនាម័យ ក្នុង​ការលើកកម្ពស់​សុ​ខ​ភាព​អនាម័យ​សាធារណៈ ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល​។ បន្ទាប់មក លោក​នាយករង​ប្រចាំ​ប្រទេស​របស់​អង្គការ​ភ្លែន​អន្ដរជាតិ បាន​លើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការ​ភ្លែន​អន្ដរជាតិ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ក្នុង​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​គាំទ្រ​ខេត្ត​ប៉ៃលិន​ជា​ខេត្ត​គោលដៅ​អភិវឌ្ឍន៍​លើ​ការអនុវត្ត​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ដែល​ជា​ផ្នែក​ដ៏​សំខាន់​ធ្វើឱ្យ​ខេត្ត​នេះ ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​នៅថ្ងៃនេះ​។

​ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​សមិទ្ធផល​នានា ដែល​ខេត្ត​ប៉ៃលិន​សម្រេចបាន នា​ពេល​កន្លង​មក​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ជាពិសេស​ការផ្លាស់ប្តូរ​កម្រិតជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភាពប្រសើរឡើង និង​ការកែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ តាមរយៈ​ការលើកកម្ពស់​ការផ្តល់​សេវា​ទឹក​ស្អាត និង​អនាម័យ ជាក់ស្ដែង​ការសម្រេច​នូវ​ការបញ្ចប់​បន្ទោបង់​ពាស​វាល​ពាស​កាល​នៅ​ទូទាំង​ខេត្ត នាពេលនេះ ព្រមទាំង​បាន​អំពាវនាវ​ដល់​រដ្ឋបាល​ខេត្ត និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​បន្ត​ការចូលរួម​លើ​ការផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ ជាពិសេស​គឺ​ការ​រិះរក​យន្តការ​រក្សា​និរន្តរភាព​ខេត្ត ODF និង​ជំរុញ​ការងារ​ទៅ​សម្រេច ODF Plus​។ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​បន្ថែមទៀតថា សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​ខេត្ត និង​អង្គពិធី​ដ៏​អធិកអធម​នាពេលនេះ អាច​ប្រព្រឹត្តទៅបាន​គឺ​ដោយសារ​គុណបំណាច់​នៃ “​សុខសន្តិភាព​”​ដែល​កើតចេញ​ពី​ការលះបង់​ដ៏​ធំធេង និង​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ដើម្បី​ជាតិ និង​ប្រជាជន ដោយ​យក​ជីវិត​ធ្វើ​ជា​ដើមទុន​របស់ សម្តេច​តេជោ ហ៊ុន សែន ជា​បិតា​សន្តិភាព ស្ថាបនិក​មគ្គុទេសក៍​ឯ​ក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ និង​សន្ដិភាព ដែល​នាំមក​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ​ទូទាំងប្រទេស និង​ក្រោម​ការ​បន្តវេន​ដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ប៉ិនប្រសប់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​បន្តទៀតថា ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​និង​កំពុង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការផ្គត់ផ្គង់​ទឹក ការសំអាត និង អនាម័យ​ជនបទ ដែល​សម្រេច​បាន​អត្រា​គ្របដណ្តប់​ទឹកស្អាត និង​អនាម័យ​ទូទាំង​ប្រទេស​ប្រមាណ ៨៨,៨០% ក្នុងនោះ​អត្រា​គ្របដណ្តប់​ទឹក ៨៦,០៩% និង​អនាម័យ ៩១,៤៧% ហើយ​បាន​កំណត់​ថា នៅ​ឆ្នាំ​២០៣០ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់ និង​ការប្រតិបត្តិ​អនាម័យ ១០០% ព្រមទាំង​រស់នៅ​ក្នុង​បរិស្ថាន​ប្រកបដោយ​និរន្ដរភាព ។​

​សូម​ជម្រាប​ជូន​ផងដែរ​ថា​៖ គិត​ត្រឹម​ថ្ងៃនេះ មាន​រាជធានី ខេត្ត​ចំនួន ១៦​ហើយ ដែល​សម្រេច​បាន​ជា​រាជធានី​-​ខេត្ត បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF+​និង ODF) រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ តាកែវ ខេត្ត​ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ប៉ៃលិន​៕​

Leave a Reply

Your email address will not be published. Required fields are marked *