(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធី «បើកសបា្តហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «សប្តាហ៍គាំពារសង្គមកម្ពុជា» គឺជាវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។ វេទិកានេះ បង្កើតឱ្យមានជាកិច្ចសន្ទនា, ការផ្លាស់ប្ដូរមតិ, ចំណេះដឹង និងឧត្តមានុវត្តន៍អន្តរជាតិរវាងភាគីពាក់ព័ន្ធ។ ជាពិសេសផ្តល់នូវព័ត៌មានជូនសាធារណជន ក៏ដូចជាអ្នកទទួលផលឱ្យបានជ្រាបអំពីអត្ថប្រយោជន៍ ដែលពលរដ្ឋត្រូវទទួលបានពីប្រព័ន្ធគាំពារសង្គមកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញលើកទឹកចិត្តក្រុមប្រឹក្សាជាតិគាំពារសង្គម ឱ្យបន្ដរៀបចំសប្តាហ៍គាំពារសង្គមកម្ពុជា នៅឆ្នាំបន្តបន្ទាប់ទៀត ដោយបង្កើតឱ្យមានកិច្ចពិភាក្សា និងការផ្សព្វផ្សាយអំពីប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យបានកាន់តែទូលំទូលាយរហូតអាចដល់កម្រិតតំបន់ថែមទៀត ហើយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការខ្ពស់ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលនយោបាយអាទិភាពទាំង៣ ដែលពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានមានប្រសាសន៍ថា អាទិភាពគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រប់នីតិកាល គឺការរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាបុរេលក្ខខណ្ឌសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ ជាក់ស្ដែង, កម្ពុជា បាននិងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលធ្វើឱ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ប្រមាណ ៦ភាគរយ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ទោះបីជាកម្ពុជាបានរងកម្មវិបាកអវិជ្ជមានពី វិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិផ្សេងទៀត នាពេលកន្លងទៅក៏ដោយ។ ការរក្សាបាននូវ កំណើនក្នុងកម្រិតនេះ បានប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតទាប តាំងពីឆ្នាំ២០១៥មក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ ត្រូវបានបែងចែកប្រកបដោយសមធម៌ តាមរយៈការវិនិយោគលើវិស័យសុខាភិបាល, វិស័យអប់រំ និងជាពិសេសលើប្រព័ន្ធគាំពារសង្គម ដោយរាជរដ្ឋាភិបាល ទទួលស្គាល់ថា ការវិនិយោគនេះ រួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមមួយ ប្រកបដោយសមធម៌, ភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ បានកើនឡើងជិត៩ដង, ពីប្រមាណ ៣១០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០០០, រហូតដល់ប្រមាណ ២,៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ស្របពេលដែលអត្រានៃភាពក្រីក្របានធ្លាក់ចុះជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ច, សុខសន្តិភាពពេញបរិបូរណ៍, និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាការអនុវត្តនូវការងារកែទម្រង់សំខាន់ៗ ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បាន បោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទីមោទនៈ។ សមិទ្ធផលទាំងនេះ ជាទឡ្ហីករណ៍ជាក់ស្ដែងនៃកិច្ចខិតខំក្នុងគ្រប់កាលៈទេសៈរបស់រាជរដ្ឋាភិបាលបណ្ដានីតិកាលកន្លងទៅ នៃរដ្ឋសភា ក៏ដូចជាបង្ហាញពីលទ្ធផលយ៉ាងច្បាស់លាស់ នៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ត្រូវបានកំណត់ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មូលនិធិជាតិជំនួយសង្គម ដែលជាប្រតិបត្តិករទោលក្នុងប្រព័ន្ធជំនួយសង្គម ត្រូវពង្រឹងយន្តការនៃការបើកផ្តល់អត្ថប្រយោជន៍គាំពារសង្គម ដល់អ្នកទទួលផល និងត្រូវដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ ឱ្យបានទាន់ពេល ព្រមទាំងពង្រីកការផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យសាធារណជន, ជាពិសេសពលរដ្ឋគោលដៅ បានយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងផែនការ និងក្រសួងមហាផ្ទៃ, តាមរយៈរដ្ឋបាលរាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់, ត្រូវធានាថា ការកំណត់អត្តសញ្ញាណត្រូវបាន ធ្វើឡើងចំគោលដៅ និងប្រកបដោយសុក្រឹតភាព ព្រមទាំងត្រូវពន្លឿនការធ្វើ បច្ចុប្បន្នភាព និងការកំណត់អត្តសញ្ញាណពលរដ្ឋគោលដៅឱ្យបានជាប្រចាំ ដើម្បីចៀសវាងនូវការខកខាន ក្នុងការទទួលបានអត្ថប្រយោជន៍គាំពារសង្គម ដោយសារបណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យរបស់ពួកគាត់ មិនត្រូវ បានផ្ដល់ជូន ឬ ផុតសុពលភាព។
* ត្រង់ចំណុចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ក្រុមការងារនីមួយៗដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធានាឱ្យបានថា អ្នក ដែលទទួលបានបណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យ គឺជាពលរដ្ឋដែលជួបការលំបាកពិតប្រាកដ ចៀសវាងការរិះគន់ថា ការផ្តល់បណ្ណទាំងនេះ មិន មានភាពយុត្តិធម៌។ បន្ថែមលើនេះ, រដ្ឋបាលរាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ និង ឃុំ-សង្កាត់ ត្រូវផ្តល់កិច្ចសហការស្អិតល្មួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនអស់លុយនោះឡើយ។ មិនត្រឹមមិនអស់លុយប៉ុណ្ណោះទេ គឺមានថវិកាដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀតផង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្លៃនៃកម្មវិធីជាតិគាំពារសង្គម មិនស្ថិតនៅលើទំហំថវិកាដែលត្រូវចំណាយនោះទេ តែអ្វីដែលសំខាន់ គឺប្រជាពលរដ្ឋទទួលបានផលពិតប្រាកថ។ ត្រូវធ្វើធានាថា ពលរដ្ឋកាន់បណ្ណបេឡាជាតិរបបសន្តិសុខសង្គម គឺទទួលបានសេវាល្អប្រសើរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខ្ទង់ចំណាយថវិកាជាតិប៉ោង ព្រោះការកើនឡើងនៃការចំណាយលើប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងការចំណាយលើកិច្ចគាំពារសង្គម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវជំរុញការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ ដើម្បីសម្រេចបានគោលដៅ ក៏ដូចជាត្រូវបន្តបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តរបបសន្តិសុខសង្គមនានា ព្រមទាំងត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការកែទម្រង់ប្រព័ន្ធ សោធននៅកម្ពុជា។
* បន្ថែមលើនេះ, បេឡាជាតិសន្តិសុខសង្គម ត្រូវពង្រឹងកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយពីគុណតម្ល នៃបណ្ណ ប.ស.ស. និងត្រូវធានាប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងសុក្រឹតភាពនៃកិច្ចប្រតិបត្តិការការងារ ដើម្បីរួមគ្នាជំរុញ ការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស. ឱ្យបានទាន់ពេល និងប្រកបដោយគុណភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សុខុមាលភាព និងជីវិតរបស់ប្រជាពលរដ្ឋ នៅតែជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំរដ្ឋ គោលនយោបាយជាតិគាំពារសង្គម នៅតែបន្តអនុវត្តន៍ ដើម្បីជួយដល់ប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំទីភ្នាក់ងារជាតិបញ្ជាក់ចំណាយដែលជាអង្គភាពមួយចំណុះឱ្យក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវធានាសុក្រឹតភាពនៃការបញ្ជាក់ចំណាយ នៅតាមមូលដ្ឋានសុខាភិបាលផ្តល់សេវា ក្រោមប្រព័ន្ធគាំពារសង្គម នៅទូទាំងប្រទេស ដោយសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល តាមការចាំបាច់ និងឱ្យបានទាន់ពេល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមត្រូវពង្រឹងយន្តការសម្របសម្រួលការអនុវត្តគោល នយោបាយ និងយន្តការតាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមនានា ដើម្បីរួមគ្នាធានាថាគ្មានពលរដ្ឋណាម្នាក់ ត្រូវបានបោះបង់ ដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។ តាមរយៈយន្តការតាមដាន និងវាយតម្លៃនេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវត្រួតពិនិត្យជាប្រចាំ អំពីវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីរួមគ្នាគិតគូរ និងដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធឱ្យបានទាន់ពេល៕